មានគំនិតចង់បោះបង់

Not allow reviews

អត្ថបទ


      ភ្ញាក់ពីព្រឹកព្រលឹម ស្រាប់តែដកដង្ហើមធំ ជាមួយនឹងភាពអស់សង្ឃឹម ហើយក៏គិតចង់បោះបង់?
យប់ឡើងងងឹតមិនទាន់ បិទទ្វារបន្ទប់ សម្ងំទុក្ខសោកតែម្នាក់ឯង លួចមានគំនិត គិតថាចង់បោះបង់?
តូចចិត្តនឹងខ្សែជីវិត ដែលរដិបរដុប បញ្ហាហើយ បញ្ហាទៀត បញ្ហាមិនចេះចប់ ពិតជាហត់ណាស់។ ថ្លែងប្រាប់អ្នកណា ក៏មិនមានអ្នកយល់ដែរ។ គេថាធរណីធ្ងន់ តែទម្ងន់ចិត្ត ពោរពេញដោយបញ្ហាទេតើ ដែលធ្ងន់ ធ្ងន់សង្កត់ការគិត ឲ្យពិបាកដកដង្ហើម។
គិតខ្លី? ចង់គិតខ្លី? បើថាអ្នកចង់គិតខ្លី ក៏គិតបាន តែគិតខ្លីក្នុងន័យវិជ្ជមាន គឺដកឃ្លាចិត្តបន្តិច មកសង្រួមគិតតិចៗ មិនគិតវែងឆ្ងាយស្មុគស្មាញពេក មិនគិតអ្វីដែលជាសម្ពាធចិត្តបន្ថែម សមាធិបន្ថយភាពតប់ប្រមល់តានតឹង រៀនស្ញង់អារម្មណ៍ ប្រមូលយកតែអ្វីដែលនាំចិត្តឲ្យស្ងប់ នៅពេលដែលចិត្តស្ងប់ ការគិតខ្លីក្នុងន័យអវិជ្ជមាន ក៏ត្រូវបានរសាត់ចាកចេញពីអ្នក ជាបណ្តើរៗដែរ។ ដើរដួលអ្នកត្រូវក្រោក រត់ដួលអ្នកក៏ត្រូវក្រោក នៅពេលដែលអ្នកមានកម្លាំងចិត្តឡើងវិញបានហើយ នោះការបន្តដំណើររបស់អ្នក ពិតជាមិនងាយដួលដោយវេទនា ទៀតនោះទេ។
→ដរាបណាមិនទាន់បោះបង់ នៅតែមានក្តីសង្ឃឹម។
→ដរាបណាមានក្តីសង្ឃឹម ឱកាសនៅតែមាន។
→ឱកាសមិនទាន់ស្លាប់ទេ ព្រោះយើងមិនទាន់បោះបង់។
សរសេរវិលទៅវិលមក អានឡើងចង់ក្រពុលមុខ ព្រោះខ្ញុំចង់សង្កត់ធ្ងន់លើឃ្លាថា «កុំទាន់បោះបង់»។
ទោះបើដឹងថា ការបាត់បង់ក្នុងរឿងខ្លះ មិនអាចស្រោចស្រង់បានវិញក៏ដោយ តែអ្វីដែលយើងគួរធ្វើបន្តនោះ គឺព្យាយាមថែរក្សា កុំឲ្យបាត់ក្នុងរឿងថ្មីទៀត ចៀសវាងមានវិប្បដិសារីសារជាថ្មី មិនថាជាវិប្បដិសារីក្នុងរឿងជំនួញរកស៊ី ការងារ ការសិក្សា មិត្តភាព ឬក៏ជាវិប្បដិសារី ក្នុងរឿងស្នេហាក៏ដោយ។
ជើងមេឃនៅឆ្ងាយ ហើយក៏មិនអាចដើរទៅដល់ជើងមេឃដែរ តែបើនៅតែសម្ងំមិនព្រមដើរទៅមុខ គឺប្រាកដជាទ្រឹងនៅមួយកន្លែងហ្នឹងហើយ។
អត្ថបទនេះ សរសេរអក្សរដើរប្រដេញទៅមុខ អ្នកអានក៏អានដេញកាត់ក្រសែភ្នែកទៅមុខ។
អ្នកណាក៏ធ្លាប់មានអារម្មណ៍បោះបង់ តែល្គឹកណាតែមិនទាន់បោះបង់ គឺនៅតែអាចបន្តទៅមុខបាន៕
កវីសន្សើមត្រជាក់

Similar Products

1278291070310112336

Add a review