អាណិតអ្នកមីងម្នាក់ដែលបោសសំរាមនៅក្រុមហ៊ុនស៊ិនទ្រី

Not allow reviews

អត្ថបទ


សំរាមមានច្រើនប្រភេទច្រើនសណ្ឋានទម្រង់ណាស់ ដូចជាកាកសំណល់សំរាមដែលអាចរលាយបានរួមមានកាកសំណល់អាហារ និងសំរាមដែលមិនរលាយដូចជាសំណល់ប្លាស្ទិក ឬក៏សម្បកដប។ តែនៅពេលនេះខ្ញុំសូមលើកយកមកនិយាយតែពីកាកសំណល់សំរាមនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ទោះបើខ្ញុំមិនមែនអ្នកដែលកើតនៅទីក្រុងភ្នំពេញ តែរូបខ្ញុំក៏ជាជីវិតមនុស្សម្នាក់ដែលរស់នៅទីក្រុង ដ៏ស៊ីវីល័យមួយនេះអស់រយៈពេលប្រហែល៨ឆ្នាំមកហើយ។ យ៉ាងណាមិញក៏ធ្លាប់មាន អារម្មណ៍ថាទើសទាល់និងសំរាមដែរ អាចនិយាយបានថាអារម្មណ៍ដែលទើសទាល់មួយនេះក៏នៅតែដក់ជាប់តាំងពីចាប់ឈានជើងចូលទឹកដីទីក្រុងភ្នំពេញដំបូងរហូតដល់ពេលនេះ នៅតែទើសទាល់ និយាយបែបនេះតិចលោច្រលំថាខ្ញុំជាមនុស្សដែលពូកែទើសទៅ? មិនមែនទេ រឿងណាដែលត្រូវទើសទើបទើស និងរឿងដែលទំនងឲ្យទើសទើបទើស ហើយទើសរឿងមួយនេះជាប្រយោជន៏នៃការរិះគន់ដើម្បីសង្គមយើងទាំងអស់គ្នាទេតើ មែនទេមិត្តៗអ្នកអាន។ ម្យ៉ាងវិញទៀតដូចបញ្ចាក់ខាងលើដូច្នោះដែរ រូបខ្ញុំមិនមែនជាអ្នកកើតនៅទីក្រុងភ្នំពេញនោះទេ គឺកើតនៅស្រុកស្រែជនបទសុទ្ធសាធតែម្តង ស្រែទាំងសាច់ទាំងឈាមតែម្តង ស្រែរហូតដល់ពេលខ្លះគេហៅខ្ញុំថាដូចអ្នកស្រែក៏មិនខឹងនឹងគេផង ព្រោះខ្ញុំស្រែពិតមែនហើយសព្វថ្ងៃក៏រស់ដោយសារតែស្រែរាល់ថ្ងៃរស់នៅពឹងលើការហូបបាយដែលធ្វើដោយស្រែនិងចូលចិត្តធម្មជាតិស្រស់បំព្រងណាស់។ ខ្ញុំនឹងរៀបរាប់ពីអារម្មណ៍និងសាច់រឿងនៃការទើសនោះចែកចាយនិងពិចារណាទាំងអស់គ្នាតាមរយៈសំនេរនៃអត្ថបទមួយនេះ ធ្វើម៉េចបានត្រឹមចងក្រងពាក្យចេញពីចិត្តរំលេចចេញពីទឹកប៊ិចសរសេរក្នុងក្រដាសសបូករួមនិងបន្ទះក្តារនៃកុំព្យូរទ័រដែលជាទូទៅគេហៅថាឃីបតកុំព្យូទ័រនោះដើម្បីគ្រាន់អាននិងវិភាគទាំងអស់គ្នា។ ជាទម្លាប់ទៅហើយដែលពេលជិះម៉ូតូកញ្ចាស់មួយចេញដំណើរពីផ្ទះទៅធ្វើការនៅម៉ោងប្រម៉ាណជា៧ព្រឹកហើយត្រឡប់មកចេញពីធ្វើការទៅផ្ទះវិញនៅម៉ោង៥ល្ងាចនិងតែងតែធ្វើដំណើរតាមផ្លូវ២៧១ អ្នកណាមិនដឹងតែបើចំពោះខ្ញុំវិញជិះម៉ូតូបណ្តើរភ្នែកសម្លឹងមើលបរិយាកាសនានាបណ្តើរ អារម្មណ៍មួយនេះឲ្យតែបានឃើញអ្វីមួយប្លែកដឹងតែថាចាប់ផ្តើមគិតតែម្តង ពេលខ្លះអាចនិយាយបានថាជាអារម្មណ៍អណ្តែតអណ្តូងហោះលើវេហាទៅហើយ លួចសួរខ្លួនឯងដែរហ្នឹងថា យី!