រលឹកដល់បាត់ដំបងក្លាយជាចំណងកួចចងចុងដង្ហើម

Not allow reviews

អត្ថបទ



ជាសាច់រឿងខ្លីដែលកាលពីថ្ងៃទី១៤តុលា២០១៧ ខ្ញុំបានបង្ហោះក្នុងហ្វេសប៊ុក និងគេហទំព័រប្លក់ម្តងរួចមកហើយក្រោមចំណងជើងថា #រំលឹកសាច់រឿងក្នុងអតីតកាលបញ្ចូលទៅក្នុងអត្ថបទប្រលោមលោក តែសម្រាប់ថ្ងៃនេះខ្ញុំនឹងដាក់អត្ថបទនោះ ជាការរៀបរាប់បន្តទៀតជាអត្ថបទរៀបរាប់ប៉ុណ្ណោះ ឬអាចនិយាយបានថាជាប្រលោមលោកខ្នាតខ្លី។ ដែលអត្ថបទនេះមានចំណងជើងថា៖ រលឹកដល់បាត់ដំបងក្លាយជាចំណងកួចចងចុងដង្ហើម
ជាអត្ថបទចាស់សរសេរកាលពី១ឆ្នាំមុន ទើបកកាយពីបាតទីតាំងស្ងប់ស្ងាត់មួយ មានន័យថាផុសក្នុងហ្វេសប៊ុកដែរ តែជាStatusចាក់សោ អានបានត្រឹមម្នាក់ឯង ហើយយកមកបង្ហោះសាជាថ្មីដាក់កំណត់ជាPublicវិញ អាចអានបានទូទៅ។

      រលឹកដល់បាត់ដំបង ក្លាយជាចំណងកួចចងចុងដង្ហើម ពេលនេះខុសស្រឡះកាលគ្រាផ្តើម
    ឱទីទឹកដីដែលជាទីជង្រុកស្រូវ មានវាលទេសភាពស្រស់ស្រងាត់ នាហេមន្តរដូវអមដោយសម្រស់បុប្ផាស្ទើរគ្រប់ប្រភេទកំពុងរីករហង់បង្អួតដល់ហ្វូងកន្លង់ តាមក្រេបយករសដ៏ផ្អែម នៃលម្អងក្លិនដ៏ក្រអូប ក្រេបរហូតមិនជិនណាយ។ យ៉ាងណាមិញទឹកដីដ៏ត្រកាលមួយនេះ ក៏មិនអាចរំលងបានឡើយ ហាក់បីក្លាយជាចំណីអារម្មណ៍របស់ខ្ញុំដែលជាអ្នកសរសេរអត្ថបទ ដើម្បីចងក្រងជាពាក្យឃ្លោងឃ្លារំលេចលើគេហទំព័រ។ បាត់ដំបងនេះហើយដែលជាទីកន្លែងផ្តើមនូវចិត្តមួយ ដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបាន រហូតដល់ពេលនេះ តែយ៉ាងណាវាគ្រាន់តែជារូបភាពនៃស្រមោលអតីកាលប៉ុណ្ណោះ។ ពិតជាមិនអាចកំណត់ឬដឹងទុកមុនបានមែន នរណាទៅដឹងនោះថាថ្ងៃនេះខុសពីម្សិលមិញនោះ ហើយក៏មិនប្រាកដថាថ្ងៃស្អែក ជាយ៉ាងណាដែរ មើលមិនដឹងសោះឡើយព្រោះខ្ញុំមិនមែនជាគ្រូទាយឯណា និយាយលេងបន្តិចហើយ គ្រាន់ចង់នាំអារម្មណ៍មិត្តអ្នកអានឲ្យចូលសាច់រឿងរីករាយនៃមនោសញ្ចេតនាល្អមុននឹងទៅដល់សាច់រឿងដែលកំសត់បន្ទាប់ តោះចឹងចាប់ផ្តើមអានទៅមុខទៀតមិត្តអ្នកអាននឹងបានដឹងលំអិត។ មានថ្ងៃមួយជាថ្ងៃដែលចាប់ផ្តើមចូលរៀននៅមហាវិទ្យាល័យ ក្នុងកំឡុងឆ្នាំទី២ ក៏ចាប់ផ្តើមមានស្នេហាមួយដោយចៃដន្យបំផុត មានគេសួរខ្ញុំថាហេតុអីក៏ជាស្នេហាចៃដន្យ?