ឈឺចាប់ព្រោះនឹករឿងចាស់

Not allow reviews

អត្ថបទ



     បាតដៃដ៏សែនគ្រោតគ្រាត ជីវិតធ្លាប់គិតថាផែនដីតូចចង្អៀត ដំណើរផ្សងព្រេង ជួបតែរឿងចោលម្សៀត ។ នៅចងចាំបានថា ធ្លាប់នៅលើរថយន្តក្រុង ហូរស្រក់ទឹកភ្នែក ដោយសារនឹករឿងចាស់ ។ ក្បាលផ្អៀងទៅផ្នែកម្ខាងនៃកញ្ចក់ ហើយសម្ងំគាស់កកាយ រឿងចាស់ នឹកស្តាយរឿងចាស់ ។ ទឹកមុខស្រពាប់ស្រពោន ខ្មាសអស់ធម្មជាតិ ទាញមួកគ្របទម្លាក់បាំងមុខ ហាក់ដូចមិនចង់ឃើញផែនដីមួយនេះ ។
      ជីវិតបាត់បង់រឿងតែមួយផ្នែកសោះ បែរជាគិតថា បាត់បង់អ្វីៗគ្រប់យ៉ាង បន្ទោសខ្លួនឯងក៏មិនសម បន្ទោសអ្វីដែលបាត់បង់នោះ ក៏មិនកើត ។ គ្រប់ការជួប និងការនិរាសព្រាត់ប្រាស់ វាគង់តែចូលមកដល់ បើនៅតែព្រួយកង្វល់ គឺនៅតែជារឿងខ្វាយខ្វល់ ។ ធ្វើហីៗខ្លះទៅ បើដឹងថាគាស់កាយវាមកហើយឈឺចាប់ កប់វាទុកសិនទៅ ព្រោះអនុស្សាវរីយ៍ ជាការជំរុញចិត្ត ឱ្យកាន់តែឈឺ ។ នៅពេលដែលចិត្តឈឺចាប់ វាតែងតែរវើរវាយ នឹករឿងនេះ នឹករឿងនោះ ចង់តែធ្វើរឿងឆ្កួតៗ ហើយកាន់តែខុសធ្ងន់ទៅទៀត ។
     ទម្លាប់ស្រាយចិត្តបន្តិចម្តងៗ បំភ្លេចបន្តិចម្តងៗ បង្រៀនខ្លួនឯង ឱ្យរឹងមាំបន្តិចម្តងៗ សន្សឹមៗ ព្រោះអ្វីក៏ដោយ គឺត្រូវការប្រើពេលវេលា ។ បេះដូងរបស់មនុស្យ មិនដូចជាProgramនៃកុំព្យូទ័រទេ ចង់Format ពេលណាបានពេលនោះ នោះទេ។ បេះដូងក៏ពិបាករកណាស់ដែរ កម្មវិធីScan Virus ។ កម្សាន្តចិត្តខ្លះទៅ ដំណើរជីវិត វារមែងតែងតែមានពេលជួបសុខ មានពេលជួបទុក្ខ បែបនេះហើយ ។ ផ្លូវជីវិតសែនវែង បត់បែនច្រើនសណ្ឋានណាស់ ប្រទះសេចក្តីសុខមិនបានភ្លាមៗ ក៏មិនគួរបន្ថែមសេចក្តីទុក្ខ ឱ្យខ្លួនឯងលើសនេះទៀតដែរ ។ នេះហើយជាទំហំការឈឺចាប់ បើគេមិនអាណិតយើងទៅហើយ ដូច្នេះយើងខ្លួនឯងហ្នឹងហើយ ដែលត្រូវអាណិតខ្លួនឯង ។
សំណេរសរសេរ ពេលអង្គុយលើរថយន្តក្រុង ក្បែរមាត់បង្អួច មើលតំណក់ទឹកភ្លៀង កំពុងតែស្រក់ ៕
កវីសន្សើមត្រជាក់

Similar Products

1654215992362669918

Add a review