ធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះទេ?

Not allow reviews

អត្ថបទ

      មួយណានៃអារម្មណ៍ដែលអ្នកធ្លាប់ឆ្លងកាត់? តើស្រាយអារម្មណ៍ទាំងនោះដោយវិធីណា?
•ធ្លាប់ស្គាល់អារម្មណ៍ដែលខូចចិត្តយ៉ាងវេទនា
•ធ្លាប់ស្គាល់អារម្មណ៍ដែលត្រូវគេបោះបង់ចោល ហើយទុកឲ្យនៅឯកោតែម្នាក់ឯង
•ធ្លាប់ស្គាល់សភាពដែលត្រូវរស់តែលតោល អាចដើរទៅមុខ តែត្រឹមជាជំហានដោយថ្មោលៗគ្មានគោលដៅ
•ធ្លាប់មានអារម្មណ៍លង់ចិត្តស្រឡាញ់គេតែម្ខាង ពិបាកទ្រាំយ៉ាងយ៉ាប់យ៉ឺន បេះដូងផ្តើមដាក់សញ្ញាសួរ ហើយក៏គ្មានចម្លើយ មិនដឹងថាត្រូវទ្រាំបែបនេះដើម្បីអ្វី
•ធ្លាប់ត្រូវបានគេជាន់ឈ្លីទឹកចិត្ត មើលងាយមិនឲ្យតម្លៃម្តងជាពីរដង នៅតែមិនដាច់ចិត្តដើរចេញ
•ធ្លាប់ធ្លាក់ដុនដាបជីវិត ហើយគិតថាខ្លួនឯងពិតជាចោលម្សៀត រស់នៅចង្អៀតផែនដី
•ធ្លាប់ស្រាលខ្លួនស្រាលចិត្ត ហាក់បីដូចជាបាត់បង់អ្វីៗគ្រប់យ៉ាង
•ធ្លាប់បង្ខំចិត្តឲ្យបំភ្លេចរឿងគ្រប់យ៉ាង ភ្លេចនូវអតីតកាលមិនល្អ ដែលនៅតែដក់ក្នុងខួរក្បាល
•ធ្លាប់ប្រើស្នាមញញឹមសិប្បនិម្មិត ដើម្បីតែបន្លំភ្នែកមនុស្សដទៃ ក៏ដើម្បីលួងចិត្តខ្លួនឯង
•ធ្លាប់គិតថាពិភពលោកម្តេចក៏សែនគ្រោតគ្រាត សម្រាប់យើងខ្លាំងម៉្លេះ
•ធ្លាប់ប្រែក្លាយពីមនុស្សដែលចូលចិត្តតែនិយាយស្តី ទៅជាមនុស្សថ្មីដែលស្រគត់ស្រគំបំផុត ចូលចិត្តសេរីភាពបំផុត
•ធ្លាប់ព្យាយាមធ្វើអ្វីៗ សម្តី កាយវិការ ទង្វើ និងការលះបង់ដើម្បីតែគេ ខ្វល់ពីគេ ខ្វល់រហូតភ្លេចខ្វល់ខ្លួនឯងចុងក្រោយក្នុងចិត្តរបស់គេ​ យើងត្រឹមជាមនុស្សសូន្យ(ពិន្ទុស៊េរ៉ូក្នុងចិត្តគេ)

តោះចាប់ផ្តើមយកអារម្មណ៍ដែលមិនល្អទាំងនោះ ទៅចាក់ចោលទីណាក៏បាន។ ចោលបន្តិចម្តងៗ ទោះចោលមិនអស់ក៏តាំងចិត្តធ្វើដែរ កុំសម្ងំឲ្យអារម្មណ៍ទាំងនោះក្លាយជាគំនរអារម្មណ៍ដែលហាក់មិនមានប្រយោជន៍ បណ្តោយវាស្ថិតនៅក្នុងខ្លួន និងក្នុងចិត្តរបស់យើងយូរពេក។ មិនអាចចាប់អារម្មណ៍បាន តែអាចប្រើវិធីណាដែល អាចបណ្តែតអារម្មណ៍ទាំងនោះឲ្យហូរទៅ។ ក៏មិនមែនឲ្យវាហូរទៅដល់អ្នកដទៃនោះទេ​ កុំដើម្បីចិត្តនិងអារម្មណ៍ខ្លួនឯង ហើយធ្វើបាបអ្នកណា ធ្លាប់ឆ្លងកាត់អារម្មណ៍ឈឺចាប់ ម្តេចនឹងអាចឲ្យអ្នកណាម្នាក់ឈឺចាប់ដូចខ្លួននោះ។ ព្រឹកមិញខ្ញុំដើរលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក៏អាចបណ្តែតអារម្មណ៍ ឲ្យហូរទៅតាមទឹកទន្លេ ផ្ញើអារម្មណ៍មិនល្អឲ្យហ្វូងសត្វព្រាប ជួយតោងហោះឡើងវេហា ដើម្បីទទួលខ្យល់ត្រជាក់ នៅពេលខ្លះសត្វក៏អាចយល់មនោសញ្ចេតនារបស់ខ្ញុំបានដែរ ធូរចិត្តច្រើនណាស់ដែរ។ សាកល្បងកម្សាន្តចិត្តខ្លះទៅ ដើរលេងជួបជុំមនុស្សម្នាខ្លះ ពិភពលោកមិនតូច តូចរហូតគ្មានមនុស្សល្អនោះទេ នៅមានមនុស្សល្អៗ រស់នៅពាសពេញផែនដីនៅឡើយទេតើ។ មនុស្សល្អមិនអាចមើលតែនឹងភ្នែកទេ អាចនឹងត្រូវប្រើចិត្តដើម្បីមើល បន្ថែមគួបផ្សំជាមួយពេលវេលា ដើម្បីស្ទង់មើលចិត្តរបស់គេ យកចិត្តមើលចិត្ត ពេលវេលាដើម្បីរកអ្នកយល់ចិត្ត។
ខែក្រោយគិតដើរលេងឆ្លងខេត្តម្តង​ យកអារម្មណ៍ដែលមិនល្អ ឲ្យរៀនស្គាល់អារម្មណ៍ដែលល្អ ទេសចរណ៍កម្សាន្តអារម្មណ៍ អ្នកណាចង់ដើរលេងខ្លះ? តោះ!!!
@កវីសន្សើមត្រជាក់

Similar Products

1158212829223117131

Add a review