មិនទាន់ហួសពេលស្រោចស្រង់

Not allow reviews

អត្ថបទ


 ចិត្តដែលកំព្រា បបួលកាយឲ្យដេកដួល ផ្តួលតាមភាពខ្សោះ អស់កម្លាំងលែងចង់បន្តទៅមុខស្រាប់ទៅហើយនោះ។ ចង់ផ្តួលចិត្តមួយខ្យល់តាមដំណើរ ហើយលួចគិតថាបើចប់ផុតៗទៅ ប្រហែលជារឿងល្អ ព្រោះលែងដឹង លែងលឺ លែងឈឺចាប់ ក៏លែងឃើញអ្វីៗគ្រប់បែបយ៉ាង។ ពេលដែលនៅម្នាក់ឯង ក៏មានអារម្មណ៍ថាកាន់តែរងា កណ្តោចកណ្តែង ចង់មានមនុស្សម្នាក់កំដរខ្លួនទុក្ខសោក តែបានត្រឹមឈ្ងោកមុខចុះក្រោម ព្រោះនៅទីបំផុតរកមិនបានសូម្បីតែម្នាក់ មានតែខ្លួនឯង កំដរខ្លួនឯង។
មិនទាន់ហួសពេលស្រោចស្រង់ទេ មេរៀនឈឺចាប់ ប្រមូលកប់វាជាការចងចាំ ជាមេរៀនបង្រៀនជីវិត ឲ្យចេះប្រឈមមុខ ថ្ងៃក្រោយបើជួបការឈឺចាប់ទៀត ក៏មិនសូវគ្រាំគ្រា។
•មានការចាកចេញរបស់គេ​ ទើបយើងអាចចេះរឹងមាំម្នាក់ឯងពេលនេះ។
•គ្មានការយល់ចិត្តរបស់គេ ទើបមានការប្រឹងយល់ចិត្ត យើងខ្លួនឯងពេលនេះ។
•សម្តីដ៏គ្រោតគ្រាតយ៉ាងច្រើន ជាន់ពន្លិចទាំងនោះហើយ ដែលធ្វើឲ្យយើងអាចប្រឹងដើម្បីអណ្តែតឡើងពេលនេះ។
មិនមែនទាល់តែមានគេ ទើបយើងអាចរស់បាន​ មែនមែនទាល់តែមានគេ ទើបពន្លកក្តីសង្ឃឹមរីកលាស់បាន គេមិនមែនជាគ្រប់យ៉ាងនៃយើង។ គេត្រឹមជាចំណែកដ៏តូចមួយ ដែលចូលមកជួបជីវិតយើងប៉ុណ្ណោះ​ ចំណែកដ៏តូចមួយនោះ ក៏នឹងរលាយបាត់ទៅវិញ យូរឬឆាប់នៅពេលណាមួយដដែល៕
កវីសន្សើមត្រជាក់

Similar Products

918256555777510224

Add a review