ទំព័រទឹកភ្នែក មនុស្សកម្សត់

Not allow reviews

អត្ថបទ


ផ្លូវជីវិតមួយនេះហាក់ខ្វាត់ខ្វែង      គោលដៅមួយនោះនៅឆ្ងាយសែនវែង
ដំណើរលាយឡំដោយក្តីចំបែង      ដែនដីល្វឹងល្វើយដេកដើរម្នាក់ឯង។
ជំហានឯកាគ្មានអ្នកប្រឡែង      រស់នៅគ្មានអ្វីជាប់ជាសំញែង
គិតៗទៅប្រៀបជាឆាកកំប្លែង      សាច់រឿងល្អគ្មានអ្នករួមសម្តែង
អារម្មណ៍ស្នេហាតែគ្មានតំណែង      ស្រឡាញ់ចង់វាចាប្រាប់ថ្លាថ្លែង
ចង់កៀកក្បែរស្ងួនថ្នាក់ថ្នមតាក់តែង      តែនៅតែញញើតខ្លបខ្លាចក្រែង
ទទួលសម្តីស្រែកតបក្តែងៗ      មុខជាស្រក់ឈាមមុតជាងលំពែង
ចិត្តបេតីអាចដាច់ខ្សែដូចខ្លែង      តែលតោលខ្សោះខ្សត់គ្មានអ្វីស្ញប់ស្ញែង
រឹតតែមិនមានអ្វីមកខែងរ៉ែង      ចិត្តស្ម័គ្រ​ស្មោះត្រូវគេកៀចបង្វែង
ចិញ្ចាចពណ៌មាសមិនស្មើទង់ដែង      រឿងសញ្ចេតនានៅមានអ្នកប្រជែង
ចាប់ចូលសមរភូមិនៃភាពទាស់ទែង      ប្រយុទ្ធដណ្តើមខ្លាំងក្លាស្វះស្វែង
បេះដូងបងនឹមនួនចោលគ្រវែង       បុណ្យបាបក៏មិនញញើតរអែង
ស្រទេញស្រវាបន្តខ្នះខ្នែង       ពិបាកទ្រាំរៀនរស់ដោយប្រឹងប្រែង
ពេលហត់សម្រាកទ្រឹងមួយកន្លែង      សង្ខារសែនស្រអាប់មិនចាំងចែង
ឱកាសដូចកម្តៅក្តៅសូរសែង       ភាពសោកសៅក្រាលក្រាស់ដូចកំផែង
ផ្អោបភ្ជាប់ជំនន់ទឹកភ្នែកត្រាំត្រែង      ខួរក្បាលចងចាំរឿងចាស់មិនលែង
គ្រួសារការងាររៀនស្នេហាបែង      ចែកជាមុំបួនចតុកោណកែង
គិតគូរទាមទារគ្រប់គ្រងហួងហែង      រិះរកពេកពិតមិនមែនក្លាយក្លែង
ខ្វាយខ្វល់រហ័សសម្បើមឆ្វាត់ឆ្វែង      ទ្រោមក្រពះពោះវៀនសួតលំពែង
ដល់ថ្នាក់បេះដូងក៏យ៉ាប់ណោងណែង      ទីស្នេហាថ្មីរំពៃចាចែង
បមបីប្រលោមប្រណីជ្រោមជ្រែង      យ៉ាងណាយ៉ាងណីនិស្ស័យជាក់ស្តែង
********
 ប្រើពេលសរសេរជាង៣ម៉ោង ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោងនេះ នៅទីកន្លែងស្ងាត់មួយ។ ខ្ញុំសម្ងំសរសេរសំណេរនេះម្នាក់ឯង សម្លឹងភ្នែកជាមួយវ៉ែនតាស្ទើរបែកផ្សែង។ ខាងលើនេះត្រឹមជាសំណេរចួន និងរណ្តំពាក្យប៉ុណ្ណោះ មិនត្រឹមត្រូវ ទៅតាមក្បួនច្បាប់បទកាព្យទេ។ តែខ្ញុំប្រឹងនឹករកពាក្យចុងចួន រណ្តំឃ្លោងឃ្លា មួយឃ្លាមាន៨ព្យាង្គ ឃ្លានីមួយៗគឺ ព្យាង្គទី៨ ចួននឹងព្យាង្គទី៨។ នៅចុងឃ្លាទាំងអស់ គឺចួននឹងសំឡេង «ែ+ង»។ សំណេរនេះខ្ញុំនឹង បញ្ចូលទៅក្នុងសាច់រឿង «ទំព័រទឹកភ្នែក»។ ដែលគិតមកដល់ពេលនេះ កើនបាន២ទំព័រ មិនដឹងថ្ងៃណាគ្រប់ទំព័រទេ ចេះតែប្រឹងសន្សំទំព័របណ្តើរៗ សន្សំទំព័រនាពេលដែលអារម្មណ៍អណ្តែតអណ្តូងខ្លាំង
កវីសន្សើមត្រជាក់

Similar Products

8805945610071603527

Add a review