ទឹកភ្នែកលាងរបួសផ្លូវចិត្ត

Not allow reviews

អត្ថបទ

→ម្តេចក៏គ្រាន់តែផ្សងព្រេងយាត្រា ជាមួយជីវិតសោះកក្រោះ កាត់ភ្លៀងដោយស្លាបសោះ ក៏ជួបរឿងរងគ្រោះ ទាំងមានស្នាមរបួស នៅថាចង្អៀតដង្ហើមតែនៅរស់ និងចង់ចេញហួសទៅទៀត? ហើរកាត់ភ្លៀងប៉ុណ្ណឹងរបួសដល់ម្លឹងផងឬ? លាក់បាំងខ្ញុំមែនទេ?
→ត្រូវហើយ តាមពិតតំណក់ទឹកភ្លៀង មិនបានធ្វើឲ្យខ្ញុំរបួសទេ តែតំណក់ទឹកភ្លៀង ​បាននឹងមកជួយលាងឈាមរបួស ឲ្យខ្ញុំទៅវិញទេ។ ឈាមដែលស្រក់មកនេះ ជាឈាមដែលមុតដោយបន្លា។ ខ្ញុំធ្វើដំណើរកាត់កុលាបមួយទង ដំបូងគិតថាកុលាបនោះស្រស់ មានក្លិនពិដោរ ក៏បានហើរទៅក្បែរ ចៃដន្យអី មុតបន្លាដោយមិនដឹងខ្លួន។ ឈាមស្រក់តក់ៗរហូត ស្រក់ឥតដាច់ ស្ទើរក្លាយជាស្នាមផ្លូវ ផែនទីក្រាលលើដី និងស្រក់ជាតំណក់ឈាមលើស្លឹកឈើ តាមដងព្រៃព្រឹក្សាទៅហើយ។ ខ្ញុំឈឺបន្តិចពិតមែន តែឈឺមិនស្លាប់ នៅអាចហោះ ចាកចេញពីពិភពដ៏សោកសៅនោះបាន។ អ្នកនាងអាចមើលមកខ្ញុំ ទៅមើល ខ្ញុំមិនទាន់ស្លាប់ឯណា នៅអាចសន្ទនាឆ្លើយឆ្លង ជាមួយអ្នកនាងបាននៅឡើយទេតើ។
→ជាស្លាបកន្លង់ឬ? ទើបបានឃើញបុប្ផា ក៏តម្រង់ទិសហើរ សំដៅដើរចូលតែម្តង គ្រោះថ្នាក់បែបហ្នឹង សមមុខហើយ ព្រោះកន្លង់ក្រេបតែបុប្ផាណាដែលមានលំអង ក្រេបហើយក៏ហោះចេញ ទៅក្រេបបុប្ផាថ្មីទៀត ក្រេបមិនចេះឈប់ កន្លង់សាវា សាវាដោយសារស្លាប ហោះបានចេះតែហោះទៅ។
→អ៊ូយ! ថ្មមបន្តិចមកអ្នកនាង ម្តេចក៏និយាយដល់រឿងនេះ ក៏ខឹងហើយក្តៅ ថែមទាំងរុំរបួសខ្ញុំ ធ្ងន់ដៃទៅទៀត។
→អូ! ខ្ញុំឆួលចិត្តក្តៅក្នុងរឿងហ្នឹងពិតមែន សុំទោស ឈឺទេ? ធ្ងន់ដៃបន្តិចមែនហើយ។
→ខ្ញុំជាស្លាបអារម្មណ៍ មិនមែនជាស្លាបកន្លង់ទេ ហើយជាអារម្មណ៍ដែលមានអារម្មណ៍។ ហើរកាត់ទីកន្លែង ដែលមានភាពស្រស់ត្រកាល របស់ផ្កាទៅហើយ គ្រាន់តែបង្អង់ល្បឿន ហើយប្រើច្រមុះ ដើម្បីក្រេបស្រង់ ត្រឹមក្លិនក្រអូបនៃផ្កា ហើយឈរទ្រឹងមើលផ្កា ខុសដែរឬ?
→មិនខុសទេ តែខ្ញុំគិតថា លោកមិនមែនត្រឹមតែឈប់ ដើម្បីក្រេបស្រង់ក្លិន ឬក៏ទ្រឹងសម្លឹងមើលទេ ប្រាកដជាបានលង់ស្នេហ៍លើបុប្ផានោះហើយ ទើបមានរបួសបែបនេះ មែនទេ? មិនដែលសុខៗ ឯណា បន្លាហោះមកចាក់ទម្លុះ ស្លាបលោកទេ ខ្ញុំថានេះត្រូវទេ?
