ព្រហើន

Not allow reviews

អត្ថបទ

 
     ព្រហើនទាំងគេ ព្រហើនទាំងខ្ញុំ ខ្ញុំព្រហើនត្រង់ទទួលលួចយក ទឹកមុខដ៏ស្រស់ប្រិមប្រិយ ញញឹមញញែមពេលសើចតិចៗរបស់នាង មកដាក់ចូលក្នុងបេះដូង នារីម្នាក់នោះក៏ព្រហើនត្រង់ថាសម្រស់មន្តស្នេហ៍ផ្ទៃមុខនាង រត់ត្របាញ់ចូលមកក្នុងបេះដូងខ្ញុំ និយាយទៅគឺលង់ស្រលាញ់នាងទាំងដែលនាងមិនដឹងខ្លួន ដូច្នេះខ្ញុំជាមនុស្សបេះដូងព្រហើន។ ទើបបានឃើញមុខដំបូង ពេលនាងមកលេងផ្ទះ មិនដឹងថាជាអ្វី អាចជាបងប្អូន តែប្រហែលជាបងប្អូនសាច់ឆ្ងាយ​ ឬក៏ត្រឹមជាកូនស្រីរបស់អ្នករាប់អានគ្នារវាងចាស់ៗ អត់ដឹងម៉េចដែរ លង់បាត់ទៅហើយ ជាចិត្តដែលព្រហើនខុសទំនង តែខ្ញុំជាមនុស្សចង្រៃឱកាសបាត់ទៅហើយ ព្រោះគ្មានពេលឡើយបានសួរនាំជជែក ជាមួយនាងច្រើន សូម្បីឈ្មោះនាងក៏មិនស្គាល់ផង។ ពេលល្ងាចចេញពីធ្វើការទៅដល់ផ្ទះបានជួបលោកយាយ ដែលគាត់ស្គាល់ម្តាយឪពុកខ្ញុំយ៉ាងច្បាស់ ខ្ញុំក៏ស្គាល់គាត់ដែរ ដោយសារពីមុនគាត់ឧស្សាហ៍មកលេងដែរ តែពេលនេះគាត់មិនមែនមកលេងតែម្នាក់ឯងឯណា គឺគាត់មកជាមួយចៅស្រីគាត់ដែរ ខ្ញុំលើកដៃជំរាបសួរលោកយាយ ជំរាបសួរ យាយ! យាយមកដល់ពីអង្កាល់? ដូចបាត់មុខយាយយូរ មិនសូវដែលមកលេងសោះ! លោកយាយខ្ញុំតប៖ អើ! យាយរវល់ ឥឡូវមកហើយតើ! នារីម្នាក់ដែលឈរនៅក្បែរលោកយាយក៏លើកដៃជំរាបសួរខ្ញុំដែរ ជំរាបសួរបង! អមដោយមកទាំងស្នាមញញឹមថ្ពាល់ខួចមានស្នេហ៍ទៅទៀត ខ្ញុំតបទៅវិញក្នុងន័យរាក់ទាក់ ដោយខ្ញុំលើកដៃសំពះវិញ បាទ!ជំរាបសួរ!។ បានជជែកលេងជាមួយលោកយាយ បានច្រើនមួយសន្ទុះធំដែរគាត់សួរនាំពីសុខទុកម្តាយឪពុកខ្ញុំ នៅឯស្រុកតើសុខទុក្ខយ៉ាងណាដែរ ខ្ញុំបានរៀបរាប់តាមដំណើរហូរហែ រីឯចៅស្រីគាត់មិនបាននៅជជែកទីនោះផង គឺនាងបានទៅសម្ងំ នៅក្នុងបន្ទប់មួយដែលនៅក្បែរជាប់បន្ទប់ខ្ញុំដែរ ដែលជាបន្ទប់មួយទំនេរសម្រាប់ទទួលភ្ញៀវ ឬញាតិមិត្តបងប្អូនមកលេងនិងសម្រាកម្តងៗ។ ខ្ញុំហ៊ានថាខ្ញុំចង្រៃឱកាសដោយសារបានត្រឹមឃើញមុខនាងខ្លីពេក គឺពេលល្ងាចពេលដែលខ្ញុំត្រលប់ពីធ្វើការទៅដល់ផ្ទះ ពេលស្រស់ស្រូបអាហារពេលល្ងាចជុំគ្នា និងពេលព្រលឹមព្រឹកឡើងដែលនាងនិងលោកយាយត្រូវត្រលប់ទៅផ្ទះវិញ ខ្លីមែន បានត្រឹមឃើញមុខបីពេល ខ្លីពេលសម្រាប់ខ្ញុំតែអាចលង់ចិត្តរយៈពេលវែង។ និយាយដោយត្រង់ ហើយអាចនឹងមានអ្នកគិតថា ខ្ញុំមនុស្សជាភ្នែកព្រានព្រហើន ហ៊ានលង់លឿន លឿនជាងផ្លេកបន្ទោរទៅទៀត ទប់មិនជាប់ទេវេលានោះ ពេលនោះជាពេលថ្មីៗ ល្ងាចមិញតែម្តង សុខចិត្តឲ្យគេថាខ្ញុំជាភ្នែកព្រានទៅចុះពេលនេះ ព្រោះភ្នែកខ្ញុំលួចសំលឹងមើលមុខនាងពិតមែន ហើយក៏មិនចង់លាក់ចេតនានៃបេះដូងមួយនេះទេ បើបានបរិយាយក្នុងសំណេរប្រហែលអាចធូរទ្រូងបានខ្លះ ក៏ដាច់ចិត្តរៀបរាប់ក្នុងអត្ថបទនៅទីនេះតែម្តង។ និយាយត្រង់នោះគឺថា​ គឺថា ហ៊ឹម!!!​ដាច់ចិត្តរ៉ាយរ៉ាប់ហើយ! ខ្ញុំលង់នាងដោយសារបបូរមាត់ដែលញញឹមស្រស់ លាបក្រែមក្រហម ថ្ពាល់ខួចទាំងសង សំបុរស្រអែមខ្មៅមិនខ្មៅ សក៏មិនស ល្មមចិត្តខ្ញុំបេតី តែអ្វីដែលទាញចិត្តខ្ញុំឲ្យស្រលាញ់ខ្លាំងជាងគេនោះ មុខមុនតិចៗ មុខមុនមានមន្តស្នេហ៍ ខ្ញុំស្រលាញ់ស្រីដែលមានមុខមុនតិចៗ លង់ដកចិត្តមិនរួច សន្មតថាការរ៉ាយរ៉ាប់រាប់រៀបរឿងបេះដូងព្រហើននៃខ្ញុំ ត្រឹមហ្នឹងសិនចុះ បើមានពេលមានឱកាសសំណាង បានជួបនាងម្តងទៀត ចាំគិតមានសំណេរបន្តទៀត៕
អត្ថបទបង្ហើរហើរផ្សងចិត្តដោយ@កវីសន្សើមត្រជាក់

Similar Products

8387317425492927197

Add a review