ស្នេហាធ្វើឲ្យឈឺចាប់

Not allow reviews

អត្ថបទ

     ជាទាសករបេះដូងមែនទេ? បើមានស្នេហាម្តេចឲ្យមានក្តីឈឺចាប់?
ស្នេហាធ្វើឲ្យឈឺចាប់ ស្នេហ៍គេតែម្ខាងក៏ធ្វើឲ្យឈឺចាប់ ស្នេហ៍ទាំងសងខាងក៏នៅតែឈឺ។ អ្នកស្មោះត្រូវជួបមនុស្សសាវា ខូចចិត្តស្ទើរប្រេះឱរា អ្នកសាវាដើរចោលមនុស្សស្មោះ ក៏អាចបន្សល់ភាពស្រណោះអាឡោះអាល័យ។ ស្មោះគេខ្លាំងក៏ឈឺ ក្បត់គេក៏ខ្សោះធ្លាក់គំហុកអារម្មណ៍។ ស្នេហ៍រយៈពេលខ្លីក៏ឈឺ ស្នេហារយៈវែងក៏កាន់តែឈឺ។ លួចស្នេហ៍មនុស្សក្បែរខ្លួន លួចស្នេហ៍មនុស្សឆ្ងាយខ្លួន ក៏អាចតាក់តែងជាប្រវត្តិស្នេហាដែលទឹកភ្នែក។ ស្នេហ៍ខាងស្រីអាយុបងក៏ទោរម្នេញ ស្នេហ៍ខាងប្រុសអាយុប្អូនក៏កើតទុក្ខ ជាស្នេហាគិតលើអាយុ។ ស្នេហាបែងចែកវណ្ណៈក៏មិនសមទំនង ខណ្ឌចែករឿងមាន រឿងក្រទៅទៀត។ ស្នេហ៍ខ្លះឃើញគេភ្លាមចាប់ចិត្តបេតីគេភ្លែត ហើយបានត្រឹមសម្ងំនឹក ថែមរសាប់រសល់មិនស្កល់ចិន្តា។ មានស្នេហាខ្លះទៀត ស្រលាញ់ហើយសារភាពយឺតពេល ក៏អាចហូរទឹកនេត្រាព្រោះស្តាយក្រោយ ផ្តល់ចម្លើយតបក្តីស្រលាញ់ទៅវិញយឺតក៏ខកបំណង។ ស្នេហ៍បានលឺតែសំឡេងក៏ស្នេហ៍ មិនដែលទាំងឃើញមុខផងក៏សម្រេចថាស្នេហ៍ ស្នេហ៍មនុស្សលាក់មុខ។ ស្នេហាស្រលាញ់គ្នាយូរឆ្នាំ តែលាក់បាំងក្តីស្រលាញ់នោះ មិនឲ្យអ្នកណាដឹង ក៏បានត្រឹមឈឺ ហើយសញ្ជឹងគិតឥតល្ហែ។ បែកគ្នាយូរពេលហើយ គេមកសុំស្នេហ៍ ដើម្បីត្រូវគ្នាវិញ ក៏ពិបាកសម្រេចចិត្ត ថ្លឹងថ្លែងមិនចេញ សុញការគិត។ ស្នេហ៍មនុស្សមានម្ចាស់ ក៏អាចត្រេកអរក្រៃ ព្រោះស្នេហ៍មិនឲ្យគេដឹងផង​ តែនៅតែលួចអន់ចិត្តម្តងម្កាល ពេលឃើញគេល្អូកល្អើននឹងគូរគេ បើបែបនេះក៏ជាភាពសោកា។​ ស្នេហ៍ហើយបានកៀកកើយក្នុងសុបិន ក៏មហាមានន័យ តែក៏ក្រៀមក្រំ ក្រោយពេលភ្ញាក់ពីដំណេក ព្រោះមិនមែនជាការពិត។ ស្នេហ៍រហូតបែរជាលួចយកស្នាមញញឹមរបស់គេ មកដាក់ក្នុងបេះដូង តាំងពីពេលណាក៏មិនដឹង ស្រមើស្រមៃបេះដូងក៏នៅអាចពឺតផ្សារអួលឡើង ដោយសារស្រមៃត្រឹមជាការស្រមៃ មិនដឹងថ្ងៃណា រំពឹងក្តីសង្ឃឹម ហាក់ឯនាយជើងមេឃ។
ធ្វើម្តេចឲ្យត្រូវបេះដូង ហើយមិនឈឺចាប់ទៅ? ធម្មជាតិបង្កើតឲ្យមានស្នេហា តែស្នេហាដែលទទួលសមបំណង មិនរង្គើវេទនាចិត្តបេះដូង គូសវាសចេញហើយឬនៅ?
ថ្លែងកាព្យវាចា ចែងជាអក្ខរា ពាក្យប៉ុន្មានឃ្លា ពិចារណា បេះដូងស្នេហា ពាក្យគឺស្រៈ«ា» បង្ហាញកាយា ឲ្យឃើញភក្រ្តា ចិត្តផ្សងសច្ចា សែនអន្ទះសារ យូរពេលហើយណា ចាំគ្មានសន្យា កួចប៉ងប្រាថ្នា ចិត្តរឹងថ្មដា ទោះគង្គាថ្លា ឆ្លាក់ចិត្តរចនា លៃពេលចចារ ប្រល័យសង្ខារ មុតខ្លាំងអស្ចារ្យ តាំងនាមមុខងារ លំពែងស្នេហា។
