ព្រៃវែងខុសអ្វី?

Not allow reviews

អត្ថបទ


     ព្រៃវែងកំលោះទឹកចិត្តមោះមុតដូចបង ហាក់មិនអស់ចិត្តចង់ចេញមកបកស្រាយឲ្យអូនបានយល់កុំឲ្យអ្នកថាហ្នឹងចេះតែបានចិត្ត ស្នេហ៍បងទេ? បើបានបងមិនឲ្យជីវ៉ាពិបាកចិត្តថ្នមថ្នាក់ល្ងាចព្រឹកពេញ២៤ម៉ោង ទោះកាយឆ្ងាយហត្ថាក៏ដូចជិតព្រោះសម័យនេះទៅហើយ អ៊ីនធើណិតចង់ជួបលឿនដូចហោះ។ បងនឹងរៀបរាប់ពីទឹកចិត្តស្នេហ៍ពីកំលោះព្រៃវែងដូចបងមានចំពោះអូន បើព្រមស្នេហ៏បង បងនឹងផ្គាប់យកចិត្តគ្រប់យ៉ាង ព្រឹកព្រលឹមភ្ញាក់ពីគេងសំលេងផ្ញើសារដាស់អូនរាល់ថ្ងៃ និយាយអរុណសួរស្តីអូនសម្លាញ់! ក្រោកហើយឬនៅ? នឹកអូនមុនគេបានត្រឹមស្តាប់សំលេងបន្តិចក៏បងអស់ចិត្ត គេងយប់ឡើងកុំភ្លេចដណ្តប់ភួយពេលរងារ ថែខ្លួនផងណាពេលគ្មានបងនៅក្បែរ ចេញក្រៅកុំភ្លេចអាវដៃវែងអាកាសធាតុរងារណាស់ យប់គេងលក់សុបិន្តល្អៗ បងនឹងកំដរអូនបំពេដោយសំលេងបងរហូតដល់អូនទោរទន់ភ្នែកលង់លក់ដំណេក រាត្រីសួរស្តីអូនសម្លាញ់រាជនីម្ចាស់ចិត្តនៃបង!ទោះកាយឆ្ងាយយ៉ាងណាតែចិត្តកៀកមាសស្នេហ៍មិនដែលរបូត។ អូនអើយពីមុនគេដៀលរើសអើងបង្អាប់អ្នកអាយធីតែលើកនេះធ្លាក់លើអ្នកព្រៃវែងវិញម្តងមិនដឹងជាព្រៃវែងខុសអ្វីទេទើបគាត់កើតទុក្ខមិនចូលចិត្តអ្នកព្រៃវែងអ្វីម៉្លេះ ខ្មែរដូចតែគ្នាទេតើ។
   មិនតបថាមិនតប មិនតថាមិនត តែបើស្ងៀមពេកគាត់ចេះតែបានចិត្តមិនអាសូរដល់ដើមទ្រូងទឹកចិត្តអ្នកព្រៃវែងបន្តិចសោះឡើយ ឆ្ងល់ថាហាក់ដូចដក់ក្នុងចិត្តគាត់ឬចេះតែលឺគេផ្លែផ្កាបង្អាប់អ្នកព្រៃវែងក៏បន្ទរថាតាមគេដែរ ចង់ប្រាប់ថាព្រៃវែងទឹកដីនេះមនោរម្យណាស់មានទេសភាពត្រជាក់ភ្នែកវាលស្រែខៀវស្រងាត់នាវស្សារដូវប្រាំងចូលមកដល់ទេសភាពប្រែផ្លាស់ពណ៌ទៅជាមាសសម្រស់ស្រូវទុំ ឈ្ងុយឈ្ងប់ទឹកអប់ធម្មជាតិប្រហើរដល់ច្រមុះពេលដំណើរឆ្លងកាត់ក្បែរ ហាក់មិនមានអ្វីឲ្យទាស់ចិត្តបន្តិចផង​ អាចថាស្បែកខ្មៅតែចិត្តវិញមិនខ្មៅនោះទេ​ ខ្មៅតែស្បែកចិត្តជ្រះថ្លាជាធម្មតាទៅហើយស្រុកស្រែណាមិនមែនស្រុកផ្សារលាបឡេម្សៅឯណាម្តេចអាចសបាននោះ​ តែនៅតែអះអាងថាចិត្តសបរិសុទ្ធ។ តែណ្ហើយមិនបាច់រៀបរាប់ក៏ដឹងថាមានចំនួនដ៏ច្រើននឹងយល់ស្រលាញ់ចូលចិត្តព្រៃវែង មានតិចតួចប៉ុណ្ណោះដែលថាបង្អាប់អ្នកព្រៃវែងបាយមិនបានបក់មិនត្រជាក់ផ្តើមប្រកាន់ខេត្តដែលកើតអាងអីស្រែក និយាយថា ស្អប់ណាស់អ្នកព្រៃវែង ទាំងក្រុមអ្នកព្រៃវែងមិនបានធ្វើអ្វីគាត់ផង បើគាត់អស្ចារ្យមែនគាត់ពិតអាចរើសទីកន្លែងកំណើតសម្រាប់ខ្លួនគាត់បានបាត់ទៅហើយ ហើយបើគំនិតមហារាក់ដូចគាត់បែបអញ្ចឹងៗកើត ទីណាក៏ដោយក៏គង់ទើសមិនចេះត្រូវជាមួយគេដែរ ទោះបើចាប់កំណើតនៅទឹកដីមនុស្សភពផ្កាយ(អេលាន)ក៏ដោយក៏គង់នៅទើសប្រកាន់ទីរស់នៅដែរ មិនដឹងរស់នាំធ្ងន់ផែនដីធ្វើអ្វីទេ។
  ចង់សំណូមពរដ៏តូចមួយទៅកាន់អ្នកប្រកាន់ខេត្តព្រៃវែង រើសអើងមិនឲ្យតម្លៃទឹកដីខេត្តនោះអាចចំណាយពេលបន្តិចប្រហែល៥នាទីយកម្រាមដៃចង្អុលទៅគោះក្បាលខ្លួនឯងត្រង់ផ្នែកសៀតផ្កាខាងលើត្រចៀកថ្នមៗ២ដង ហើយសួរខ្លួនឯងថាពេលនេះអ្នកអាចជាមនុស្សដែលគេចាត់ទុកថាជនដែលមានខួរក្បាលវង្វេងប្រវត្តិសាស្រ្តដែរឬទេ? គ្រាន់តែខេត្តក្នុងទឹកដីខ្មែរជាមួយគ្នាផ្តើមមិនពេញចិត្តមិនព្រមបើកចិត្តទៅហើយ ចុះទម្រាំទឹកដីខ្មែរដែលបាត់បង់ដូចជាទឹកដីកូស៊ាំងស៊ីន កម្ពុជាក្រោម ឬកោះត្រល់ទៀតមិនដឹងជាគាត់រើសអើងយ៉ាងណាទៀតទៅ។ ពិតជាអាសូរដល់មនុស្សដែលមានខួរក្បាលវង្វេងប្រវត្តិសាស្រ្តបែបនេះណាស់ ខួរក្បាលទំហំនិងទម្ងន់ប្រហាក់ប្រហែលគេដែរតែគំនិតបែរដូចគេនិយាយថា គំនិតនិងសម្តីមហាឱរាក់កំភែល៕
ចប់វាចាត្រឹមនេះ ខ្ញុំស្រលាញ់ចូលចិត្តស្នាមញញឹមអ្នកខេត្តព្រៃវែង :) រីឯអ្នកខេត្តផ្សេងក៏គួរឲ្យស្រលាញ់ចង់រាប់អានដូចគ្នា :)
អរគុណ។
អត្ថបទដោយ៖កវីសន្សើមត្រជាក់

Similar Products

2921572328113569435

Add a review