មើលងាយ

Not allow reviews

អត្ថបទ

   
   ចុះពីលើម៉ូតូមិនទាន់ទាំង វាយជន្ទល់ម៉ូតូឲ្យទ្រេត ដើម្បីចតស្រួលបួលផង​ បុរសម្នាក់ដើរសំដៅមកស្វាគមន៍ខ្ញុំយ៉ាងលឿន រាក់ទាក់ខ្លាំងមែនទែន ធ្វើដូចស្គាល់គ្នាតាំងពីពេលណាអញ្ចឹង ខ្ញុំមិនដែលស្គាល់គាត់សោះតែម្តង ហើយក៏មិនដែលទៅទីនោះសូម្បីម្តង ត្រឹមធ្លាប់ជិះកាត់ បុរសម្នាក់នោះគឺជាសន្តិសុខយាមនៅមុខហាងHongKong Shop Centerសាខាទួលទំពូង គាត់មករាក់ទាក់ខ្ញុំខ្លាំង ដោយអមហុចដោយក្រដាសសំបុត្រកិបម៉ូតូ១សន្លឹក ដោយនិយាយថា សួស្តី បងប្រុស សុខសប្បាយទេថ្ងៃនេះ? អញ្ជើញទិញរបស់អីដែរ មានច្រើនណាស់បង របស់ល្អៗតែម្តង ខ្ញុំក៏ទទួលយកសំបុត្រម៉ូតូនោះ ហើយតប បាទ! សុខធម្មតាទេ! ខ្ញុំគិតថាមកចង់រកទិញប៊ិក១ប្រអប់ទុកគ្រាន់សរសេរ មាត់និយាយតបមែនតែក្នុងចិត្តខ្ញុំក៏កំពុងគិតដែរ សន្តិសុខម្នាក់នេះគាត់មានជំនាញមិនធម្មតាមែន ពូកែសម្តីមែន មិនសង្ហា តែសំដីគាត់ដូចស្វាគមន៍ហើយម៉ត់ចត់នឹងការងារតែម្តង បញ្ជាក់បន្តិចខ្ញុំសរសេរដាក់ឈ្មោះហាងនិងទីតាំងបែបនេះ មិនមែនបំណងចង់ផ្សព្វផ្សាយការលក់ឲ្យហាងនោះទេ គ្រាន់ចង់ប្រាប់មិត្តៗប្រសិនចៃដន្យបានទៅទិញ របស់នៅហាងមួយនោះ អ្នកអាចសម្គាល់មើលពីគាត់បាន តើដូចដែលខ្ញុំនិយាយដែរឬទេ?។ បន្ទាប់ពីនិយាយនិងគិតក្នុងចិត្តរួចហើយខ្ញុំក៏ដើរចូលទៅក្នុងហាង ដោយមានការបើកទ្វារពីគាត់ឲ្យខ្ញុំទៀត ចូលទិញបានប៊ិក១ប្រអប់ហើយ ដោយមិនចំណាយពេលមិនលើសពី៥នាទីផងនោះ ខ្ញុំក៏ចេញមកវិញដោយហុចជាមួយសំបុត្រផ្ញើរម៉ូតូភ្ជាប់ជាមួយក្រដាសប្រាក់៥០០៛ មិនមែនជាសំណូកទេ​ លុយ៥០០៛នោះ តែវាជាទឹកចិត្តបន្តិចបន្តួចនិងជាទម្លាប់ទៅហើយ ដែលពេលខ្ញុំទៅហាងនានាតែងចេញមកវិញ ជូនបងៗសន្តិសុខ។ ពេលចេញមកជួបគាត់ក៏គាត់នៅតែរាក់ទាក់មកខ្ញុំដដែល ទឹកមុខកាយវិការដោយការរាក់ទាក់លើសមុនទៅទៀត​ គាត់សួរខ្ញុំ ទិញបានហើយបងប្រុស លឿនម៉្លេះបង? ខ្ញុំតប បាទ!ខ្ញុំអត់មានទិញអីច្រើនផង​ ទិញតែប៊ិក១ប្រអប់
(បងប្រុសសន្តិសុខសួរខ្ញុំ) បងប្រុសធ្វើការនៅណាដែរ?
(ខ្ញុំ)បាទ! ខ្ញុំធ្វើការនៅជិតនេះដែរតើបង នោះបងសំលឹងមើលពីនេះទៅក៏ឃើញដែរ នៅអាគារ១ខ្ពស់ ហើយមានអក្សរនៅជ្រុងជញ្ជាំងម្ខាងនោះ និយាយប្រាប់ដោយលើកដៃចង្អុលប្រាប់គាត់
(បុរសសន្តិសុខ) អូ! ស្គាល់ហើយ! បងអាចមានពេលបន្តិចទេ?ខ្ញុំចង់សុំពេលបងបន្តិចសួរនាំបន្តិចពីការងារ
(ខ្ញុំតប) បាទបានតើបងប្រុសចង់សួរពីការងាររឿងអីដែរ ឆ្លើយបានខ្ញុំនឹងឆ្លើយជូន
ស្តាប់ការតបបានប៉ុណ្ណឹងគាត់ក៏រត់ទៅកិបម៉ូតូភ្ញៀវថ្មីដែលទើបមកចត ដោយរាក់ទាក់ដូចដែលគាត់រាក់ទាក់ដាក់ខ្ញុំដូចគ្នា គាត់និយាយ បងប្រុសសូមចាំខ្ញុំមួយភ្លែតខ្ញុំកិបម៉ូតូគេមួយសិន។
