សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំភាគ៣

Not allow reviews

អត្ថបទ


#វគ្គឆាតដល់ម៉ោង២យប់ #លង់ស្នេហ៍ទឹកដមសំឡេង Voice Chat
   វេលាចាកចេញពីទីហែលទឹកក៏មកដល់ណារាជនិងវិចិត្រក៏ចាកចេញដំណើរបន្តឆ្ពោះទៅផ្ទះហើយនិងបន្តដំណើរទៅហាងស៊ុបដែលគេមានគម្រោងនិយាយថានឹងទៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ណារាជដែរ
ឡើងលើម៉ូតូជិះមិនទាន់ផុតបានប៉ុន្មានផងវិចិត្រក៏ផ្តើមសួរទៅណារាជ តោះល្មមរៀបរាប់ប្រាប់គ្នាបានឬនៅ? ថាអាទិត្យក្រោយឯងពិតជាទៅលេងជាមួយនារីម្នាក់នោះ ហើយទុកគ្នាឲ្យតែលតោលដើរលេងម្នាក់ឯងនៅភ្នំពេញមែនទេ? ដាច់ចិត្តម៉្លេះសម្លាញ់ កុំដោយសារតែនារីម្នាក់ដែលជាថ្នាំវីតាមីនឯងនោះហើយធ្វើឲ្យគ្នាឯកាបែបនេះនោះអី(នេះជាសំឡេងរបស់វិចិត្រដែលត្អូញរៀបរាប់ប្រាប់ទៅណារាជហើយក៏កំពុងនៅលើកែបម៉ូតូដែលណារាជជាអ្នកឌុបដែរ) យី!អើអានេះធ្វើដូចមែនទែនចឹងវើយ! រអ៊ូឱដូចឃ្មុំស្អីទេងំៗនៅគុម្ពត្រចៀករកតែឯងរៀបរាប់ប្រាប់មុនមិនបាននឹងអាលតែប្រញ៉ាប់ទោមនស្សម៉្លេះ បើម៉ាកៗហ្នឹងសមតែឲ្យទៅដេកស្តាប់បទរបស់លីធីវ៉ាធីណាមួយយប់ទេទើបត្រូវ គឺបទម្នាក់ហ្នឹងហើយតែងធ្វើឲ្យខ្ញុំSad ទោះជាបទស្រីមែនតែបទហ្នឹងវាត្រូវនឹងសាច់រឿងរបស់ឯងខ្លះ នែ! គ្នាឯណាដាច់ចិត្តទុកឯងចោលនោះអាសម្លាញ់ នាងទៅដើរលេងជាមួយស្រីៗមិត្តភក្កិរបស់នាងបីបួននាក់ទៀតហើយគ្នាក៏ថាបបួលឯងទៅដែរ ថាមិនត្រូវពេលនោះឯងមានក្រឡាដើរដែរហើយណាអាពួកម៉ាក! (វិចិត្រតបដោយសំឡេងត្រេកអរខ្លាំង)មែនឬអី សម្លាញ់!!អូហូ ពិតជាមិត្តល្អមែនអានេះ មិនដាច់ចិត្តទុកឯងចោលមែន និយាយដោយត្រេកអរផង ចង្កេះរេរាំផ្អៀងផ្អងលោតឡើងចង់ធ្លាក់ពីលើកែបម៉ូតូទៅហើយ សប្បាយណាស់ សប្បាយចិត្តទុកមុន តោះឲ្យលឿនឡើងចូលផ្ទះមួយភ្លេតហើយទៅស៊ុបមីងម៉ាប់ ចាំគ្នាប៉ាវឯងថ្ងៃនេះអាពួកម៉ាក។ ពីរនាក់នេះពិតជាមិត្តភក្កិដ៏ស្និតស្នាលតែម្តង សើចក៏សើចជាមួយគ្នា ទុក្ខសោកធ្លាក់ដល់បាយទឹកត្រីពងទា១គ្រាប់ក៏ធ្លាប់ឆ្លងកាត់ដែរ ជាពួកម៉ាកស្គាល់គ្នាតាំងពីរៀននៅមហាវិទ្យាល័យនៅឆ្នាំទី១មកម៉្លេះ មិត្តភាពពួកគេទាំងពីរគឺដូចបងប្អូនបង្កើតអ៊ីចឹង។ ជិះចេញដំណើរឈៀងចូលផ្ទះបាន១ភ្លេតហើយទាំងពីរនាក់ក៏បង្ហួសទៅដល់ហាងលក់ស៊ុបនៅម្តុំទួលគោក មីងៗ! មីងម៉ាប់! ដាក់ស៊ុបឲ្យខ្ញុំ១ឆ្នាំងមក យកអាឆ្នាំងណាមានវីតាមីនពេញឆ្នាំងណា(ជាសម្តីវិចិត្រនិយាយ) មីងម៉ាប់តប! អើ! ម៉ូយមកដល់ហើយ ថ្ងៃនេះមិចក៏សប្បាយម៉្លេះ?