ខ្ញុំវេចសម្ពាយនៃការចាញ់ច្រើនរាប់មិនអស់ ត្រឹមជាមនុស្សលាក់មុខ

Not allow reviews

អត្ថបទ

   
មិនមែនជាសំណេរថ្មីទេ គឺជាអត្ថបទដែលខ្ញុំសរសេរប្រហែលជាយូរខែដែរហើយ!!!!
ខ្ញុំដឹងថាមិនអាចលាក់រហូត តែអាចលាក់ដល់រយៈពេល​មួយដែលនឹងត្រូវបង្ហាញ ដូចដែលបានរៀបរាប់ក្នុងអត្ថបទមុនដូច្នោះដែរ មើលទៅមិនបានផលចំណេញអ្វីផង ពីការលាក់មុខ ហើយហេតុផលទៀតនោះក៏សាមញ្ញ គិតទៅមិនទំនងដើម្បីលាក់មុខផង តែខ្ញុំនៅតែសម្រេចចិត្តលាក់មុខ ដោយត្រឹមហេតុផលសមញ្ញមួយនោះ ដែលវានៅដក់ក្នុងខួរនៃការគិតរបស់ខ្ញុំនៅឡើយ។
ក៏ព្រោះមានមិត្តៗអ្នកឆាតមកសួរ ឬក៏ខមមិនច្រើនគួរសមដែរ ថាតើពេលណា ខ្ញុំសម្រេចចិត្តបង្ហាញមុខ? យូរពេលដែរហើយ ដែលពួកគាត់បានស្គាល់ខ្ញុំត្រឹមឈ្មោះកវីសន្សើមត្រជាក់ ត្រឹមតុក្កតាឈរបែរខ្នងម្នាក់នោះ! គ្រប់សំណួរដែលសួរ ខ្ញុំឆ្លើយស្ទើរគ្រប់សំណួរទាំងអស់ផងដែរ តែចម្លើយគឺនិយាយដូចអត់និយាយ សុំទោសពិតមែន ដែលចម្លើយមាន តែហាក់បីជាចម្លើយឆ្លើយដើម្បីឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត ឬហាក់ស្ងប់ចិត្តបន្តិច តែនៅមិនអាចប្រាប់ថាពេលណាបង្ហាញមុខដដែល គ្រប់ចម្លើយបានបញ្ជាក់ន័យថា "ពេលដែលខ្ញុំបង្ហាញមុខអាចចាយពេលយូរ អាស្រ័យលើពេលនោះចូលមកដល់"។
ដើម្បីជាការបកស្រាយបន្ថែម នេះគឺជាពាក្យសរសេរដាក់ស្នើរចូលរួមក្នុងកម្មវិធីប្រលងប្រជែងរបស់ក្រុមហ៊ុនស្មាតអាស្យាតា(Smart Axiata)គឺឈ្មោះកម្មវិធី"Smart Young Inovator" ជាប់បានដំណាក់កាលជ្រើសរើសទី១ តែឈានដល់ដំណាក់កាលបន្ទាប់ខ្ញុំត្រូវបានជម្រុះ ជាធម្មតាការប្រលងប្រជែងតែងមានឈ្នះមានចាញ់ មានធ្លាក់មានជាប់ សម្រាប់ខ្ញុំធ្លាក់ពេលនោះមិនបាក់ទឹកចិត្តនោះទេ គឺវេចសម្ពាយនៃការចាញ់ពេលនោះ មកទុកជាបទពិសោធន៍ កែច្នៃទុកបន្តប្រកួតលើកក្រោយទៀត ព្រោះជីវិតខ្ញុំចាញ់ច្រើនរាប់មិនអស់ ចាញ់ច្រើនតស៊ូច្រើន។
អត្ថបទដែលសម្រាំងចេញពីឯកសារ នៃការដាក់ពាក្យចូលរួមប្រលងប្រជែងក្នុងកម្មវិធីមួយនេះ ប្រហែលវែងបន្តិចដោយសារលក្ខខណ្ឌ នៃការចូលរួមតម្រូវឲ្យយើងឆ្លើយសំណួរច្រើន ហើយក៏ព្រោះបារម្ភ មិនបានជាប់ជ្រើសរើសតាំងពីវគ្គដំបូង ខ្ញុំក៏ខំឆ្លើយសំនួរឲ្យគ្រប់ ហើយពិនិត្យមើលល្អិតល្អន់បានប៉ុណ្ណឹង។

