សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំភាគ១

Not allow reviews

អត្ថបទ



      អផ្សុកម៉្លេះទេ តប់ប្រមល់ម៉្លេះទេ ដេកអូសតែទូរសព្ទអូសចុះអូសឡើង ដកដង្ហើមធំ ក្រឡាប់ខ្លួនផ្អៀងចុះឡើង និយាយទៅគឺថាអាចនឹងក្លាយជាមនុស្សឆ្កួតហើយ ព្រោះទំនេរខ្លាំងពេក។ ពេលនេះវេលានេះហាក់បីដូចជាទំនេរ ហើយក៏មានអារម្មណ៍ថាចង់ទៅលេងបាល់បន្តិច ឬក៏ចង់ជិះម៉ូតូដើរលេង១ជុំ២ជុំតាមមាត់ទន្លេបន្តិច។ អាឡូ! អាឡូ! លឺទេ? នេះគឺជាសំឡេងនិយាយគ្នាក្នុងខ្សែទូរសព្ទ របស់យុវជនពីរនាក់ ណារាជខលទៅ វិចិត្របបួលណាត់គ្នាទៅក្រៅ។ (ណារាជនិយាយ) តោះមកផ្ទះគ្នាបន្តិចមក ចាំមកដល់ចាំគ្នាប្រាប់ មានរឿងមួយចង់ប្រាប់ឯង។ វិចិត្រក៏តបវិញ អើ! អូខេ អាពួកម៉ាកចាំម៉ាភ្លែត ងូតទឹកប្រហែល២០នាទីក្រោយទៅដល់ហើយ ។ មិនបាច់ងូតទឹកទេ មកឱ្យលឿនជាប្រញាប់រឿងសំខាន់ (ណារាជនិយាយ)។ អើអ៊ីចឹងក៏បាន យីវានេះ! រហ័សរហន់ម្លេះវើយ! មិនដល់១០នាទីផងវិចិត្រក៏បានធ្វើដំណើរដល់ផ្ទះរបស់ណារាជ ប្រាប់មកពួកម៉ាក មានរឿងអីទុកម្នោរទោរម្នេញទៀតហើយ? អញសង្ស័យតែពិបាកចិត្តព្រោះនឹកសង្សារចាស់ទៀតទេក៏មិនដឹង កាត់ចិត្តទៅ រកអ្នកថ្មីទៅ យូរថ្ងៃយូរហើយ ល្មមកាត់ចិត្តបានហើយអាសម្លាញ់អើយ(វិចិត្រនិយាយ)។
(ណារាជក៏តបវិញ) យីអានេះអញគ្រាន់តែហៅវាមកផ្ទះលេងសោះ វាថាឯងកើតទុក្ខ ហើយខំប្រឹងនិយាយឱ្យញាប់មាត់ស្អេក ប្រដៅដូចលោកទេសនាគ្រែបី និយាយមិនដកឃ្លាមិនឱ្យឯងតបបន្តិចសោះហ្មង។ គ្នាមានទៅកើតទុក្ខស្អីទៅ គ្រាន់បបួលឯងទៅហែលទឹកហ្នឹងណា តោះគ្នាចង់ហែលទឹក។ គិតគម្រោងថាចង់ទៅលេងបាល់ និងជិះម៉ូតូដើរលេងមាត់ទន្លេ តែដល់មិត្តភក្កិមកដល់បែរជាបបួលទៅហែលទឹក តាមពិតទៅណារាជគ្រាន់តែពេលខ្លះ ចង់បង្វឹកចិត្តឱ្យបត់បែនតាមកាលៈទេសៈប៉ុណ្ណោះព្រោះស្ថានការគឺតម្រូវឱ្យបែបនេះ ដោយសារវិចិត្រគេជាមនុស្សមិនសូវចេះលេងបាល់ណាមួយគិតថាផ្លូវមាត់ទន្លេស្ទះខ្លាំងផងក៏សម្រេចចិត្ត ផ្លាស់ប្តូរគម្រោងវិញទៅ។ យីមើលវា! ឯងស្មានថាមានរឿងអីសំខាន់ តាមពិតហែលទឹកសោះ អត់បានដាក់ខោហែលទឹកមកផង វិចិត្រតបលាយឡំជាមួយកាយវិការយកដៃអេះក្បាល ហួសចិត្ត។ តោះប្រញាប់ឡើងដល់ម៉ោងស្រីស្អាតមកហែលហើយតិចលោគេទៅផ្ទះអស់ទៅ ណារាជបញ្ឆេះម៉ូតូចាំជាស្រេច ហើយនិយាយបន្ថែមឡើងមក ម៉ូតូឯងទុកនៅផ្ញើអ្នកមីងទៅ មិនបង្អង់យូរវិចិត្រក៏ឡើងលើកែបម៉ូតូជិះពីក្រោយ ទាំងពីរនាក់ចេញដំណើរឆ្ពោះទៅទីតាំងហែលទឹកហ្វីតណេស នៅម្តុំភ្នំពេញថ្មីក្បែរសាកលវិទ្យាល័យអន្តរជាតិអាយយូ ប្រហែល១៥នាទីក្រោយក៏ទៅដល់កន្លែងហែលនោះ។ មិនទៅខុសអីពីសម្តីរបស់ណារាជ និយាយកាលពីនៅផ្ទះនោះឯណា គ្រាន់តែឈានជើងចូលដល់កន្លែងហែល ដែលមើលទៅចាំងឆ្វាចៗដោយស្រមោលទឹកថ្លាដូចកញ្ចក់ នោះវិចិត្រក៏លាន់មាត់ថា វ៉ាវ!វ៉ាវ!ដើរបណ្តើរដៃលួចកេះស្មាណារាជបណ្តើរ ហេ!មើលម្នាក់នោះស្អាតបស់គេវើយ ខ្ចីញឹញហ្មងហើយវើយ សដូចសំឡី បើដឹងអ៊ីចឹងមកតាំងពីយូរ អាទិត្យក្រោយមកទៀតអត់? បើមិនមកក៏ឯងមកដែរវើយ ហេ!ហេ! តោះលឿនឡើងគ្នាមានអារម្មណ៍ថាស្អុះក្តៅចង់ហែលទឹក។ ណារាជសើចហើយតប ឃើញទេបបួលមកមិនចង់មក តែពេលនេះមក អីណាកក់ទុកអាទិត្យក្រោយទៀត អានេះឃើញស្រីមិនបានមែន។ វិចិត្រតបន្ត ហេ!បើឃើញបានឃើញបានមហិមាបាត់ទៅហើយ ដោយសារតែឃើញមិនបានហ្នឹងហើយបានខំប្រឹងសម្លឹងមើលហ្នឹងហើយ។ ប្រហែល៥នាទី ក្រោយពីផ្លាស់ប្តូរសម្លៀកបំពាក់ហែលទឹករួចរាល់ហើយ បុរសដែលសង្ហាហើយមានសាច់ដុំក្បាលពោះកង់ៗទាំង២ក៏ដើរចេញមកក្រៅស្លៀកដោយខោខ្លី មើលទៅសង្ហាម្យ៉ាងល្មមទាក់ភ្នែកនារីស្អាតៗដែលកំពុងហែលក្នុងអាង ឬក៏សំដឹលខ្លួនលើកៅអីផ្តេកចោលភ្នែកសម្លឹងមើលមិនតិចនោះដែរ។ ដើរតាមបណ្តោយអាងបណ្តើរ ដៃកាយវិការនិយាយគ្នាបណ្តើរ សំដៅទៅកាន់ជណ្តើរនៃអាងហែលទឹកដើម្បីចុះហែលទឹក។ និយាយទៅដំណើររបស់បុរសទាំងពីរកំពុងតែបង្ហាញស្ទីលថាប្រុសស្អាតសង្ហាបង្អួតមុនពេលហែលទឹក ពិតជាកាលីបមិនធម្មតាមែន ហើយបើមើលទៅក្នុងបរិវេណអាងហែលទឹកវិញកំលោះទាំងពីរនេះគឺស៊ីដាច់គេហើយសង្ហា ដោយសារសាច់ដុំហ្នឹងតែម្តង។ បរិយាយពីទិដ្ឋភាពនៃអាងហែលទឹកវិញមានក្មេងមានចាស់ មានកំលោះមានក្រមុំ ប្រមាណជា១៥នាក់ តែពេលនេះសូមលើកយកមកនិយាយតែពីស្រីស្អាតម្នាក់ ដែលវិចិត្រលាន់មាត់ថាសាច់សខ្ចីនោះតែប៉ុណ្ណោះ ពិតជាស្អាតមែនដូចដែលសម្តីវិចិត្រលាន់មាត់មិនខុសមែន