លួចស្រលាញ់មានបាប?

Not allow reviews

អត្ថបទ



     ដូចជាមិនយល់អត្ថន័យ ហើយក៏ហាក់មិនយល់នូវអ្វី ដែលខួរក្បាលខ្លួនឯងបានគិតគំនិត។ ពេលខ្លះអាចសុញម្តងៗ បើថាបេះដូងមួយនេះវាគាំង លែងដំណើរការទៅមុខក៏មិនត្រូវ ព្រោះនៅមានចិត្តលួចស្រឡាញ់គេនៅឡើយ? ពាក្យត្រឹមថាលួចស្រឡាញ់អាចមានបាបឬទេ? ចង់ណាស់មានវេលាមានពេលមានឱកាសផ្អែមល្ហែម ដូចគូគេដទៃ មានអ្នកTake Careដូចគេ។ ចង់មានអ្នកខលមកព្រឹកព្រលឹមថា៖ អរុណសួស្តីអូនសម្លាញ់ ចង់មានអ្នកខលប្រាប់ពាក្យមួយឃ្លាថា៖ រាត្រីសួស្តីមុនពេលចូលគេងម្ចាស់ចិត្ត។ រាប់សិបសំណួរចាក់ដោតចិត្តខ្ញុំម៉្លេះណា។ តើពេលណាជួបជីវ៉ា ម្តេចយូរណាស់ហើយមិនព្រមយាត្រាមក។ ច្រណែនស្រីម្នាក់នោះ ហេតុអ្វីមិនមែនជាម្នាក់នេះ? កម្សួលនៃបញ្ឆេះបេះដូងឆេះឡើងធ្វើឱ្យចិត្តខ្ញុំ ឆួលឡើងម្តងៗ រកវិធីពន្លត់ស្ទើរមិនទាន់។
     ពេលខ្លះហ៊ានទាំងលួចស្រមៃថា បាននៅក្បែរបុរសម្នាក់នោះទៀតផង។ តើអ្នកណាអាចជួយឆ្លើយសំណួរ ទាំងនេះបាន? មាត់ពេលខ្លះបានត្រឹមកុហកមិត្តភក្កិរបស់ខ្ញុំ ថាមិនទាន់ចង់គិតទេរឿងស្នេហា តាមពិតមិនអាចកុហកបេះដូងខ្លួនឯងបានឡើយ។ មិនអាចទ្រាំប្រើឃ្លាថាមិនច្រណែន ហើយចារលើបេះដូងខ្លួនឯងបានឡើយថាមិនចង់មានស្នេហានោះ។
     រងាក៏រងា កម្សត់ក៏កម្សត់ ឯកាក៏ឯកា បើសិនជាមានគាថា អាចជប់ឱ្យអ្វីដែលជាបំណង ចង់បាននោះ ប្រហែលជប់មុនគេគឺបុរសម្នាក់នោះហើយ ។ កំហុសមួយដ៏ធំនោះ គឺស្រឡាញ់មនុស្សម្នាក់ ដែលមានសង្សារហើយ ចិត្តអើយម្តេចឡើយលួចប៉ងទាំងដឹងថាគេមានគូគេហើយ។ យូរៗទៅកាន់តែយូរទៅ បណ្តោយបេះដូងឱ្យទាមទារហួសព្រំដែន ម្តេចខ្ញុំមិនព្រមបើកចិត្តបើកបេះដូង ទទួលយកមនុស្សបេះដូងទំនេរ ដែលមិនមានសង្សារទៅ បដិសេធដល់ណា? ឱទំព័របេះដូងនៃខ្ញុំអើយល្មមហើយអនុញ្ញាត្តិ ឱ្យខ្ញុំបានអានដល់ចំណងជើងដ៏សំខាន់មួយនោះផង គឺទំព័រដែលមានចំណងជើងថា #ជួបហើយបុរសក្នុងក្តីស្រឡាញ់ រីឯអត្ថន័យក្នុងទំព័រនោះមិនសុំអ្វីច្រើននោះទេ សុំមានបង្កប់ន័យថា សុភមង្គលពិត ស្រឡាញ់គ្នាមិនយូរទេ សុំត្រឹមផុតដង្ហើមនៃជីវិតប៉ុណ្ណោះ។
     ខ្ញុំគិតហើយគិតទៀត គិតទៅគិតមក សរសេរហើយសរសេរទៀត អានឡើងច្រើនលើកច្រើនសារ ត្រលប់មក សរុបមកទាំងអស់ខាងលើនេះ គ្រាន់ជាការស្រមើស្រមៃ នៃអារម្មណ៍ហើយលួចស្រឡាញ់គេតែម្នាក់ឯង តែបើមានពេលណាមួយគេដឹង តើគួរបញ្ចប់ដោយរបៀបណា? ឬត្រូវបន្តសន្សំចិត្តលួចស្រឡាញ់គេ បន្តតែម្នាក់ឯងបែបនេះទៀត?
ផ្ញើជូនជាពិសេស ទៅកាន់មិត្តភក្កិម្នាក់នៅក្នុងហ្វេសប៊ុក ហើយអាចជារឿងពិតនៃគាត់ម្នាក់នោះ។ បើសិនជាសំណួររបស់គេនោះ សួរមកកាន់ខ្ញុំវិញថាមានបាបដែរឬទេ? ខ្ញុំឆ្លើយថាមានបាប តែមិនមានបាបចំពោះអ្នកដទៃនោះទេ គឺមានបាបចំពោះខ្លួនឯងនោះហើយ គួរបើកបេះដូងទទួលយកមនុស្សដែលស្រឡាញ់ខ្លួនវិញ៕
អត្ថបទដោយ @កវីសន្សើមត្រជាក់

Similar Products

7385183238004851842

Add a review