សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំភាគ១១

Not allow reviews

អត្ថបទ

ផ្កាស្រគត់ស្រគំ

ល្ងាចថ្ងៃរៀបលិច ស្រូតរូតរះទៅស្រោចទឹកថែទាំផ្កា ពេលវេលាក្បែរផ្កាមិនបានប៉ុន្មានផង ភាពងងឹតនៃរាត្រីកាល ក៏ចូលខ្លួនមកដល់បាត់ទៅហើយ។ ណ្ហើយ! ដាក់ចិត្តនិយាយលាទៅផ្កា ដែលកំពុងស្រស់ញញឹម ព្រោះទើបស្រោចទឹកយ៉ាងត្រជាក់។ អ្នកថែក៏លា លាទាំងអួលអាក់ហឫទ័យ សឹងតែនឹងថាបើអាចលើកផ្កា ទៅដាក់ក្បែរក្បាលដំណេក ក៏នឹងធ្វើតែម្តង។ តែពិតមិនអាច ព្រោះផ្កានោះមិនមែនជាផ្កាក្នុងផើង គឺឫស​ចាក់ជាប់នឹងដី។ ហុឺ!!! លាទាំងមិនដាច់អាល័យ ដើរចេញត្រឡប់ទៅផ្ទះ ដើរបណ្តើរងាកមើលផ្កាបណ្តើរ ដំណើរដើរច្រានស្រមោលខ្លួនឯង រីឯផ្កាវិញហាក់ដូចមានវិញ្ញាណ សំឡេងតក់ៗ ជាតំណក់ទឹកស្រក់ពីស្លឹកផ្កា ដោយសារទើបស្រោចស្រព ប្រៀបបានជាតំណក់ទឹកភ្នែកនៃផ្កា។ កុំស្រពោន កុំស្រគត់ស្រគំ ដល់ម្លឹងពេកអីណាផ្កា វេលាព្រឹកថ្មីខ្ញុំនឹងមកមើលម្តងទៀត កុំបារម្ភព្រួយអីយើងមិនបែកគ្នាទេ។
ជាមនោសញ្ចេតនា សម្រាប់អ្នកដែលចូលចិត្តស្រឡាញ់ផ្កា មនោសញ្ចេតនាប្រាស្រ័យទាក់ទង ជាមួយផ្កា អាចយល់ អាចដឹងអារម្មណ៍ផ្កា មិនចង់ឃើញផ្កាស្រពោន ក្រៀមស្វិត លាស់ឡើងឲ្យបំព្រង លម្អកំដរសួនភពផែនដី សាយក្លិនក្រអូបដល់នភាល័យ។