បុរសសន្តិសុខត្រលប់មកវិញក្រោយពី កិបសំបុត្រម៉ូតូឲ្យគេហើយ គាត់ក៏ចាប់ផ្តើមសួរខ្ញុំកន្លែងបងមានរើសបុគ្គលិកសន្តិសុខទៀតទេ ខ្ញុំចង់ផ្លាស់ប្តូរការងារថ្មី
(ខ្ញុំតប) ផ្នែកសន្តិសុខ? ខ្ញុំអត់ដឹងដែរ ហេតុអ្វីក៏បងចង់ផ្លាស់ប្តូរការងារនៅទីនេះ បងធ្វើនៅទីនេះប៉ុន្មានខែឬឆ្នាំហើយ? អត់អីទេចាំខ្ញុំបានជួបប្រធានសន្តិសុខនៅក្រុមហ៊ុនខ្ញុំ ចាំខ្ញុំសាកសារគាត់ឲ្យ ថាតើមានរើសទៀតអត់
(គាត់និយាយ) បងអើយ ការងារជាសន្តិសុខនៅទីនេះ ច្រើនខែក៏ដល់ឆ្នាំហើយដែរ ច្រើនទាំងគេមើលងាយណាស់ ជួនគេរីករាយដាក់ ជួនភ្ញៀវខ្លះគេចាត់ទុកយើងដូចឆ្កែយាមទ្វារអញ្ចឹង គ្មានតម្លៃក្នុងកែវភ្នែកគេទេ ពេលខ្លះបានលឺសម្តីគេ និងបានឃើញកាយវិការមើលងាយចេញពីគេហើយ ខ្ញុំឈឺចាប់ណាស់ តែធ្វើម៉េចចេះតែទ្រាំហើយ ព្រោះដើម្បីលុយទៅចិញ្ចឹមក្រពះ។
ខ្ញុំស្តាប់បានការរៀបរាប់ ទាំងទឹកមុខហាក់ស្រពោនរបស់គាត់ហើយ ខ្ញុំក៏តប អញ្ចឹងមានន័យថាបងចង់ផ្លាស់ប្តូរការងារពីសន្តិសុខនៅទីនេះ ទៅធ្វើជាសន្តិសុខនៅក្រុមហ៊ុនផ្សេង មែនទេ? បងប្រុសបងកុំបាក់ទឹកចិត្តធ្វើអ្វី ប្រាប់បងទៅចុះ ការងារបងជាការងារដែលគួរឲ្យសរសើរនិងគោរពណាស់ លះបង់កម្លាំងច្រើនណាស់ដើម្បីសុវត្ថិភាពភ្ញៀវ ខ្ញុំហ៊ានសន្មតថាខ្ញុំឲ្យមេដៃសរសើរបង បងជាមនុស្សរួសរាយ ស្វាហាប់ណាស់ ពិតជាសូមសរសើរបងដោយស្មោះ មិនមែនបញ្ជោរទេ រីឯរឿងការងារវិញបងអើយ ពិភពការងារកន្លែងណាក៏មានដែរអ្នកមើលងាយយើងនោះ បងដឹងទេនោះជាអាគារកន្លែងទីតាំងដែលខ្ញុំធ្វើការរាល់ថ្ងៃ ខ្ពស់ក៏ខ្ពស់ ធំក៏ធំ ចូលទៅដល់កន្លែងត្រជាក់មានម៉ាស៊ីនត្រជាក់ តែពេលខ្លះមិនមែនមានន័័យថាដំណើរការងារល្អដូចអាគារនោះទេ ពេលខ្លះវាត្រឹមជា #សមរភូមិការងារដ៏សែនចំរូងចំរាស់ ប៉ុណ្ណោះ។ គេមើលងាយបងពេលនេះ បងចេះឈឺចាប់ គឺមានន័យថាបងចេះរើបំរាស់ហើយ ចេះចង់បង្កើតមហិច្ឆតាសម្រាប់ជីវិតខ្លួនឯងហើយ ដូច្នេះតស៊ូទៀតកុំឈប់ កុំបោះបង់មហិច្ឆតានោះ អ្នកណាថាអីក៏ថាទៅ សំខាន់យើងដើរទៅមុខ មនុស្សម្នាក់ៗមានគោលដៅ និងដំណើរជីវិតមិនដូចគ្នាទេ តែយើងមានសិទ្ធិបង្កើតមហិច្ឆតាគ្រប់ៗគ្នា ជាមហិច្ឆតាមិនប៉ះពាល់ដល់អ្នកដទៃ មិនធ្វើឲ្យអ្នកដទៃរងទុក្ខ គេមើលងាយយើងឈឺចាប់ ពេលឈឺចាប់យើងមិននៅស្ងៀម គឺយើងតស៊ូ បើយើងងាយគេនឹងមើល តែយើងធ្វើដោយមិនងាយ គេនឹងពិបាកមើលដែរ ហើយរង់ចាំអ៊ុតមើលលទ្ធផលនៃភាពមើលងាយ តើចេញបានដោយរបៀបណា ឲ្យគេមើលងាយទៅចុះ តែយើងមិនបាក់ទឹកចិត្ត ហើយក៏មិនតបតខឹងឈ្លោះ។
អត្ថបទមួយនេះពីខ្ញុំមនុស្សម្នាក់ដែលឆ្លងកាត់សមរភូមិការងារ ការរស់នៅ ការសិក្សា និងស្នេហាដែលគេមើលងាយច្រើនរាប់មិនអស់ ច្រើនអនេក តែនៅតែបន្តដើរទៅមុខ@កវីសន្សើមត្រជាក់

Similar Products

4405894935489379849

Add a review