ហើយហេតុអីក៏មានស្នេហានៅឆ្នាំទី២មិនព្រមមានតាំងពីឆ្នាំទី១? ចម្លើយរបស់ខ្ញុំឆ្លើយទៅពួកគេវិញ មិនសូវជាក្បោះក្បាយ តែមានន័យគ្រប់គ្រាន់ល្មមពួកគេអាចយល់បានគឺ ជាស្នេហាចៃដន្យដោយសារខ្ញុំជាមនុស្សមិនទាន់សូវគិតខ្លាំងពីរឿងស្នេហាហើយក៏គិតថាគ្មានស្រីណាគេមកស្រលាញ់ខ្ញុំឡើយព្រោះខ្ញុំមិនស្អាតសង្ហាផងនោះ ទោះបើខ្ញុំមានភ្នែកអាចលួចមើលនិងដឹងថាក្នុងថ្នាក់របស់ខ្ញុំ មានស្រីស្អាតច្រើនក៏ដោយ ហើយក៏មិនរំពឹងថានិស្សិតស្រីស្អាតៗទាំងនោះមកចាប់អារម្មណ៍មកលើខ្ញុំវិញដែរ។ មានស្នេហានៅឆ្នាំទី២មិនព្រមមានតាំងពីឆ្នាំទី១ព្រោះឆ្នាំទី១ ជាឆ្នាំដែលលំបាកបំផុតសម្រាប់និស្សិតជីវិតសិក្សា មកពីជនបទដូចរូបខ្ញុំ ខំឲ្យតែរកលុយបង់សាលា និងស្វែងរកសាលាល្អដែលមានតម្លៃល្មមអាចចូលរៀនបាន គឺល្អណាស់ពេកទៅហើយសម្រាប់រូបខ្ញុំ មានត្រឹមកង់កញ្ចាស់មួយជិះដើរស្ទើររាល់ព្រឹក រកសាលារៀនផង​ រើសមើលកាសែតចាស់ៗ តម្លៃឡៃឡុង តម្លែប្រហែល៥០០រៀល ទុកអានដើម្បីរកការងារធ្វើផង។ នោះហើយជាការតស៊ូនៃជីវិតមិនធម្មតា ហើយក៏ជាការតស៊ូមិនអត់ប្រយោជន៍នោះដែរ ដោយសារតែកង់កញ្ចាស់និងកាសែតតម្លៃ៥០០រៀលក្នុង១ច្បាប់ទាំងនោះហើយ ដែលធ្វើឲ្យខ្ញុំទទួលបានការងារធ្វើ សម្រាប់បានលុយបង់សាលា ព្រោះមិនហ៊ានរំពឹងហាមាត់ឬក៏លាដៃសុំឪពុកម្តាយឡើយព្រោះថាពួកគាត់លំបាកទៅហើយ អុីចឹងកុំគ្រាន់តែរឿងបន្តការសិក្សានៅមហាវិទ្យាល័យ ឲ្យគាត់លំបាកក្នុងការផ្គត់ផ្គង់ទៀតនោះ មានតែប្តេជ្ញាយ៉ាងណាក៏ដោយត្រូវរកលុយដើម្បីចូលរៀនបន្តដោយខ្លួនឯងឲ្យបាន។
ងាកមករៀបរាប់ពីជីវិតស្នេហាវិញ គ្រាមួយនាពេលដែលស្នាមញញឹមរបស់នារីម្នាក់ ចាប់ផ្តើមចូលមកទើរលើបេះដូងរបស់ខ្ញុំ ជាពេលដែលអារម្មណ៍របស់ខ្ញុំត្រេកអរបំផុត សឹងតែជាអារម្មណ៍ដែលមានស្លាបហើយចង់ហោះចេញមកក្រៅទៅហើយ នៅពេលដែលសារភាពស្រលាញ់ទៅគេហើយ គេក៏តបមកវិញថាក៏ស្រលាញ់ខ្ញុំវិញដែរ នោះហើយដែលគេហៅថាអារម្មណ៍ចាប់ផ្តើមមានស្នេហា....។
