តំណក់នេត្រាលើស្លឹកឈើ (ភាគ២)

Not allow reviews

អត្ថបទ



     (សំនួរតបវិញ) ដល់ម្លឹងផង ប្រាកដទេដែលសំឡេងខ្លុយដ៏កម្សត់មួយនេះអាចខាបចិត្តអ្នកនាងឲ្យមកដល់ទីនេះ បើដូច្នេះមែន ខ្ញុំស្ម័គ្រចិត្តផ្លុំរាល់រាត្រីដើម្បីបានឃើញមុខដ៏ស្រស់ផូរផង់របស់អ្នកនាងរាល់រាត្រីដែរហើយអ៊ីចឹងនោះ។ តាមពិតទៅខ្ញុំស្គាល់អ្នកនាងយូរណាស់ហើយ ដោយឡែកតែអ្នកនាងឯនេះវិញទេដែលមិនស្គាល់ខ្ញុំនោះ ព្រោះតែជនមិនល្បីដូចខ្ញុំអាចមានប៉ុន្មានអ្នកនៃស្រីស្អាតលំដាប់ដូចអ្នកនាងស្គាល់ទៅ? អីយ៉ាម្តងនេះកំលោះសំនួរម្នាក់នេះមិនទៅជាណយអីឯណា ពូកែលេបខាយដែរតើ ពីមុនបុរសម្នាក់នេះគ្រាន់តែជាមនុស្សមិនសូវនិយាយស្តីច្រើនពីណាមក មានត្រឹមប្រជាប្រិយខាងញញឹមប៉ុណ្ណោះ តែក្នុងឈុតឆាកស្នេហា រៀបរាប់លេងពាក្យឃ្លោងឃ្លាគ្រាន់បើ ល្មមនឹងស្រីស្អាតមុខស្រស់វិដាវីលង់លើសពីលង់សំឡេងខ្លុយ និងលង់លើរាងមាំសង្ហាទៅទៀត មានន័យថាកំលោះម្នាក់នេះអំណោយផលបីយ៉ាងព្រមគ្នាហើយ សំឡេងខ្លុយ រាងសង្ហានិងពូកែលេងសម្តីទាក់ចិត្តស្រីស្អាត។ ក្រោយពីឮសំនួរនិយាយថាបានស្គាល់ខ្លួនជាយូរមកហើយវិដាវីក៏ ប្រញ៉ាប់តបវិញ អ៊ីចឹងផង? ហេតុអីក៏ស្គាល់ខ្ញុំទាំងខ្ញុំមិនស្គាល់បងបែបនេះ? ឬមួយបងចេះតែវោហាឲ្យតែបានហើយនឹងអាលឈ្នះសម្តីខ្ញុំទេដឹង បើចឹងបងជួយប្រាប់ផងមើលខ្ញុំឈ្មោះអី? ជាកូនអ្នកណា? សួរបងមួយទៀតបងឈ្មោះអីដែរ? និងមួយទៀតតែនេះមិនមែនសំនួរទេគឺសំណូមពរ ឲ្យបងផ្លុំខ្លុយឲ្យខ្ញុំស្តាប់បន្តតើបានទេ? (សំនួរតបនិយាយលាយជាមួយដៃកាយវិការកាន់ដោយខ្លុយបង្វិលចុះឡើងមើលទៅរាងរង្វង់ជារង្វង់ ឱអ្នកនាងស្អាតអើយអ្នកណាដែលមិនដឹងថាលោកពូ​ហៃនិងអ្នកមីងហេងមានកូនក្រមុំស្អាតសាច់សដូចបណ្តូលចេក ស្អាតដាច់គេស្ទើរមួយស្រុកទៅហើយនោះ?​ មិនត្រឹមតែប៉ុណ្ណឹងខ្ញុំអាចដឹងបានថាមានកំលោះក្នុងភូមិ និងក្រៅភូមិតាមស្រលាញ់សុំស្នេហ៍អ្នកនាងក៏មិនតិចដែរ សូម្បីតែមនុស្សដែលប្រៀបខ្លួនដូចជាគីង្គក់ដូចខ្ញុំក៏មានចិត្តចង់ក្បែរក្ងានសួគ៌ដូចវិដាវីដែរ សរុបមកវិញអ្នកនាងគឺជាកូនស្រីរបស់លោកពូហៃនិងអ្នកមីងហេងឈ្មោះវិដាវី តើត្រូវទេ? បើនិយាយអស់ប៉ុណ្ណឹងហើយមិនត្រូវទៀតខ្ញុំសុខចិត្តប្រើខ្យល់ដង្ហើមរបស់ខ្ញុំមួយនេះផ្លុំខ្លុយកំដរអ្នកនាង២​ម៉ោងក៏បាន។ លេបខាយពាក្យមួយប្រាវប្រាប់ទៅវិដាវីហើយសំនួរក៏ចាប់ផ្លុំខ្លុយបន្ត។ រីឯវិដាវីវិញរឹតតែញញឹម បើមិនទទួលយកពាក្យសរសើរបញ្ជោរក៏មិនកើតព្រោះកំលោះម្នាក់នេះពូកែវោហាពិរោះជាជាងសំឡេងខ្លុយទៅទៀត


