ប្រៀបដូចខ្មោចទើបងើបចេញពីមឈូស

Not allow reviews

អត្ថបទ


អាចថាជារឿងទូទៅទៅហើយ ជីវិតមនុស្សគ្រប់ៗគ្នាតែងតែមានប្រវត្តិនៃដំណើរជីវិតរៀងៗខ្លួន អ្នកខ្លះមានប្រវត្តិ តស៊ូ ជូរចត់ ក្រៀមក្រំ ទុក្ខសោក ដោយឡែកផ្សេងៗពីគ្នា គ្រាន់តែថាវាស្ថិតក្នុងទម្រង់ខុសគ្នា។ ងាកទៅនិយាយអំពីប្រវត្តិវិបត្តិនៃស្នេហាវិញ ប្រសិនបើវាធ្លាក់ចំទៅលើមនុស្សដែលមិនធ្លាប់ជួបពីមុនមកទេវាហាក់បីដូចជាដុនដាបជាទីបំផុត នៅពេលដែលជួបវិបត្តិស្នេហានោះ ប្រៀបបាននឹងអន្លង់មួយដ៏សែនជ្រៅ ហើយងងឹតសូន្យសុង ពិបាកនឹងងើបឡើង តែយ៉ាងនេះក៏ដោយចុះ ពាក្យមួយឃ្លាដែលគេនិយាយថា ព្យាយាមគង់បានសម្រេច វានៅតែជាពាក្យដែលមានប្រសិទ្ធភាពផងដែរសម្រាប់អ្នកមានវិបត្តិស្នេហាទាំងឡាយ យើងសួរថាព្យាយាមដូចម្តេចជាមួយវិបត្តិស្នេហា? ត្រង់នេះខ្ញុំសូមលើកយកចំណុចវិបត្តិស្នេហាត្រង់មានភាគីម្ខាងបោះបង់ចោលភាគីម្ខាងទៀត ដូច្នេះចម្លើយមិត្តអ្នកអានប្រាកដជាយល់នូវចម្លើយបានខ្លះហើយ គឺមានន័យថាព្យាយាមកាត់ចិត្ត ព្យាយាមធ្វើចិត្ត រំងាប់អារម្មណ៍វេទនា ទាំងនោះចេញឲ្យអស់ ត្បឹតតែការសាកល្បងធ្វើដំបូងវាពិតជាពិបាកក៏ដោយ តែយ៉ាងណាក៏ដោយវាគ្មានជម្រើសទេ បើមិនព្យាយាមកាត់ចិត្ត មិនព្យាយាមធ្វើចិត្តឲ្យស្រលះទេ សួរថាបានអ្វីមកវិញ? ឬមួយក៏ពេលដែលបានជួបវិបត្តិហើយសុខចិត្តទ្រាំឲ្យវាលំបាកតាមយថាកម្ម ហើយគ្រាន់តែបណ្តោយតាមខ្យល់នៃអារម្មណ៍ ហើយហើបមាត់និយាយថាពេលណាពេលហ្នឹងចុះ សុខចិត្តដេកទ្រាំ បាយមិននឹកទឹកមិនស្រេក សំកុកស្រក់ទឹកនេត្រា ពេលនោះហើយជាពេលដែលដុនដាបលើសពេលណាៗទាំងអស់ ជាពេលដែលសុខភាពក៏ទ្រុឌទ្រោម លំហូរទឹកភ្នែកក៏នៅតែបន្តស្រក់ឥតដាច់ ជីវិតរឹតតែកំសត់ហើយកាន់តែវេទនាជាជាងរឿងបាត់បង់ស្នេហាទៅទៀត។ គួរដាក់ជាចំណោទដើម្បីដោះស្រាយចោទសួរថា បើមានវិបត្តិស្នេហា បូកបន្ថែមជាមួយសុខភាពផ្លូវចិត្តនិងកាយធ្លាក់ចុះ ពេលនោះជីវិតពិតជាត្រូវសូន្យ។ បើសូន្យជីវិតជាដំណោះស្រាយរឺ? គេងាកមកអាណិតរឺ? គេកោតសរសើរថាជាអ្នកក្លាហានហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីស្នេហារឺ?

ចម្លើយមាននៅទីនេះ

សូន្យជីវិតជាវិធីមួយដែលកំសោយ កំសាកអន់ជាកូនមាន់ទៅទៀត។
គ្មាននរណាគេអាណិតទេបើសូន្យជីវិតមែននោះ អស់ធំណាស់គេយំកំដរសពអ្នកត្រឹម២ ឬ ៣ថ្ងៃ ក្រោយមកទៀតគេក៏បន្តភាពសប្បាយរបស់គេតាមលក្ខណ្ឌប្រកប នៃបរិយាកាសដែលគេមានតទៅទៀត។
គ្មានរណាគេកោតសរសើរអ្នកឡើយ ផ្ទុយទៅវិញ គេនឹងវាយតម្លៃអ្នកថាគ្រាន់តែរឿងប៉ុណ្ណឹងក៏រស់មិនបានដែរ ខូចឈ្មោះជាមនុស្សអស់ហើយ។
ដូច្នេះចូរព្យាយាមក្រោកឈរឲ្យបាន មានផ្លូវត្រូវបន្តដំណើរទៅមុខនៅវែងឆ្ងាយណាស់ ត្រូវចងចាំថាគ្មានគេ យើងមិនស្លាប់ទេ យើងនៅមាន ក្រុមគ្រួសារ មិត្តភក្កិ មិត្តរួមការងារ មានភារកិច្ចច្រើនអនេក នៅចំពោះមុខដែលត្រូវតែបន្តធ្វើ ដួល១០០ដង ក៏មិនមែនជាបញ្ហា សំខាន់យើងនៅងើបបាន។ ដរាបណាយើងអាចក្រោកតោងចេញពីអន្លង់ រឺរណ្តៅស្នេហ៍នោះបាន វាមិនខុសអីពីពាក្យដែលគេនិយាយថា ពេលនេះជីវិតរបស់អ្នកប្រៀបដូចខ្មោច ទើបងើបចេញពីមឈូស ក្លាយខ្លួនជាមនុស្សរឹងមាំបានហើយ នេះហើយជាលទ្ធផល៕

អត្ថបទ:កវីសន្សើមត្រជាក់

Similar Products

1082810844609979801

Add a review