ថាទឹកក្នុងអាងទៅថ្លាយង់ដូចកញ្ចក់ទៅហើយតែសម្រស់នារីម្នាក់នេះថ្លាលើសនេះទៅទៀត សាច់ឱ្យឡើងម៉ត់ខៃបើរៀបរាប់ពីទម្រង់ផ្ទែមុខវិញដូចកូនកាត់បីសាសន៍ ចិនត្រង់ភ្នែក បារាំងត្រង់ខ្ទង់ច្រមុះ ខ្មែរត្រង់បបូរមាត់ សម្រស់ដ៏ទាក់ទាញលាយឡំជាមួយដើមទ្រូងដ៏មូលក្លំ ត្រកៀកហំ សាច់ភ្លៅឡើងស្រឡូន អូយនិយាយទៅគឺសិចស៊ីតែម្តង គ្រងជាមួយឈុតហែលទឹក គន់មើលស្ទើរភ្លឹក សូម្បីតែខ្ញុំជាអ្នកសរសេរអត្ថបទនេះ ក៏មានអារម្មណ៍ថាភ្លឹកខ្លួនដែរទៅហើយ ស្អាតមិនធម្មតា សិចស៊ីមិនធម្មតា ឡួយឡើងកប់ រៀបរាប់យូរៗទៅបានដើរជាតួអង្គក្នុងសាច់រឿងបន្តិចដែរខ្ញុំ។ ស្រីស្អាតផូរផង់ម្នាក់នោះនាងមានឈ្មោះថាកញ្ចនា ជាអតិថិជនប្រចាំក្លឹបហែលទឹកនោះតែម្តងដែលចូលចិត្តទៅហែលទឹកនៅក្លឹបនោះ ជាធម្មតានាងតែងតែទៅហែលទឹកនិងហាត់ប្រាណនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក នាងទៅហែលទឹកជាមួយប្អូនស្រីតូចអាយុ៧ឆ្នាំ។ សំឡេងប្រូង! ប្រូង! គឺជាសំឡេងនៃការលោតជ្រមុជទឹករហូតដល់បាតអាង ចៃដន្យអ្វីម្លេះនៅពេលងើបឡើងមកផ្ទៃទឹកក៏ដល់ក្បែរស្រីស្អាតម្នាក់នោះ។ ងើបឡើងមកធ្វើឱ្យសំឡេងស្រីស្រស់ភ្លាត់ភ្ញាក់ស្រែកឡើង អូយ! ខំតែភ័យ លោះព្រលឹងអស់អាលីងហ្មង! ដៃជូតតំណក់ទឹកចេញពីផ្ទៃមុខ និងច្បាមសក់ឡើងលើហើយ ក៏តបទៅវិញថា អូ!សុំទោសខ្ញុំជ្រមុជភ្លេចមើល ឱ្យសុំទោសផងគ្មានចេតនាទេ ណាមួយមិនសូវចេះហែលស្ទាត់ផង កុំខឹងណា! នោះគឺកំលោះសង្ហាណារាជនោះអី។ និយាយសុំទោសដោយទឹកមុខញញឹមពីបុរសមុខប្រជាប្រិយណារាជម្នាក់នេះទៅហើយ តើអ្នកណាអាចនៅបន្តមានចិត្តខឹងបានទៀតនោះ។ (កញ្ចនាតប) ចាស៎! អត់អីទេ អត់មានត្រូវខ្ញុំផង ខ្ញុំគ្រាន់តែភ្ញាក់ទេតើ។ ណារាជគិតក្នុងចិត្តអីយ៉ា! ឱកាសហើយតើនេះជាឱកាសក្នុងភាពចៃដន្យហើយ ចាំអង្កាល់បានអូសក្រឡា មើលពីចម្ងាយស្អាតមើលជិតរឹតតែស្អាត ហើយឡើងអ៊ីចឹងហ្មងហើយ លង់ស្នេហ៍បាត់ហើយ ចុមស្រម៉ៃដល់ណាហើយ សាកអូសក្រឡាលេងសិន។ មិនរារែកណារាជក៏ចាប់ផ្តើមហាមាត់និយាយបន្ត ហ្អាក!ចេះភ្ញាក់ទៀតអំបាញ់មិញ ខ្ញុំលឺអត់សូវច្បាស់តិចលោភ្ញាក់ជេរខ្ញុំទេដឹង? តែមិនអាចទេស្រីស្អាតឯណាចេះជេរទេ ហ៊ឹស!