អារម្មណ៍នេះពេលខ្លះចូលចិត្តធ្វើការស្រម៉ៃម្លេះ ធ្វើមើលតែនិស្សិតក្នុងរឿងភាគចិនផឹកស្រាតែងកំណាព្យជីវិតមានន័យ! និយាយលេងបន្តិចហើយ តាមពិតទៅខ្ញុំឯណាខ្លាំងដល់កវីនិស្សិតស្រុកចិននោះ។ តោះមិនបង្អង់យូរខ្ញុំនឹងរៀបរាប់អត្ថាធិប្បាយ អ្វីដែលជាចំណោទបញ្ហាដែលចង់លើកមកនិយាយនៅពេលនេះមិនមែនជាការស្រម៉ៃហើយក៏មិនមែនជាម៉ោងពេលវេលាដែលខ្ញុំចេញដំណើរពីផ្ទះទៅកន្លែងធ្វើការនិងចេញពីធ្វើការមកផ្ទះ រឹតតែមិនមែនផ្លូវ២៧១ តែជាព្រឹត្តការណ៏ដែលកើតឡើងនាចិញ្ចើមផ្លូវ២៧១នៅមុខមន្ទីរពេទ្យមិត្តភាពរុស្ស៊ីតែម្តង ព្រឹត្តការណ៏នោះគឺគំនរសំរាមដ៏ច្រើនសម្បើមមានច្រើនមិនទំនេរថ្ងៃ មិនដឹងមកពីណាពីណីខ្លះទេ ពិសេសគឺថង់ប្លាស្ទិកឲ្យសរហង់ត្រៀបត្រាហោះចុះហោះឡើងទៅតាមកម្លាំងនៃខ្យល់ដែលបក់ គិតស្មានថាដូចហ្វូងសត្វកុកចាប់ត្រីកណ្តាលបឹងផងមិនដឹង តែបើគិតទៅអ្វីក៏ដោយវាតែងតែមានហេតុនិងផល ហើយហេតុដែលបណ្តាលឲ្យមានសំរាមទាំងនោះមានដូចជា:
- អ្នកបោះចោលសំរាមគ្មានរបៀបរៀបរយ
- ក្រុមហ៊ុនប្រមូលសំរាមប្រមូលមិនទាន់ពេល
- អ្នកលក់ដូរពាសវាលពាសកាលគ្មានការវេចខ្ចប់ត្រឹមត្រូវ
- ធុងសំរាមមានចំនួនមិនគ្រប់
- គ្មានដាក់ស្លាកបម្រាមហាមចោលសំរាមគ្រប់គ្រាន់
- ចំនួនអ្នកបោសសំរាមមានតិច…។
ថ្ងៃមួយចំពេលដែលផ្លូវម្តុំមុខមន្ទីរពេទ្យនោះឧស្សាហ៍ស្ទះចរាចរណ៏ស្រាប់ផង ម៉ូតូខ្ញុំក៏គាំងទៅមុខលែងរួចបានត្រឹមសម្លឹងទៅខាងស្តាំដៃនៃផ្លូវដែលកំពុងតែធ្វើដំណើរនោះ ក្រោយក្រឡេកភ្នែកបោះកន្ទុយនេត្រាទៅកាន់របងជាទីមួយដែលគិតថាសំខាន់បំផុតនោះចំពោះជីវិតនិងសុខភាពនៃមនុស្សគ្រប់វ័យមិនថាក្មេងចាស់នោះឡើយ វាពិតជាចាក់ចំចិត្តចាក់ចំបេះដូងខ្លាំងមែនទែននៅពេលដែលជិះកាត់ហើយបានឃើញទិដ្ឋភាពគំនរសំរាម ដែលនៅរាយប៉ាយ សឹងអាចនិយាយបានថាជាកូនភ្នំតូចៗ ពេលខ្លះខ្ញុំធ្វើដំណើរកាត់មួយភ្លែតៗដោយមានពាក់ម៉ាស់ផងនៅធំក្លិនស្អុយ មិនត្រឹមតែប៉ុណ្ណោះក្រឡេកឃើញមានក្រុម ជនអនាថា និងអ្នករើសអេតចាយមានការសម្រាកលើផ្ទាំងការ៉ូតាមបណ្តោយនៃរបងនោះធ្វើឲ្យចិត្តរបស់ខ្ញុំកាន់តែខ្លោចថែមមួយកម្រឹតទៀតបានលាន់មាត់ថា ឱ!