វិបត្តិផ្លូវចិត្តស្មុគស្មាញជាងរៀនគំនូរ3DAnimation

Not allow reviews

អត្ថបទ

   ជាវិបត្តិដែលក្តៅងំ ហើយឆាបឆួលម្តងៗ ពិបាករកផ្លូវដោះស្រាយ ត្រូវការអ្នកប្រឹក្សាផ្តល់យោបល់ ផ្តល់កម្លាំងចិត្ត។ទោះជាពេលនេះមានអ្នកនៅក្បែរ ដូចជាបងប្អូន ឪពុកម្តាយ មិត្តភក្កិ ជ្រោមជ្រែងលើកទឹកចិត្តច្រើនក៏ដោយ តែពេលខ្លះហាក់ដូចជានៅមិនទាន់គ្រប់គ្រាន់។ និយាយបែបនេះក៏មិនមែនមានន័យថា ត្រូវការស្នេហានោះទេ។ តាមពិតទៅពេលខ្លះអារម្មណ៍ស្នេហា គិតចង់កប់ទុកមនោសញ្ចេតនា ​មួយរយៈពេលសិន យូរប៉ុណណាក៏មិនដឹង ព្រោះប្រហែលដោយសារអារម្មណ៍ខ្លាចរអារ ដូចជាចង់រាងចាលក្នុងរឿងស្នេហា។ វិលវល់ណាស់ពេលនេះ ពេលខ្លះដូចជាដើរដល់ផ្លូវទ័ល យ៉ាងម៉េចក៏មិនដឹង។ ចង់ឈានជើងដើរទៅមុខ តែនៅស្រណោះជំហានខាងក្រោយ ចង់បត់ស្តាំ តែនៅគិតថាខាងឆ្វេង ក៏ជាផ្លូវត្រូវបត់។ ស្មុគស្មាញពិបាកសម្រេចចិត្តណាស់ ពិបាកយល់ស្ទើរបែកកម្មដ្ឋាន វាពិតជាពិបាកជាងទៅរៀនជំនាញគំនូរ3D Animationទៅទៀត។ រៀនជំនាញមួយនេះ គឺឈឺក្បាលវិលមុខណាស់ ត្រូវគិតគំនិតបង្កើតតួអង្គ ទីតាំង ដាក់ពណ៌នេះ ពណ៌នោះ ជួនកាលត្រឹមគូររូប១ ប្រើរយៈពេលមួយអាទិត្យ នៅមិនទាន់គូររួចរាល់ផង ត្រូវបង្វិលឆ្វេង បង្វិលស្តាំ ពិនិត្យជ្រុងនេះ ពិនិត្យជ្រុងនោះ។ គូរគំនូរ3Dអាចចំណាយពេលមួយអាទិត្យ តែគូរគំនូរជីវិតវិញប្រើពេលមួយជីវិត ប្រហែលគូរមិនហើយផង ព្រោះវាជាគំនូរនៃវិបត្តិផ្លូវចិត្ត ឬជាគំនូរនៃដំណើរជីវិត អាចត្រូវប្រើពណ៌ច្រើន ច្រើនក្បាច់រចនា។
     ខួរក្បាលពេលនេះប្រៀប ដូចជាជញ្ជីងថ្លឹង ត្រូវថ្លឹងពិចារណាថាសម្រេចមួយណាឲ្យត្រូវ ម្ខាងកូនប្រុសជាទីសំណព្វចិត្ត ម្ខាងទៀតឱកាសការងារ ដែលស្រលាញ់ស្ទើរពេញបេះដូង។ បើនៅពិតត្រូវបាត់ឱកាស តែបើទៅ កូនត្រូវព្រាត់ម្តាយ ព្រាត់នោះមិនមែនឆាប់វិលវិញជួប អាចខានក្បែរច្រើនឆ្នាំ។ ជីវិតមួយនេះរែកពុន ទម្ងន់ទុក្ខសោកច្រើនពេកហើយ ពេលណាឡើយទើបបានស្បើយខ្លះទៅ? ប្រឹងណាស់ ប្រឹងមិនទំនេរដង្ហើម ប្រឹងទាំងកើតទុក្ខ តែបានត្រឹមលាក់សោកាម្នាក់ឯងមិនចង់វាចា។ ឃើញញញឹមៗ បែបនេះមិនមែន មានន័យថាសប្បាយរហូតនោះទេ ស្នាមញញឹមខ្លះគ្រាន់តែជា ស្នាមញញឹមលាក់បន្លប់អារម្មណ៍ ដែលសោកសៅប៉ុណ្ណោះ។ តាមពិតទៅអ្នកដែលដឹងថាឈឺប៉ុណណា គឺមានតែអ្នកដែល កំពុងញញឹមសោកសៅម្នាក់នេះហើយ។


ជាសាច់រឿងនៃបងស្រីម្នាក់ ជូនជាការលើកទឹកចិត្តមួយផ្នែកតូច ប្រហែលជាការពណ៌នា មិនអាចរៀបរាប់អស់ ពីទំហំទឹកចិត្តដែលក្រៀមក្រំរបស់បង តែសង្ឃឹមថាវាអាចជាកម្លាំងចិត្តមួយ អាចឲ្យបងស្រីអាចធូរចិត្តបានខ្លះ។ បើមានពេល ខ្ញុំនឹងសរសេរអត្ថបទមួយទៀត ក្នុងការរកវិធីបែបណា ដើម្បីកាត់បន្ថយ ឬដើរជៀសពីភាពស្មុគស្មាញទាំងនោះបាន។ ខ្ញុំក៏ពិបាកសន្និដ្ឋានពីអារម្មណ៍នេះដែរ ព្រោះជីវិតខ្ញុំមិនទាន់ឆ្លងកាត់ ជីវិតមានមានកូន មានគ្រួសារ ហើយត្រូវរងបន្ទុកអំរែកដ៏ធ្ងន់បែបនេះ តែខ្ញុំនឹងប្រឹងស្រាវជ្រាវ សាកសួរ ប្រមូលសាច់រឿងពីអ្នកដែលធ្លាប់ជួបរឿងនេះ ដើម្បីចងក្រងជាអត្ថបទ ហើយបើកវេទិការពិភាក្សាបញ្ចេញមតិយោបល់ទាំងអស់គ្នា៕
អត្ថបទដោយ@កវីសន្សើមត្រជាក់

Similar Products

5927059354306955003

Add a review