អត្ថបទនៅខាងក្រោមនេះ
✓អំពីខ្លួនខ្ញុំផ្ទាល់:
ជាកូនប្រុសម្នាក់ក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម នៃទឹកដីកំណើតនាខេត្តកោះកុង តែដោយសារចង់ដឹង ចង់ភ្លក្សរសជាតិ អ្វីទៅដែលហៅថាជីវិត ដែលលំបាកក៏សម្រេចចិត្ត ទៅរស់នៅជាមួយម្តាយមីងនៅឯខេត្តស្វាយរៀងតាំងពីថ្នាក់ទី៧ រយៈពេល៥ខំប្រឹងរៀនរហូតបញ្ចប់ថ្នាក់វិទ្យាល័យ ដូចបំណង។​ មានប្រវត្តិនិងមេរៀនជីវិតជាច្រើន ដែលទទួលបានក្នុងកំឡុងរស់នៅជាមួយម្តាយមីង ស្គាល់ស្ទើរភាពលំបាកច្រើនយ៉ាង គ្មានលុយគ្មានសំភារៈនិយម មិនសូវមានឱកាសដូចសិស្សដទៃដែលមានជីវភាពធូរធារ តែជីវិតមួយនេះពិតពោរពេញដោយសេរីភាព និងភាពស្រស់បំព្រង ទោះបីក្រក៏ដោយ ពិតជាអរគុណភាពលំបាកទាំងនោះ និយាយឲ្យចំ បើគ្មានភាពលំបាកទាំងនោះទេប្រហែលខ្ញុំគ្មានថ្ងៃនេះទេ។
✓ប្រវត្តិការងារ:
ការងារចាប់ប្រឡូកចូលតាំងពីរៀនថ្នាក់ទី៧មកម្លេះ គឺសុទ្ធសឹងជាការងារស្ម័គ្រចិត្ត មិនទទួលបានកម្រៃតែទទួលបានបទពិសោធន៍យ៉ាងច្រើន ដូចជាការងារជាមួយអង្គការYCC, LICADHO, YRDP,យុវជនស្ម័គ្រចិត្តប្រចាំសាលា ដើម្បីបណ្តុះបណ្តាលសិស្សដូចគ្នា... ចូលមកដល់ភ្នំពេញវិញ ការងារដែលធ្វើដំបូងបំផុតគឺ បុគ្គលិកផ្នែកលក់ស៊ីមកាតក្រុមហ៊ុនប៊ីឡាញ បន្ទាប់មកជាបុគ្គលិកផ្នែកខលសិនធ័រក្រុមហ៊ុនហេឡូ បន្ទាប់មកទៀត ជាបុគ្គលិកផ្នែកខលសិនធ័រក្រុមហ៊ុនស្មាតអាស្យាតា និងបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុន"***"ជាតំណែងផ្នែក "***"និយាយទៅស្ទើរគ្រប់ក្រុមហ៊ុនដែលធ្វើជាមួយ គឺក្រុមហ៊ុនទូរសព្ទ័ទាំងអស់ ដោយសារតែស្រលាញ់ការងារក្នុងវិស័យមួយនេះ។
*សញ្ញាផ្កាយ មានន័យថាសុំលាក់ ព្រោះមិនអាចប្រាប់បានពេលនេះ*
✓ចំនេះដឹងទាក់ទងទៅនឹងបច្ចេកវិទ្យា:
ទោះបើរៀននៅមហាវិទ្យាល័យគឺម៉ាឃីតធីង តែក៏មានចំណាប់អារម្មណ៍ខ្លាំងមិនធម្មតាទៅលើយវិស័យបច្ចេកវិទ្យា ក៏ខិតខំរៀនតាមរយៈគ្រូពីរនាក់ជារៀងរាល់ថ្ងៃគឺ Google និង Youtube សួរពួកគាត់ទាំងពីរគ្មានពេលទំនេរ ចង់សួរពេលណាគាត់ឆ្លើយពេលហ្នឹង ឲ្យតែមានអីនធើណិតសម្រាប់ឆែក រហូតមកដល់ពេលនេះចេះល្មមអ្វីទៅដែលហៅថាភាសាកូដhtml ស្គាល់បានខ្លះពីរបៀបបង្កើតវេបសាយ ច្បាស់ពី យុទ្ធសាស្រ្តក្នុងការចែករំលែកលឿនទៅកាន់មនុស្សតាមរយៈបណ្តាញសង្គមនានា ហើយនៅតែបន្តសិក្សាពីវាទៀតដោយហេតុតែចូលចិត្តនិងស្រលាញ់ ក៏បន្តសិក្សាពីវារហូតមក។