ម្តេចក៏ពួកគាត់អាចមានក្តីសុខសម្រាកគេងលក់ស្កប់ស្កល់ជាមួយគំនរសំរាមដ៏ស្មោកគ្រោគទាំងនោះបានទៅ ពុទ្ធោអើយ! នរណាជាអ្នកទទួលដោះស្រាយលុបបំបាត់បន្ទុកនៃរូបភាពដ៏កំសត់មួយនេះទៅ? មានថ្ងៃមួយជាថ្ងៃដែលចៃដន្យបំផុតនោះជាថ្ងៃដែលបងប្រុសខ្ញុំឈឺហើយត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះដែរ និយាយទៅគឺបានដេកសម្រាកនៅមន្ទីរពេទ្យកំដរបងប្រុសបាន៥ថ្ងៃដែរកាលនោះ ល្ងាចឡើងត្រូវដើរមកក្រៅរកទិញទឹក បបរឲ្យបងប្រុស ។ រយៈពេល២ថ្ងៃដែលដើរចេញមកក្រៅបានឃើញអ្នកមីងម្នាក់ជាបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីតួនាទីរបស់គាត់ជាអ្នកប្រមូលសំរាមបោសសំរាមនៅម្តុំមុខមន្ទីរពេទ្យរុស្ស៊ីតែម្តង មិនរារែកយូរក៏ឆ្លៀតពេលនោះចំណាយពេលប្រហែលជា៤០នាទីសម្ភាសន៏គាត់លេងទៅ ដោយហេតុតែចង់ដឹងស្រាប់ផង បញ្ចាក់ណាខ្ញុំសម្ភាសន៏នោះដូចគ្រាន់ជាការសាកសួរប៉ុណ្ណោះព្រោះខ្ញុំមិនមែនជាអ្នកសារពត៌មាននោះទេ សាកសួរគាត់ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលចង់ដឹងក៏សួរគាត់ប៉ុន្មានសំណួរទៅ ។ សំណួរទាំងនោះមានដូចជា: អត់ទោសអ្នកមីងក្មួយសុំសួរអ្នកមីងបន្តិចបានអត់?អ្នកមីង: ដៃគាត់កាន់អំបោស បោសសំរាមបណ្តើរទឹកមុខញញឹមមកកាន់ខ្ញុំបណ្តើរ ហើយគាត់ឆ្លើយ អើ! អាអូនចង់សួរពីអីដែរ? មីងធ្វើការជាអ្នកបោសហ្នឹងយូរនៅមីង? ហើយហត់អត់មីង? គេឲ្យប្រាក់ខែច្រើនអត់មីង?ហើយសួរមួយទៀតតែមីងកុំខឹងក្មួយណា ចង់សួរថាបោសរាល់ថ្ងៃ តែដូចជាមិនអស់សំរាមសោះនៅតែមើលទៅមិនស្អាត តាមមីងយល់មកពីអី? ទឹកមុខគាត់កាន់តែញញឹមហើយគាត់ក៏រឹតតែដឹងច្បាស់ថាសំណួររបស់ខ្ញុំមិនមែនបំណងចង់សួរក្នុងន័យផ្ចាញ់ផ្ចាលឬទម្លាក់កំហុសលើគាត់ គាត់ក៏ឆ្លើយថាមានអីត្រូវខឹងក្មួយទៅមីងមានតែត្រេកអរទៅវិញទេ ព្រោះមិនដែលមានអ្នកណាមកសួរមីងសោះ ហើយពេលខ្លះមីងចង់តែដើរប្រាប់គេដោយមិនចាំបាច់គេសួរផង គាត់បន្តទៀតចង់ដឹងចាំមីងឆ្លើយប្រាប់ ក្មួយអើយមីងកាន់ការងារហ្នឹងជាង៥ឆ្នាំហើយ បើនិយាយពីហត់វាហត់ទៅហើយបោសគ្មានថ្ងៃទំនេរទេបោសគ្រប់យ៉ាងពេលខ្លះក្តៅពេលខ្លះភ្លៀង តែធ្វើម៉េចដើម្បីក្រពះប្រាក់ខែជាអ្នកបោសសំរាមដែលបានច្រើនមកពីណាក្មួយប្រុស ណាមួយចិញ្ចឹមកូន២នាក់ឲ្យបានរៀនកុំឲ្យវាល្ងង់ដូចមីង អ៊ីចឹងធ្វើៗទៅង៉ៃណាង៉ៃហ្នឹងទៅលែងគិតទៀតហើយ ហើយក្មួយឯងសួរថាម៉េចក៏បោសមិនចេះអស់ អ៊ីចឹង ថង់ប្លាស្ទិកមានប្រដេញគ្នាហោះទៅមកៗនោះអ៊ីចឹង? សំណួរហ្នឹងមិនពិបាកយល់និងឆ្លើយទេ សាកគិតមើល មិនបាច់និយាយអីច្រើនទេក្មួយសាកឈរតែនៅទីនេះប្រហែល១០នាទីហើយបង្វិលភ្នែកមើលឆ្វេងស្តាំមុខក្រោយទៅចម្លើយនឹងលេចចេញមកហើយណាក្មួយប្រុសសង្ហា ។ គាត់និយាយហៅខ្ញុំថាសង្ហាអ៊ីចឹងមានអារម្មណ៍អៀនបន្តិចដែរហ្នឹង តបទៅគាត់វិញថាមីងចេះតែសរសើរក្មួយហើយ បើសង្ហាអ៊ីចឹងមែនក្មួយរកសង្សារបានបាត់ហើយ រាល់ថ្ងៃមានត្រឹមអ្នកចូលចិត្តតែមិនទាន់មានអ្នកស្រលាញ់ អ្នកមីងចេះបញ្ជោរក្មួយទៀត ។ គាត់ក៏ឆ្លើយបន្តបើនិយាយពីថាបើពង្រីកស្លាកបម្រាមហាមចោលសំរាមហើយថែមអ្នកបោស២០អ្នកទៀតក៏មិនស្អាតដែរបើអ្នកចោលសំរាមគ្មានការពង្រីកខួរក្នុងការគិតឲ្យទូលាយជាងនេះទៀតនោះ រាល់ថ្ងៃមានគ្រប់រូបភាព ចោលថង់ប្លាកស្ទិក កាកសំណល់ក្រៅធុង ជុះនោមតាមរបង ថាអាអ្នកដើរទៅអ៊ីចឹងហើយ តែអាអ្នកជិះម៉ូតូខ្លះចារិកថ្លៃហួសនិស្ស័យទៅទៀតជិះពីណាពីណីមកចោលហោះដូចសី ហើយពេលខ្លះក៏ខាកស្តោះទៀតក៏មាន និយាយរួមទៅម៉េចក៏មាន ។ តោះ!អ៊ីចឹងសាកយកពេលមកគិតឡើងវិញហើយអ្នកទម្លាប់អាក្រក់ទាំងឡាយល្មមចេះខ្មាសខ្លួនឯង ខ្មាសសង្គមធម្មជាតិដែលត្រូវការភាពស្រស់បំព្រង គប្បីយកចម្លើយដ៏មានន័យរបស់អ្នកមីងមកពិចារណាទាំងអស់គ្នាហើយពង្រីកខួរឲ្យមានការគិតទូលាយជាងនេះរួចបន្តការចូលរួមលើកស្ទួយសោភ័ណភាពទីក្រុងរបស់យើទាំងអស់គ្នា ៕


អត្ថបទដោយ: កវីសន្សើមត្រជាក់

Similar Products

3060826693153552436

Add a review