     សុំដកដង្ហើមធំបន្តិច! ហ៊ឹម!!! បើពិបាកម្លឹងៗ ម្តេចក៏មនុស្សភាគច្រើនលើសលុប នៅតែសម្រេចចិត្តចង់មានស្នេហ៍? បើទោះជាថ្ងៃនេះមាត់និយាយថា មិនចង់មានស្នេហា ចង់នៅម្នាក់ឯង ម្នាក់ឯងមានអីមិនល្អ ម្នាក់ឯងក៏បាន ម្នាក់ឯងគ្រប់គ្រាន់ហើយ តែទីបំផុតនៅតែបន្តមានស្នេហ៍ដដែល។ ពិបាកយល់ពីជម្រៅបេះដូងណាស់ តើបេះដូងចង់បានអ្វី ឲ្យប្រាកដជាក់លាក់នោះ? អាចរកស្នេហាដែលមិនឲ្យមានក្តីឈឺចាប់បានដោយរបៀបណា? អាថ៌កំបាំងដែលអាចជួបស្នេហ៍ពិត មិនឈឺចាប់ ឬក៏ត្រូវដើរមួយជំហាន ឲ្យធ្លាយដល់ជើងមេឃ ហើយតាមទៅរកឲ្យឃើញ គម្ពីរអាថ៌កំបាំងមួយ ចំណាយពេលបើកអានគម្ពីនោះ ដោយផ្ចិតផ្ចង់ម្តងមួយទំព័រ ប្រហែលបែបនេះហើយមើលទៅ។ ​
សរុបសេចក្តីមក ស្នេហាដែលមិនឈឺចាប់ នៅតែជាចម្ងល់ស្រាយមិនទាន់ចេញ ធ្វើយ៉ាងណាកុំឲ្យឈឺចាប់ទាំងស្រុង ដូច្នេះចង់ដឹងពីអ្នកដែលធ្លាប់មានបទពិសោធន៍ ក្នុងរឿងស្នេហា ទោះជាស្នេហាបែបណាក៏ដោយ ជាស្នេហាជោគជាំ ជាស្នេហាលំៗ ស្នេហាលេងៗ ស្នេហាភ្លើងចំបើង ឬក៏ស្នេហាភ្លើងរោលរាលយ៉ាងម្តេចក្តី ជួយចូលមកបកស្រាយផ្តល់យោបល់បន្តិចមក។ ដើម្បីងាយស្រួលសំយោគ រកចំនុចរួមមួយ ហើយចាត់ទុកជាការចែករំលែក ឲ្យបានដឹងទាំងអស់គ្នាផង​ ខ្ញុំក៏ចង់ដឹងដែរ។
អត្ថបទបរិយាយរឿងស្នេហាឈឺចាប់ដោយ កវីសន្សើមត្រជាក់ ផ្ញើជូនជាពិសេសទៅកាន់ អ្នកដែលធ្លាប់មានក្តីឈឺចាប់រឿងស្នេហា ឈឺចាប់តិចៗ ឬឈឺចាប់ខ្លាំងក៏ដោយ។
     សុំឃ្លាតឆ្ងាយពីសំណេរមួយរយៈសិន ដោយសារពេលវេលាមិនគ្រប់គ្រាន់ ឆ្លៀតសរសេរបានខ្ញុំនឹងព្យាយាម អរគុណរាល់មតិយោបល់នានា អរគុណដែលតាមដានអានអត្ថបទនានារបស់ខ្ញុំ អរគុណដែលធ្លាប់អានរឿងប្រលោមលោកខ្លីៗ ដែលខ្ញុំបានសរសេរពីមុនមក។
បន្ទាប់ពីផុសអត្ថបទ ដែលបាត់មុខមិនបានសរសេរច្រើនថ្ងៃមកហើយដែរនេះ ខ្ញុំក៏អាចនឹងត្រូវបិទកុំព្យូទ័រ ដែលកំពុងលាន់លឺដោសសារកង្ហារម៉ាស៊ីនវា វាក្តៅបន្តិចដែរហើយ តាំងពីព្រឹករហូតដល់ពេលនេះ វាហាក់បើកដំណើរការច្រើនម៉ោងដែរហើយ ដូច្នេះដាក់ឲ្យវាសម្រាកបន្តិចសិនហើយ។ រីឯទូរស័ព្ទដៃវិញក៏អាចចុចលើពាក្យLogoutសិនហើយ ដោយសារបើកលេងហ្វេសប៊ុកបានបន្តិច ក៏ដល់ម៉ោងដំណេកទៅហើយ។ អូសស្រ្គីនឡើងលើបន្តិចដើម្បីឃើញប៊ូតុងសញ្ញា រួចចុចលើរូបសញ្ញាវ៉ាយហ្វាយ បិទអុីនធើណិតទាំងព្រមតែម្តង គិតប្រះខ្លួនទន្ទឹងសង្ឃឹមលង់លក់ ជាមួយសុបិនល្អទៅចុះ រាត្រីសួស្តីមិត្តៗទាំងអស់គ្នា ខ្ញុំងងុយហើយពេលនេះ សុំចូលដំណេកមុនហើយ៕
@កវីសន្សើមត្រជាក់

Similar Products

2760863814593308494

Add a review