     ប្រៀបសរសើរវិដាវីដល់ជាក្ងានសួគ៌និងទម្លាក់រូបគេទៅជាគីង្គក់។ វិដាវីហាក់ហាមាត់កាត់ដំណើរនៃការផ្លុំខ្លុយរបស់សំនួរ ដោយសួរថា នៅមួយសំនួរទៀតបងមិនទាន់ឆ្លើយប្រាប់ខ្ញុំទេណា បងមានឈ្មោះអី? ដៃដាក់ខ្លុយចុះហើយងាកមុខនិយាយតបទៅវិដាវីដោយខ្លីថា សំនួរ។​ វិដាវីនិយាយបន្តហ្នឹងហើយជាសំនួរដែលបងមិនទាន់ផ្តល់ចម្លើយឲ្យខ្ញុំ ចង់ដឹងថាបងឈ្មោះអី? ងាកមុខជាលើកទី២ហើយញញឹមសម្លឹងចំទៅលើកែវភ្នែកវិដាវី រួចសើចអមដោយស្នាមញញឹម ចុះខ្ញុំបានប្រាប់អ្នកនាងក្ងានសួគ៌ហើយតើ ថាខ្ញុំមានឈ្មោះថាសំនួរនោះអី អ្នកនាងអាចសម្លឹងខ្ញុំឲ្យចំហើយវាយតម្លៃខ្ញុំបន្តិចបានទេ ថាមនុស្សដូចខ្ញុំជាមនុស្សពូកែលាក់ដែរឬទេ? វិដាវីរឹតតែញញឹមតែដោយភាពភ្ងាក់ផ្អើល ថាម៉េចបងឈ្មោះសំនួរ? ឈ្មោះអីក៏ប្លែកម៉្លេះ? មានអីឈ្មោះបែបហ្នឹងងាយស្រួលចាំ មុខបងមិនមែនជាមនុស្សលាក់ទេតែអាចជាមនុស្សប្រុសព្រាន និយាយរួចវិដាវីក៏សើចក្អឹកៗ!!!! តែតាមការពិតក្នុងចិត្តគឺលង់ស្នេហ៍ខ្លាំងបាត់ទៅហើយទៅលើម្ចាស់ខ្លុយសំនួរ តែមិនអាចវាចាបានដោយសារតែខ្លួនជាស្រីហើយក៏ទើបស្គាល់គ្នាលើកដំបូងនោះ។សំនួរសួរបន្ត៖ អ្នកនាងមកទីនេះតែម្នាក់ឯងអ៊ីចឹងមិនខ្លាចទេឬ?ណាមួយយប់ទៅហើយម៉ោង៨យប់ទៅហើយសំឡេងចង្រិតវាលស្រែឡើងទ្រហឹងជាងសំឡេងខ្លុយខ្ញុំទៅទៀត ស្រុកស្រែណា ថ្មើរនេះគឺម៉ោងដំណេកទៅហើយ។ វិដាវីតបវិញ ដូចដែលខ្ញុំបានប្រាប់បងពីដំបូងអ៊ីចឹង គេងមិនលក់ទេបីរាត្រីទៅហើយ ដោយសារតែចង់ឃើញមុខម្ចាស់ខ្លុយដ៏ស្រទន់ហ្នឹងហើយ ព្រះពាយផាត់សំឡេងនៃខ្លុយបងរហូតដល់ផ្ទះខ្ញុំ សូម្បីតែប៉ាម៉ាក់ខ្ញុំក៏គាត់សរសើរសំឡេងនេះដែរ ហើយមានអីដែលត្រូវខ្លាចនោះ យ៉ាងហោចណាស់ក៏មានបងសំនួរឯងទទួលការពិន័យផ្លុំខ្លុយ២ម៉ោងទៀតឲ្យខ្ញុំស្តាប់រហូតដល់ម៉ោងដប់និងពិន័យទី២គឺជូនខ្ញុំទៅផ្ទះ ហើយក៏មិនត្រូវបានប៉ាម៉ាក់បន្ទោសដែរព្រោះអីពួកគាត់បានប្រាប់ហើយថាគាត់ស្គាល់បងដែរតែពួកគាត់មិនប្រាប់ទេគាត់និយាយថាបើខ្ញុំចង់ដឹងឲ្យដើរមកមើលទៅដឹងហើយ គាត់មិនបារម្ភទេគាត់ស្គាល់បងមុនខ្ញុំស្គាល់បងឯងទៅទៀត ហើយរឿងមិនដែលបារម្ភនោះគឺមុខបងប្រាកដជាអាចជូនខ្ញុំទៅដល់ផ្ទះបានហើយយប់នេះឲ្យខ្ញុំបានគេងលក់ស្កប់ស្កល់ជាមួយសំឡេងខ្លុយក្នុងសុបិន្បាន។ សំនួរនិយាយតបវិញ មានអី២ម៉ោងទៀតកំដរឲ្យអ្នកនាងស្តាប់ខ្លុយបានទេតើ ហើយរឿងជូនទៅផ្ទះ អ្នកនាងទុកចិត្តខ្ញុំដែរទេ? តិចលោ នែ៎!!!​មិនខ្លាចខ្ញុំចាប់អ្នកនាងទេអី? អឺ!អឺ!!គឺថាបើនិយាយថា ៖មិនចាប់អ្នកនាងក៏ដោយចុះ គេមិនថាខ្ញុំប្រុសអីមានឱកាសហើយហេតុអ្វីមិនចេះទទួលនោះ ទៅហើយទេអី? ខ្លាចទេបើខ្ញុំនិយាយបន្លាចដល់ម្លឹងហើយ? វិដាវីតបយ៉ាងលឿន៖ មិនខ្លាចទេព្រោះខ្ញុំមើលចិត្តបងធ្លុះ គឺបងមិនមានអំពើស្មោកគ្រោកបែបហ្នឹងទេ មិនខ្លាចទេ។ សំនួរតប៖ អើយ! អើយ! ម្តេចក៏មិនខ្លាចដូចនេះទៅវិញ?ប្រហែលខ្ញុំមុខស្លូតហើយចរិតក៏ស្លូតបានគេមើលដឹង អូខេ! កំដរអ្នកនាងឲ្យស្តាប់ខ្លុយ២ម៉ោង ហើយនឹងជូនអ្នកនាងឲ្យដល់ផ្ទះ។


សរសេរដោយ៖ កវី សន្សើមត្រជាក់

Similar Products

2145439691071992856

Add a review