→អីយ៉ា! នេះអ្នកនាងកំពុងតែ តាមភ្ជុចខ្ញុំហើយទេតើ។ ត្រូវហើយ សម្តីអ្នកនាងនិយាយមិនខុសទេ សម្តីនេះបាញ់ចិត្តខ្ញុំ ប្រកែកមិនបាន តែក៏ចង់បកស្រាយបន្ថែម។ ខ្ញុំលង់លើបុប្ផានោះមែន ស្នេហ៍លើបុប្ផានោះមែន។ ដូចដែលខ្ញុំប្រាប់អ៊ីចឹង ព្រោះខ្ញុំជាអារម្មណ៍ ហើយមានអារម្មណ៍។
→ឃើញទេៗ! ថាអីចេះខុស ដឹងអ៊ីចឹង មិនខ្ចីជួយរុំរបួសឲ្យទេ ទុកឲ្យស្រក់ឈាមចេញពីខ្លួន ឲ្យខ្សោះអស់តែម្តងទៅ។
→ខ្ញុំដឹងថាអ្នកនាងមិនដាច់ចិត្ត ឃើញឈាមខ្ញុំស្រក់បែបនេះទេ ព្រោះអ្នកនាងមិនចេះឃើញគេវេទនាហើយ មិនជួយនោះទេ។
→ម៉េចក៏លោកដឹង?
→ចុះក្រែងនិយាយមុននេះបន្តិចនោះអី ឆាប់ភ្លេចម៉្លេះ? អ្នកនាង ខ្ញុំចង់សុំពឹងអ្នកនាងរឿងមួយបានទេ?
→រឿងអីដែរ?
→​ខ្ញុំចង់សុំ ទឹកភ្នែកអ្នកនាងដើម្បីលាងរបួសខ្ញុំ។
→ថាម៉េច? លោកឆ្កួតទេឬ? យកទឹកភ្នែកលាងរបួស? ហើយចុះពេលនេះខ្ញុំកំពុង តែលាងរុំរបួសឲ្យលោកហើយតើ។
→ទេ នេះត្រឹមជារបួសស្លាប ដែលមានឈាមដាប តែអ្វីដែលខ្ញុំយកទឹកភ្នែក របស់អ្នកនាងមកលាងរបួសនោះគឺ របួសផ្លូវចិត្ត ហើយជារបួសដែលគ្មានឈាម មើលមិនឃើញឈាម ទៅវិញទេ នេះជាអ្វីដែលខ្ញុំចង់និយាយ។
→លោកនេះ ពិតជាអារម្មណ៍ ដែលពូកែកំប្លែងមែន ស្អីគេ ទឹកភ្នែកលាងរបួសផ្លូវចិត្ត មិនដែលលឺទេ។
→និយាយមែនណា មិនមែនកំប្លែងទេ។
→លាងដោយរបៀបណា ប្រាប់បន្តិចបានទេ?
→ចង់ដឹង អង្គុយកៀកក្បែរខ្ញុំបន្តិចមក ហើយអាចបិទភ្នែក តែអាចផ្ទៀងត្រចៀកស្តាប់បានហើយ ខ្ញុំនឹងរៀបរាប់ប្រាប់។ អ្នកនាងអាចនឹងគិតថាជារឿងនិទានក៏ថាបាន តែបើគិតដូច្នេះក៏គិតទៅចុះ ព្រោះវា ជារឿងនិទានមនោសញ្ចេតនា។ អារម្មណ៍នៃនិស្ស័យរបស់ខ្ញុំ ក៏បានបញ្ជាក់ប្រាប់ដែរថា អ្នកនាងជាមនុស្សស្រីម្នាក់ ដែលគួរឲ្យទុកចិត្តបាន ហើយអាចកំដរខ្ញុំស្តាប់រឿងនិទានទឹកភ្នែក ដែលមានអត្ថន័យ មនោសញ្ចេតនានេះបាន៕
សាច់រឿងប្រលោមលោកសរសេរថ្មី ដែលមិនទាន់មានចំណងជើង ចេះតែសរសេរក្នុងពេលដែលទំនេរ បង្ហោះចែករំលែកគ្រាន់អានកំដរចិត្តពេលទំនេរផងដែរ!!!
@កវីសន្សើមត្រជាក់

Similar Products

4644431286468660435

Add a review