ហ៊ឹស! ណារាជនិយាយលាយជាមួយសំឡេងសើចតិចៗ។ (កញ្ចនាតបវិញយ៉ាងរហ័ស) ចេះតែមានហើយអត់ចេះជេរទេចា៎ ចេះតែដាល់ខៀវភ្នែកទើបត្រូវ។ (ណារាជ)អូកាចដល់ម្លឹងផង?កូនសិស្សលោកពូអេភូថងទេដឹង? និយាយលេងទេណាកុំខឹងណា សុំហែលក្បែរផងបានអត់គ្រាន់បានបង្រៀនខ្ញុំដែលមិនសូវចេះហែលទឹក។(កញ្ចនានិយាយ)ចា៎បានតើតែខ្ញុំក៏មិនសូវចេះហែលដែរ។ (ណារាជគិតក្នុងចិត្តម្តងទៀត) ហេស! ហេស! តែប៉ុណ្ណេះមានទឹកមាត់លេបគ្រាន់អួតអាសម្លាញ់ហើយ និយាយក្នុងចិត្តរួចហើយណារាជ ក៏ឆ្លៀតងាកមុខទៅវិចិត្រហើយវ៉ៃចិញ្ចើម ក្នុងន័យផ្តល់សញ្ញាថាឡូយបំណងចង់ឌឺពួកម៉ាក។ រីឯវិចិត្រវិញនិយាយខ្សឹបៗម្នាក់ឯង មើលវាហេតុតែវាឡូយវាដើរក្រឡាបានមុនរហូត ចាំមើលអញរកក្រឡាអូសដែរ ទ្រាំអង្គុយចាំតិចសិនទៅមិនដែលថាមិនមានស្រីស្អាតផ្សេងមកហែលដែរទេហ្អា។ ណារាជក្រោយពីបានការអនុញ្ញាត្តិពីស្រីស្អាតដែលខ្លួនឈ្លក់ដួងចិត្តរួចមកក៏ហែលស្របតាមកញ្ចនារហូត មិនកៀកជាប់តែសឹងអាចនិយាយបានថាក្បែរ ព្រោះកុំឱ្យគេគិតថាព្រានពេក ហែលបណ្តើរនិយាយសួរនាំបណ្តើរ។ (ណារាជ) សុំស្គាល់ឈ្មោះបានអត់អ្នកគ្រូ? (កញ្ចនា) ម៉េចក៏ហៅខ្ញុំថាអ្នកគ្រូ? ខ្ញុំឈ្មោះកញ្ចនា។(ណារាជ)ព្រោះបង្រៀនខ្ញុំហែលទឹកនោះអីខ្ញុំវិញឈ្មោះណារាជអាចហៅថារាជក៏បាន។ (កញ្ចនា)ខ្ញុំអាចបង្រៀនបានតែមិនបាច់ហៅខ្ញុំថាអ្នកគ្រូទេចា៎។(ណារាជតបបន្ត) អូចឹង បាទអ្នកគ្រូ អូសុំទោសច្រឡំមាត់ទៀតហើយ បាទកញ្ចនា ណារាជនិយាយទាំងញញឹម។ ងាកទៅមើលកញ្ចនាវិញទំនងជាអៀនខ្លាំង ក៏ប្រឹងហែលយ៉ាងលឿនដែលគេហៅថាហែលក្បាច់មេអំបៅ។ ណារាជវិញភ្នែកនោះសឹងថាមិនមើលក៏មិនកើត លួចមើលសឹងថាមិនព្រិចភ្នែក កែវភ្នែកទាំងគូបាញ់ទៅ សព្វគ្រប់ដងខ្លួនដែលហែលល្វត់ល្វន់ ពិតជាស្អាតណាស់ម្ចាស់ថ្លៃអើយ ហែលទៅហែលមកយ៉ាងនេះបើឱ្យមើល២០ជុំទៀតក៏មិនធុញដែរ ភ្នែកខ្ញុំកំពុងខ្វះវីតាមីនផង។ (កញ្ចនានិយាយ)រាជម៉េចក៏មិនហែលមក ក្រែងចង់ចេះហែលស្ទាត់ហី? ម៉េចក៏មិនឆាប់ហែលតាមខ្ញុំមក? អូបាទ បាទហែលទៅហើយ តែកញ្ចនាហែលយឺតៗណាខ្ញុំហែលមិនទាន់ទេ៕

និពន្ធដោយ៖កវីសន្សើមត្រជាក់

Similar Products

5075872064684988436

Add a review