ទឹកមុខរីកឱដូចផ្កាត្រយ៉ូងចេងរបោយនំបញ្ចុកហើយនៀក ហើយកម៉្មង់សុទ្ធតែស៊ុបវីតាមីនពេញឆ្នាំងទៀតក្មួយសំណព្វចិត្តម៉ូយពិសេស។ (វិចិត្រតប) មិនឲ្យសប្បាយចិត្តម្តេចកើតមីង បើអាពួកម៉ាកខ្ញុំមួយនេះវាជិតរកបានស្នេហ៍ហើយ ហើយវាអួតប្រាប់ខ្ញុំថាស្រីស្អាតក្នុងចិត្តវានោះ ជាវីតាមីនភ្នែកវាទៀតផង ដូច្នេះកុំឲ្យចាញ់វា វាវីតាមីនភ្នែកដោយសារស្រី ខ្ញុំវីតាមីនពោះដោយសារស៊ុបវិញមើល ចាំមើលអ្នកណាគ្រាន់បើជាង។ ណារាជមិនស្ងាត់ក៏បន្តតាមក្រោយ មីងចេះតែជឿវាទៅ អានេះវាប្រូណាស់ មានវីតាមីនស្អីទៅ ដោយសារថ្ងៃនេះទំនេរហើយនឹកឃ្លានស៊ុបខានមកដូចជាយូរដែរហើយក៏មកទៅ លក់ដាច់ទេមីង? មីងម៉ាប់តប ដាច់គ្រាន់បើតើក្មួយ និយាយចប់ស៊ុបដែលរៀបចំមានបន្លែមានសាច់ មានគ្រឿងក៏រៀបចំហើយល្មម នេះ! នេះ! វីតាមីនស៊ុបប្រចាំត្រកូល តែមីងថាមុខក្មួយទាំងពីរមិនបាច់មានវីតាមីនក៏ស្រីៗគេលង់ដែរ បើសុភាព រួសរាយ​រាក់ទាក់ ហើយសង្ហាយ៉ាងនេះនោះ ជឿទៅស្រីគេលង់លើក្មួយទាំងពីរមុនផងក៏មិនដឹង គ្រាន់តែពេលខ្លះស្រីៗគេមិនហ៊ាននិយាយមុន នែ!ធ្វើតាមមីងណាចាំមីងប្រាប់បើគេ ផ្តល់ពេលឲ្យសារភាពហើយប្រាប់ដាក់គេមុនទៅ ប្រយ័ត្នឱកាសហោះហើរទៅបាត់ណា៎។ (វិចិត្រនិយាយវិញ)អីយ៉ា! មីងម៉ាប់ថ្ងៃនេះស៊ុបមីងលក់ថ្ងៃនេះប្រហែលខ្ញុំដាក់អស់២ឆ្នាំងហើយបើមីងនិយាយម្លឹងៗ សំដីសរសើរយ៉ាងនេះស៊ុបក៏ឆ្ងាញ់សំដីមីងម៉ាប់ក៏បញ្ជោរទៀត កត់ត្រាសម្តីមីងទុក១ក្រែងបានត្រូវសារភាពដាក់គេម្នាក់នោះ នែ!កុំមើលមុខគ្នា គ្នាមិនទៅសារភាពដាក់កញ្ចនារបស់ឯងទេកុំភ័យ គ្នាទុកសារភាពដាក់មិត្តភក្កិគេទេតើ។​ (ណារាជតប)​ ហេ! មានអ្នកណាថាស្អីអានេះ!គិតតែខ្លួនវានិយាយតែខ្លួនវា ហើយគ្នាមិនទាន់ទាំងបានសារភាពដាក់កញ្ចនាផងនោះ នាងមិនមែនជាកម្មសិទ្ធិរបស់គ្នាឯណា មិនមានចំណងឯណាទៅចងបេះដូងចងចិត្តនាងបានឯណា និយាយហើយក៏សើចព្រមគ្នាយ៉ាងក្អាកក្អាយ និយាយទៅគឺពីរនាក់នេះសប្បាយរហូតកំប្លែងរហូត សឹងតែគ្រប់នៃសកម្មភាពគិតថាគេមិនចេះកើតទុក្ខទៅហើយនោះ។
មិនដឹងដែរចាំមើលអានដល់មុខទៀតតើមានទេរឿងហេតុកើតទុក្ខនោះ?​ តែខ្ញុំប្រហែលសរសេរបង្វែរមិនរៀបរាប់ឲ្យមានកើតទុក្ខ ឬបើមានក៏សេចក្តីទុក្ខក្នុងអតីតកាលរបស់គេប៉ុណ្ណោះ ថាមិនត្រូវមិត្តអ្នកអានអាចនិយាយថាមិនដែលទេ ជីវិតមនុស្សឯណាមិនដែលជួបរឿងកើតទុក្ខនោះទេ?​ វាហាក់ដូចជាមិនទំនង បែបហ្នឹងក៏ត្រូវជីវិតមនុស្សមានច្រើនយ៉ាងណាស់ រីករាយ សប្បាយ លាយលំទុក្ខសោកត្រូវតែមាន តែគ្រាន់តែថានេះជាប្រលោមលោកខ្លីដូច្នេះរៀបរាប់មានសេចក្តីទុក្ខច្រើនពេក វាអាចទៅជាប្រលោមលោកវែងវិញហើយ ច្រើនរយទំព័រហើយ ដូច្នេះភាគច្រើនខ្ញុំសរសេរតែកន្លែងសប្បាយៗផ្អែមល្អែមបានហើយ បើមានកន្លែងទុក្ខសោកអាចមានតិចតួចបានហើយ។

