កូនអ្នកលក់សណ្តែកបណ្តុះ

Not allow reviews

អត្ថបទ

   
     ម៉ែ! ម៉ែ! ម៉ែហត់ពេកហើយ ម៉ែល្មមឈប់ទៅលក់បន្លែ លក់ត្រីបែបហ្នឹងទៀតទៅ យើងមិនលំបាកដូចមុនទៀតទេ បងៗ ប្អូនៗ និងកូនមានការងារធ្វើអស់ហើយ ប្រាក់ខែកូនៗ ល្មមអាចជួយផ្គត់ផ្គង់ជួយម៉ែនិងពុកបានរាល់ខែ មិនបាច់ហត់ដូចនេះទៀតទេ កូនៗបានពិភាក្សាគ្នាថា មិនចង់ឲ្យម៉ែនិងពុកហត់ទៀតទេ ម៉ែមើលសរសៃដៃម៉ែមើល៎! សរសៃឡើងដូចខ្សែពួរទៅហើយ។
«ម៉ែតប» កូនមាសម្តាយអើយ! ម៉ែដឹងថាកូនៗប្រកបដោយគន្លងធម៌ មិនដែលធ្វើឲ្យគ្រួសារលំបាកទេ។ យើងក្រលំបាកយូរណាស់មកហើយ តាំងពីពួកកូននៅតូចៗ អញ្ចឹងក្តីលំបាកវាជាទម្លាប់ទៅហើយរបស់គ្រួសារយើង។ បើមិនបានធ្វើមិនបានលក់ដូរ របស់បន្តិចបន្តួច ដូចជាត្រី បន្លែដែលពុកឯងខំដាំនោះ ម៉ែអផ្សុកណាស់ នៅមិនសុខទេ។ កូនឯងមាននៅចាំអត់ កាលពួកកូនឯងនៅតូចៗ ម៉ែទូលសណ្តែកបណ្តុះទៅលក់នៅផ្សារ ចម្ងាយរាប់គីឡូដីពីផ្ទះយើង ម៉ែទូល រីឯកូនៗយួរទឹកដាក់ពីដុង ម្នាក់១ពីដុង២ពីដុងនោះ ដោយហេតុថាកាលនោះ ពិបាកសុំទឹកគេណាស់ ហាមាត់សុំទឹកគេសម្រាប់ដាក់សណ្តែកលក់គេថា ទឹកគេថ្លៃណាស់ គេមិនអាចឲ្យទទេៗទេ គេមិនឲ្យគេសុខចិត្តលក់ យើងចំណេញសណ្តែកតិចតួចខំសន្សំលុយពីកំទេចលុយ ដូច្នេះទ្រាំយួរទឹកពីផ្ទះ មិនទិញគេទេ ចាំបានទេកូនម្តាយ?
សម្តីម៉ែប្រាប់រំលឹកពីគ្រាមួយនោះ ហាក់ដាស់អតីកាលខ្ញុំឲ្យភ្ញាក់ពីដំណេកហើយ ជាអតីតកាលដែលជូរចត់ ហើយក៏ជាអតីតកាល ដែលបង្រៀនខ្ញុំឲ្យស្គាល់ថាអ្វីទៅជាភាពលំបាកនៃជីវិត ហើយចេះប្រឡូកខ្លួនឲ្យស្គាល់ទីផ្សារ ទោះបើពេលនោះ មិនដឹងមិនយល់អត្ថន័យថាអ្វីទៅ«ទីផ្សារ»ក៏ដោយ តែក៏អាចគិតបានថាទីផ្សារ គឺជាការលក់ទំនិញហើយទទួលយកប្រាក់។ ម៉ែជាអ្នកបង្រៀនកូនឲ្យចូលទៅស្គាល់ទីផ្សារដំបូងគេ ពីមុនកូនបាននិយាយថាពុកជាវីរបុរសដ៏អស្ចារ្យក្នុងចិត្តកូន តែម៉ែក៏ជាវីរនារីដ៏អស្ចារ្យផងដែរក្នុងចិត្ តនិងបេះដូងកូន កូនស្រលាញ់ពុកម៉ែ។
បាទ!ម៉ែកូនចងចាំមិនដែលភ្លេចទេ
✓ម៉ែ! ហើយម៉ែយួរធុងអីគេជាប់នឹងដៃនោះម៉ែ?
✓ម៉ែទៅយកបាយជ្រូក នៅហាងគុយទាវមួយនោះ គេសល់បាយសំណល់កាកគុយទាវច្រើនណាស់ ម៉ែទៅយកទុកឲ្យជ្រូក ឲ្យទាស៊ី។
✓កូនទៅដែរ មកហុចមកនេះកូនជាអ្នកយួរ។
✓មិនបាច់ទេកូន! កុំឲ្យកូនឯងខ្មាសគេ ស្លៀកពាក់ដូចកូនឯង គេមិនថាទៅយកបាយជ្រូកទេ គេនឹងថាទៅចូលរកតុអង្គុយហៅគុយទាវគេហូបទៅវិញទេ។
✓រឿងអីកូនត្រូវខ្មាសគេនោះម៉ែ កូនមានតែមោទគភាពទៅវិញទេ ដែលមានអ្នកម្តាយម្នាក់ ដែលសុខចិត្ត ទ្រាំលំបាកគ្រប់យ៉ាងតាំងពីកូនតូច ដល់កូនធំទៅហើយក៏ម៉ែនៅតែទ្រាំលំបាក។ កុំភ័យម៉ែ បើម្ចាស់ហាងគុយទាវ គាត់សួរថាមកហូបគុយទាវគាត់ ចាំកូនប្រាប់គាត់ថាកូនជាកូនម៉ែ ហើយមកនេះមិនមែនមកហូបគុយទាវទេ គឺមកសុំកាកគុយទាវសល់ៗនោះ យកឲ្យជ្រូកស៊ី។ អ្នកលក់គុយទាវ គាត់មិនកំណាញ់ដូចអ្នកលក់ទឹក ដែលយើងសុំទឹក យកទៅដាក់សណ្តែកលក់ទេណាម៉ែ។ អុីម៉ាប់!លក់គុយទាវនោះគាត់ប្រហែលភ្លេចមុខកូន តែកូននៅចាំមុខគាត់មិនភ្លេចទេ៕

ជាទឹកចិត្តម្តាយខ្ញុំ
ស្នេហ៍ទេ? បើខ្ញុំត្រឹមជាកូនអ្នកលក់សណ្តែកបណ្តុះម្នាក់ប៉ុណ្ណោះ
@កវីសន្សើមត្រជាក់

Similar Products

8921219749580522505

Add a review