ប្រទាក់ក្រឡាចូលបន្តមកដល់ សាច់រឿងប្រលោមលោកវិញម្តង រឿងតភាគ ដែលជំពាក់មិនបានសរសេរយូរខែដែរហើយ។
«កញ្ចនា» ហេតុអីក៏បងកាន់ដៃអូន ហើយទឹកមុខហាក់បីស្លេកស្លាំងខ្លាំងម៉្លេះ? បងមានរឿងអីចម្លែកម៉្លេះ មិនមាត់សូម្បីមួយម៉ាត់ អង្គុយទីនេះជាង១០នាទីទៅហើយ។
«ណារាជ» គ្មានរឿងអីទេណាសំណព្វចិត្តបង គ្រាន់តែកាន់ដៃក៏មិនបានដែរ បងមិនកើតអីឯណា បើមិនជឿយកដៃស្ទាបទ្រូងខាងឆ្វេងបងមើល។ ឃើញទេត្រង់នេះជាបេះដូង វានៅកំពុងលោតកំដរអូនហើយតើ។
«កញ្ចនា» តែបេះដូងនេះ ដូចជាលោតលឿនខុសពីធម្មតា ហើយក្តៅទៅទៀត ប្រាប់អូនមកបងមានរឿងអីលាក់អូន?
«ណារាជ» បើបងនិយាយហើយ អូនកុំយំណា សន្យានិងបងណា ទោះជាយ៉ាងណាក៏ដោយ។ និយាយទាំងទឹកមុខកាន់តែស្លេកព្រួយខ្លាំងឡើងៗ កញ្ចនាក៏កាន់តែសម្លឹងទៅកាន់ណារាជ មិនដាក់ភ្នែក ហើយក៏កាន់តែរន្ធត់ឡើង ពេលលឺណារាជនិយាយដូច្នោះ។
«កញ្ចនា» និយាយមក អូនចាំស្តាប់ កុំធ្វើឲ្យអូនភ័យណា។ រាជ!រាជ! បងកើតអី ស្រែកបែបនេះហើយ ក៏យកដៃទៅជូតច្រមុះណារាជ រាជ ម្តេចក៏បងហូរឈាមច្រមុះច្រើនយ៉ាងនេះ? បងកើតអី? កញ្ចនានិយាយទាំងយំ ហើយឈាមក៏ជោគពេញបាតដៃកញ្ចនាដែរ។
«ណារាជ» សន្យានឹងបងសិនមក ចាំបងប្រាប់ ហើយហាមយំ ហាមយំចាប់ពីពេលនេះលឺទេ។
«កញ្ចនា» ទេ! អូនបារម្ភណាស់ បងហូរឈាមច្រើនណាស់ តោះទៅពេទ្យ។
«ណារាជ» បងទៅពេទ្យ តាំងពីព្រឹកមិញរួចហើយ តែ តែ...
«កញ្ចនា» តែអី? ប្រាប់អូនមក។
«ណារាជ» ហុឹម!! បងសុំទោស ប្រសិនគ្មាន...
«កញ្ចនា» ចង់និយាយថា បើគ្មានបងមែនទេ? បងចង់ទៅណាចោលអូន? ចង់ទុកឲ្យអូននៅម្នាក់ឯងមែនទេ? ទេអូនមិនអាចធ្វើចិត្តបានទេ។
«ណារាជ» ឈប់យំទៅ ម្ចាស់ចិត្តបង យំបែបនេះ លែងស្អាតអស់ហើយ។ បងមានទៅណា បងនិយាយមិនទាន់ចប់ផង បងចង់និយាយថាឲ្យបងសុំទោស បងគ្មានកើតអីទេ តែបងឃ្លានញុាំ បបរពេលនេះយើងគួរចេញពីមាត់ទន្លេ ហើយជិះទៅញុាំបបរសនៅផ្សារទួលទំពួង ព្រោះបងឃ្លាន។
«កញ្ចនា» ថាម៉េច? ហើយប្រាប់អូនមក ម្តេចក៏បងឈាមច្រមុះ?
«ណារាជ» បងទៅពេទ្យហើយ ពេទ្យថាបងក្តៅក្នុង មកពីលេងបាល់ហាលក្តៅពេក មកហែលទឹកទៀត ណាមួយអាកាសធាតុប៉ុន្មានថ្ងៃនេះប្រែប្រួលលឿនពេក ក្តៅត្រជាក់លឿនៗពេក លេបថ្នាំតែស្អែកអីជាហើយ តែញុាំតមបន្តិច ដូចជាតមហឹរ និងទឹកកក។ ម៉ោះ! ខិតមកក្បែរបងមក បងជូតទឹកភ្នែកឲ្យ នៅយំអ៊ីចឹង គេមិនលក់បបរឲ្យទេ មុខស្អុយបែបហ្នឹងនោះ។
«កញ្ចនា» បងឯងនេះ ខូចណាស់ អូនភ័យស្ទើរគាំងទៅហើយ។ ហុឹស!! មូរឲ្យជាំតែម្តងទ្រូងហ្នឹង។
«ណារាជ» អ៊ូយៗ អ៊ូយៗ ឈឺណាស់ ជាំទាំងបេះដូងបងឥឡូវហើយ។
«កញ្ចានា» មិនដឹងទេ នេះជាការពិន័យដែលធ្វើឲ្យអូនទឹកភ្នែក ងាកមុខមកនេះ និយាយឲ្យណារាជងាកមុខមកហើយ កញ្ចនាក៏ប្រើបបូរមាត់ទៅថើបថ្ពាល់ណារាជមួយខ្សឺត ហើយនិយាយថា ម៉េច មួយខ្សឺតនេះ បេះដូងបងនៅឈឺទៀតទេ?
«ណារាជ» បាទ ឈប់ឈឺហើយ ជាហើយ តែស្នាមក្រេមអូនជាប់លើថ្ពាល់បងហើយ។ និយាយហើយណារាជក៏យកដៃទៅច្បូតច្រមុះ របស់កញ្ចនាថ្មមៗវិញ រួមទាំងថើបក្បាលកញ្ចនាមួយខ្សឺតវិញផងដែរ៕
ភាគនេះជាការជូនតាមសន្យា ខ្ញុំសរសេរបានប៉ុណ្ណឹង សូមមរង់ចាំភាគបន្តនៅរាត្រីបន្ទាប់ទៀត អរគុណចំពោះការពេញចិត្តអាន!
កវីសន្សើមត្រជាក់

Similar Products

3322508057406532280

Add a review