✓អំពីគំនិតចៃ្នប្រឌិត:
ភាពប្រឌិតនិងការស្រមើស្រម៉ៃរបស់ខ្ញុំ ក៏ច្រើនរាប់មិនអស់មានតាំងពីតូច តែចំពោះគំនិតច្នៃប្រឌិតលើប្រព័ន្ធឌីជីថលវិញទោះបើ មានមិនច្រើនតែក៏អាចជាស្នាដៃ ដែលខ្ញុំអាចខិតខំនិងផលិតវាបាន និងក៏ជាប្រយោជន៍សម្រាប់មនុស្សជាតិផងដែរ ជាពិសេសគឺសម្រាប់ប្រជាជនកម្ពុជាតែម្តង។ សព្វថ្ងៃគឺខ្ញុំគឺបានកំពុងបង្កើតនូវគេហទំពរ័មួយដែលជាគេហទំព័រប្លក់ ធ្វើឡើងក្នុងគោលបំណងចែករំលែក កម្សាន្ត និងចំនេះដឹង មិនត្រឹមតែប៉ុណ្ណោះគ្រប់អត្ថបទ គឺផ្តោតនិងលើកស្ទួយជំរុញដល់ការអាននិងសំណេរទាំងអស់គ្នា ហើយចែករំលែកបញ្រ្ជាបទៅដល់ការគិតមនុស្សតាមរយៈអត្ថន័យដែលមានក្នុងអត្ថបទ គ្រប់ពេលពួកគាត់អានចប់គាត់នឹងបានយល់ អាចមានបំលាស់ប្តូរការគិតទៅកាន់ចំនុចវិជ្ជមាន អត្ថបទដែលសរសេរឡើងមានច្រើន មនោសញ្ចេតនា ស្នេហា កំសត់ កំប្លែង ជីវិតតស៊ូ ។ល។ ដោយផ្អែកលើឱកាសអំណោយផល ខ្ញុំកំពុងព្យាយាមអភិវឌ្ឍន៍គេហទំព័រមួយនេះ ឲ្យក្លាយខ្លួនទៅជាApplicationផងដែរ ព្រោះបច្ចុប្បន្នយើងឃើញថាចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនមានចំនួនកើនឡើងច្រើន បើយើងប្រើវិធីមួយនេះយើងអាចទាញយក ចំនួនមនុស្សចាប់អារម្មណ៍ លើការអានបានច្រើនមួយកម្រិតផងដែរ។ ដូច្នេះបើចូលរួមប្រឡងក្នុងកម្មវិធីមួយនេះខ្ញុំនឹងលើកប្រធានបទមួយនេះដើម្បីចូលរួមប្រកួតប្រជែង ហើយសង្ឃឹមថា ក្តីសង្ឃឹមក្នុងការប្រកួតមានច្រើនព្រោះយើងជឿជាក់លើអ្វីដែលយើងបានធ្វើ។
✓ទុក្ខលំបាកនិងបទពិសោធន៍នៃជីវិត:
បើនិយាយរៀបរាប់បរិយាយមានច្រើនអាច៣០០ពាក្យប្រហែលមិនគ្រប់សម្រាប់រៀបរាប់ប្រាប់បងអ្នកពិនិត្យ ការដាក់ពាក្យ១នេះផងក៏មិនដឹង អាចគិតថាវែងផង អធ្យាស្រ័យនិយាយលេងបន្តិចហើយ! តោះចឹងខ្ញុំរៀបរាប់ត្រួសៗជូន ដំបូងឡើយពេលផ្លាស់ទៅរៀននៅស្រុកស្រែជនបទ ពិតជាមិនងាយនឹងបន្សាំខ្លួនរស់នៅនោះឡើយ ណាមួយឆ្ងាយឳពុកម្តាយនឹកផ្ទះបំផុត តែយ៉ាងណាពាក្យចាស់ថាជីវិតត្រូវតស៊ូ ហើយជាការតស៊ូមិនធម្មតា ទំរាំចប់វិទ្យាល័យ។ ឈានចូលដល់ជំហ៊ានទីពីរនៃរបត់ជីវិត គឺត្រូវបន្តសិក្សាមហាវិទ្យាល័យនៅទីក្រុងភ្នំពេញសម្រាប់និស្សិតជីវិតសិក្សាមកពីជនបទដូចរូបខ្ញុំ ខំឲ្យតែរកលុយបង់សាលានិងស្វែងរកសាលាល្អដែលមានតម្លៃល្មមអាចចូលរៀនបានគឺល្អណាស់ពេកទៅហើយសម្រាប់រូបខ្ញុំ មានត្រឹមកង់កញ្ចាស់មួយជិះដើរស្ទើររាល់ព្រឹក រកសាលារៀនផង​ រើសមើលកាសែតចាស់ៗតម្លៃឡៃឡុង តម្លែប្រហែល៥០០រៀលទុកអានដើម្បីរកការងារធ្វើផង។ នោះហើយជាការតស៊ូនៃជីវិតមិនធម្មតាដែលខ្ញុំបាននិយាយពីខាងលើអំបាញ់មិញនោះ ហើយក៏ជាការតស៊ូមិនអត់ប្រយោជន៍នោះដែរ ដោយសារតែកង់កញ្ចាស់និងកាសែតតម្លៃ៥០០រៀលក្នុង១ច្បាប់ទាំងនោះហើយដែលធ្វើឲ្យខ្ញុំទទួលបានការងារធ្វើ សម្រាប់បានលុយបង់សាលា ព្រោះមិនហ៊ានរំពឹងហាមាត់ឬក៏លាដៃសុំឪពុកម្តាយឡើយព្រោះថាពួកគាត់លំបាកទៅហើយ ចឹងកុំគ្រាន់តែរឿងបន្តការសិក្សានៅមហាវិទ្យាល័យឲ្យគាត់លំបាកក្នុងការផ្គត់ផ្គង់ទៀតនោះ មានតែប្តេជ្ញាយ៉ាងណាក៏ដោយត្រូវរកលុយដើម្បីចូលរៀនបន្តដោយខ្លួនឯងឲ្យបាន។ ជារឿយៗតែងតែលួចដាស់តឿនខ្លួនឯងថា ទំព័រភាពជោគជ័យក្នុងវចនានុក្រមនៃជីវិត គ្មានឡើយពាក្យថាចុះចាញ់ហើយវាក៏ជាវចនានុក្រមដែលខ្ញុំព្យាយាម បើកអាននិងទន្ទេញរាល់ពេល។
✓ការរំពឹងទុក:
គ្រាន់តែបានអានពីលក្ខណ្ឌ និងអត្ថប្រយោជន៍នៃការចូលរួមក្នុងកម្មវិធីមួយនេះ អារម្មណ៍របស់ខ្ញុំគឺបានពុះកញ្រ្ជោលទៅហើយ លួចស្រម៉ៃជាមួយមហិច្ឆតាធំ១ទៀតថាបានហោះ ទៅដល់ក្រុមហ៊ុនយក្សដ៏ល្បីៗ នៅប្រទេសសឹង្ហបុរីទាំងនោះទៅហើយFacebook, Google និងMicrosoft អ្នកណាដែលមិនចង់ទៅនោះ។ ទឹកប្រាក់ដែលឈ្នះក៏មិនតិចឯណា រហូតដល់៤០០០ដុល្លា និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ តែបើនិយាយឲ្យចំចេញពីជម្រៅចិត្តនិងបេះដូងវិញនោះ គឺអ្វីដែលជាការរំពឹងទុកធំបំផុតពីការចូលរួមនៅក្នុងកម្មវិធីនេះ គឺខ្ញុំបានបង្ហាញ សាកល្បងសមត្ថភាពរបស់ខ្ញុំ ទោះបីជាលទ្ធផលមិនឈ្នះក៏ដោយ ដូចគេនិយាយថាទឹកចិត្តអ្នកកីឡាមានចាញ់មានឈ្នះជារឿងធម្មតាសំខាន់មិនបោះបង់បាក់ទឹកចិត្ត។
✓គោលដៅនិងទស្សនៈវិស័យសម្រាប់អនាគតក្នុងដំណើរផ្លូវជីវិតរដិបរដុបមួយនេះ:
-កសាងសមត្ថភាពខ្លួនឯងឲ្យកាន់តែប្រសើរឡើង
-រកគំនិតអ្វីដែលថ្មីបន្ថែមទៀត
-ផ្តល់ការចែករំលែកកាន់តែច្រើន
-កែប្រែផ្នត់គំនិតឲ្យដើរទៅរកចំនុចវិជ្ជមាន
-បង្កើត បញ្ជ្រាប បន្សល់ ស្នាដៃនានាទៅតាមសមត្ថភាពដែលខ្លួនមាន៕
អត្ថបទពីមនុស្សអាថ៌កំបាំងលាក់មុខ@កវីសន្សើមត្រជាក់

Similar Products

8064683052511451160

Add a review