រៀបរាប់បន្តក្រោយពីញុាំស៊ុបរួចហើយពួកគេក៏ត្រលប់ទៅផ្ទះរៀងខ្លួន វេលាយប់មកដល់ណារាជក៏ផ្តើមលេងហ្វេសប៊ុក យេ! យេ! កញ្ចនា Accept friend ហើយ មិនបង្អង់យូរណារាជក៏ផ្តើមឆាតសួរនាំហូរហែរ សួររឿងដើរលេងផង សួររឿងផ្ទាល់ខ្លួនផង ច្រើនសំណួរជិតស្និតណាស់ហាក់ដូចជាស្គាល់គ្នាយូរណាស់មកហើយ ឆាតចុះឆាតឡើងរំលងអាធ្រាត្រ ជក់មិនមើលទាំងម៉ោងទៀតផង មិនដឹងសួរធ្លាក់ដល់ណាដល់ណីទេទាំងពីរអ្នកឆាតបន្តរហូតដល់ម៉ោង២យប់ទៅហើយមិនខ្វល់ងងុយទាល់តែសោះ។
(កញ្ចនាសរសេរក្នុងសារជាអក្សរ)ចប់បាត់ទៅហើយភ្នែកខ្ញុំដូចជាខ្សោយណាស់ហាក់ចង់ឆាតជាសំឡេងវិញតើបានទេ?
(ណារាជតបសារ) ភ្នែកខ្សោយ?ថាខ្ញុំទៅភ្នែកខ្សោយ ប្រើវ៉ែនតាឡើងដឺគ្រេសឹងរាល់ឆ្នាំទៅហើយ ម្សិលមិញពេទ្យប្រាប់ថាត្រូវរកវីតាមីនញុាំឲ្យបានច្រើន។
(កញ្ចនា) មិនដឹងទេចង់ស្តាប់សំឡេងរបស់ណារាជ ណា! ណា ដាក់មួយឆាតសំឡេងមកណា ចង់ស្តាប់
(ណារាជ) ប្រាប់ហើយថាសំឡេងមិនកើតទេ ស្តាប់ហើយគេងលែងលក់ហើយតែម្តង។
(កញ្ចនា) មិនដឹងទេចង់ស្តាប់! បើមិនឆាតជាសំឡេង ចឹងឆាតសារក៏ខ្ជិលឆាតដែរហើយ ខឹងឥឡូវហើយ។
(ណារាជ) ព្រះអើយ! ប្រាប់ហើយនៅតែមិនជឿ ស្តាប់សំឡេងខ្ញុំខាងក្រៅយ៉ាប់ដល់ថ្នាក់ហ្នឹងហើយទំរាំដល់ក្នុងឆាតហ្វេសប៊ុកទៀត មិនដឹងយ៉ាប់ដល់កំរឹតណាទៀតទៅ។
(កញ្ចនា) លឿនឡើងតិចខ្ញុំខឹងមែនទែនណា?
(ណារាជ) បាទបាន មិនស្រួលខឹងមែនមិនដឹងជាមានអ្នកណាឆាតជាមួយខ្ញុំទៀតនោះ។
សរសេរសារជាអក្សរហើយប៉ុណ្ណឹងហើយក៏ ដាក់ជាStickerរូបសើចស្ញិញ១ទៀត ហើយក៏ឆាតជាសំឡេងតែម្តង
តែឆាតជាសំឡេងនេះពិតជាសាហាវមែនស្តាប់ហើយស្ទើរលង់ទឹកដម តែពិបាកឆ្លើយណាស់សម្រាប់កញ្ចនា ព្រោះដូចជារហ័សក្នុងការសួរពេកសំណួរផ្ទួនៗ៣នេះ 3 in 1 ណារាជសួរថា៖ មានអ្នកCareឬនៅ? មានសង្សារឬនៅ? សុំក្បែរបានទេ?
ពិតជាសំឡេងពិរោះស្តាប់ហើយ ធ្វើឲ្យកញ្ចនាគិតបាត់ទៅហើយថាពិរោះ តែមិនហ៊ាននិយាយប្រាប់ទៅណារាជប្រហែលខ្លាចណារាជបានចិត្តក៏មិនដឹង។​ បានត្រឹមគិតក្នុងចិត្តសំឡេងពិរោះសោះថាមិនពិរោះ លាក់ណាស់ចាំមើលណាបានជួបមូលឲ្យជាំសាច់តែម្តងកុហកគេអីណា ចាំមើលណា។ គិតរួចហើយក៏តបសំឡេងទៅណារាជវិញ ម្តេចក៏សួរសំណួរនេះ? ជំពាក់សិនមិនទាន់ចង់ឆ្លើយនោះទេ...

ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

1974114164530322989

Add a review