មិត្តភាពបែកញើស

Not allow reviews

អត្ថបទ

   
     មិនមែនន័យធៀប ហើយក៏មិនមែនន័យជ្រៅ គឺជាចំណងជើងក្នុងន័យចំ តែអាច​គិតក្នុងន័យណាក៏បាន ន័យស៊ីជម្រៅ ជ្រៅៗ ឬក៏រាក់ៗព្រោះជាវេទិកាបើកចិត្តក្នុងការគិត និងក្នុងការបញ្ចេញមតិយោបល់។ អញ្ចឹងពេលនេះ ចូលទៅកាន់សាច់រឿងតែម្តងកុំឲ្យខាតពេល នៅចាំបានថាកាលពីនៅតូចអាយុប្រហែល៤ឆ្នាំ ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំឲ្យចាប់កាន់សៀវភៅលើកដំបូងបង្អស់ក្នុងជីវិតខ្ញុំ គាត់ជាវីរៈបុរសដ៏អស្ចារ្យម្នាក់សម្រាប់ខ្ញុំ។ ខ្ញុំប្រើរយៈពេលច្រើនថ្ងៃ ដើម្បីហាត់រៀនអានសៀវភៅ លើកកាន់អានពេលនោះ អាចជាការកាន់សៀវភៅមួយក្បាល ដែលមានអាយុបងខ្ញុំ ដោយសារជាប្រភេទសៀវភៅដែលបានបោះពុម្ពមុនខ្ញុំទទួលបានឃើញពន្លឺថ្ងៃ។ រៀនអានចុះ អានឡើងទៅដល់សុភាសិតមួយ"ចង្កឹះមួយដើមគេងាយនឹងកាច់បាក់ តែចង្កឹះមួយបាច់គេកាច់មិនបាក់" អានដល់ឃ្លានេះ ខ្ញុំក៏ងាកទៅសួរពុក ពុក! ពុក! នេះគេហៅថាអ្វីទៅ? ពុកឆ្លើយតបមកវិញ គេហៅថាសុភាសិត​ ខ្ញុំក៏សួរបន្តទៀតថា អ្វីទៅដែលហៅថាសុភាសិតនោះពុក? ពុកក៏ឆ្លើយប្រាប់ថា សុភាសិតគឺជាពាក្យទូន្មានប្រៀន​ប្រដៅ ឬជាពាក្យដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្ដាប់
អញ្ចឹងមានន័យថាពាក្យដែលពុកទូន្មានប្រដៅកូនរាល់ថ្ងៃក៏ជាសុភាសិតដែរ មែនទេពុក?
ពុកឆ្លើយ ត្រូវហើយ ហើយនេះរំពាត់មែកកន្ទួតដែលពុកទុកនៅក្បែរនេះ ក៏ជាពាក្យទូន្មានប្រដៅកូនដែរ ពេលកូនឯងខូចប្រដៅមិនស្តាប់
ខ្ញុំ ស្រែក ង៉ាង! ហើយសំលឹងមើលមុខពុក ហេសហេស! កូនមិនទាន់ខូច មិនទាន់មិនព្រមស្តាប់បង្គាប់ពុកផង កូនសន្យាថាបើពេលកូនមិនស្តាប់ពុក កូនសុខចិត្តឲ្យពុកប្រើរំពាត់នេះដើម្បីសុភាសិតកូន ពុកលឺដូចនោះគាត់សើច នេះបានចំជាកូនពុកមែន។
ជាការពិតណាស់ការសាងសង់មិត្តភាពមួយៗ ឡើងមិនមែនជាភាពងាយស្រួលនោះឡើយ មិនថា មិត្តភាពមិត្តភក្តិ មិត្តភាពការងារ ឬមិត្តភាពស្នេហា ដូច្នេះបើបណ្តុះមិត្តភាពឲ្យដុះពន្លក លូតលាស់ឡើងហើយ គប្បីគួរណា ថែរក្សាវាឲ្យបានល្អ ព្រោះបើពេលដែលបាត់បង់ហើយ មិនងាយនឹងផ្សះផ្សាបានដូចដើម​វិញបានទេ ប្រៀបដូចជាកែវដែលបែកប្រេះស្រាំដូច្នោះដែរ ជាកែវដែលប្រេះស្រាំ ខំប៉ះយ៉ាងណាក៏នៅតែមានស្នាមប្រេះ។ ការសន្សំមិត្តភាពតាមរយៈវិធីណាមួយឡើង សុទ្ធត្រូវការចំណាយ កម្លាំងចិត្ត កម្លាំងកាយ ពេលខ្លះចំណាយដល់លុយកាក់ទៅទៀត​ ហូរញើសស្រក់ញើស ច្រើនមិនល្ហែ បើអញ្ចឹង បែបហ្នឹងទៅហើយនោះ កុំឲ្យញើសដែលស្រក់នោះ វាស្រក់ទៅដល់ដីអត់ប្រយោជន៍ហើយអសារបង់ មោឃៈទទេៗនោះ។ នៅក្នុងអត្ថបទមុនដែលសរសេរឡើងក្រោមចំណងជើងថា #ថ្នាំកម្លាំងចិត្ត ក្នុងនោះគឺមានសរសេរបង្កប់ថា ចូលចិត្តអីធ្វើនោះទៅ ឲ្យតែគិតថាមានប្រយោជន៍ហើយមិនប៉ះពាល់ដល់អ្នកណាម្នាក់ ជីវិតរបស់យើងបំពេញចិត្តយើងកុំបំពេញចិត្តអ្នកដទៃពេក​ ចូលចិត្តកាហ្វេផឹកកាហ្វេ ចូលចិត្តចម្រៀងស្តាប់ចម្រៀង​ ចូលចិត្តកីឡាលេងកីឡា ស្រលាញ់មនុស្សម្នាក់ ក៏ស្រលាញ់ដាក់គេក្នុងបេះដូងទៅ តែក៏អាចហត់ចិត្ត ស្រក់ញើស ធ្លាក់គំហុកចិត្ត ហត់ដោយសារក្តីស្រលាញ់... រីករាយផង កើតទុក្ខផង​ ហូរស្រក់ញើសច្រើនមិនតិច។ មានឃ្លាសុភាសិតជាច្រើនដែលមានអត្ថន័យស្រដៀងនេះ
✓មនុស្សមិនអាចរស់នៅកំសត់ឯកា ដូចកោះបានឡើយ
✓សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់
✓ដើរឲ្យមានបី ស្រដីឲ្យមានបួន
✓មិត្តមួយថ្ងៃ មិត្តមួយជីវិត
✓នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ...៕


សរសេរពេលខ្លះក៏ស្រក់បែកញើស ដោយសារអាកាសធាតុក្តៅ មិនមែនដោយសារកំដៅផ្លូវចិត្តពី@កវីសន្សើមត្រជាក់

Similar Products

3961990882491439315

Add a review