      គ្រាដែលចាប់ផ្តើមមានអារម្មណ៍ មានស្នេហាដំបូងដែលជាអារម្មណ៍ ដែលមានស្លាបចេះហោះនោះពិតជាមិនធម្មតាមែន អ្នកណាទៅដឹងនោះសូម្បីតែគិតថាគេមានចិត្តលើខ្ញុំសូម្បីតែបន្តិចក៏គ្មានផង។ តែថ្ងៃមួយជាថ្ងែដែលមានឱកាសឲ្យខ្ញុំទទួលបានលេខទូរសព្ទ័របស់គេ ដោយសារតែលោកគ្រូដាក់កិច្ចការជាក្រុមឲ្យ ធ្វើដោយតម្រូវមានសមាជិកក្រុម៦នាក់ ពេលនោះអ្នកណាមិនចង់ក្លាយជាសមាជិកក្រុមខ្ញុំនោះ ព្រោះពេលនោះខ្ញុំជាសិស្សម្នាក់ដែលមើលទៅហាក់បីដូចជាលេចធ្លោដែរក្នុងថ្នាក់រៀន មិនមែនលេចធ្លោខាងសង្ហាស្អាតនោះទេ គឺគ្រាន់បើខាងរៀន​ និងធ្វើកិច្ចការដែលលោកគ្រូដាក់ឲ្យ ខំនោះខំមិនដែលរំលងរាល់កិច្ចការសាលា ពេលខ្លះចេញពីធ្វើការហត់ហើយនៅធាក់កង់ទៅរៀនយប់នៅមហាវិទ្យាល័យផង ពេលត្រលប់មកដល់ផ្ទះក្រោយម៉ោងបាយហើយនៅបន្តរៀនដល់អធ្រាតជ្រៅទៀត បើនិយាយពីទម្រង់ភ្នែកវិញ មិនបាច់មើលទេ ឡើងខូងជម្រៅគ្រាន់បើដែរ មុខមិនស្អាតហើយភ្នែកខូងទៀត។ ក្រោយពីបង្កើតបានជាក្រុម១សម្រាប់ធ្វើកិច្ចការសាលាហើយ មានទៅតាំងខ្លួនជាសុភាពបុរសណាស់ឯណា ក៏ចាប់ផ្តើមប្រមូលលេខទូរស័ព្ទសមាជិកក្រុមទាំងអស់ ប្រមូលមុនគេគឺលេខស្រីស្អាតក្នុងចិត្តម្នាក់នោះហើយ តែមិនមែនប្រមូលតែគេម្នាក់ទេគឺសមាជិកទាំងអស់៦នាក់ ដើម្បីងាយស្រួលទំនាក់ទំនងធ្វើកិច្ចការសាលា ព្រោះកាលកំឡុងពេលសម័យនោះ មិនទាន់ជាសម័យហ្វេសប៊ុកដូចពេលនេះទេ ចំនួនអ្នកលេងហ្វេសប៊ុកមានតិចតួចណាស់ ណាមួយម្ចាស់ថ្លែអើយទូរស័ព្ទទំនើបៗ ដែលគេហៅថាស្មាតហ្វូននោះ មិនមែនតម្លៃទាប មានលុយពីណាទៅទិញនោះ មានត្រឹមអិនចុចពិលមួយដាក់សុីមកាតហើយមានលុយបញ្ចូលទៅ គ្រាន់បើពេកណាស់ទៅហើយ និយាយត្រង់ទើបតែចូលដល់រៀននៅមហាវិទ្យាល័យទេ ទើបអាចប្រើទូរស័ព្ទបាននោះ កាលនោះសម្រេចចិត្តទិញវាដោយសារមិនសូវស្គាល់ផ្លូវពេលត្រលប់មកផ្ទះ ពេលចេញទៅរកការងារឬសាលារៀនម្តងៗ និយាយឲ្យចំហើយត្រូវនោះគឺ គេហៅថាស្រែទើបចូលក្រុង។ ងាកមកបរិយាយគ្រាដែលបានលេខទូរស័ព្ទសមាជិកក្រុម និងនារីក្នុងចិត្តរួចហើយ យប់ឡើងពេលចាប់ផ្តើមធ្វើកិច្ចការសាលាមិនបង្អង់ ក៏លៃលករកពេលតេទៅពួកគេ ហើយអ្នកដំបូងដែលតេទៅនោះក៏ជានារីក្នុងចិត្តម្នាក់នោះដែរ មិត្តអ្នកអានប្រាកដជាយល់ថាហេតុអីបានជាខ្មុំហៅគេថាជានារីក្នុងចិត្តនោះ គឺបានន័យថាខ្ញុំលួចស្រលាញ់គេហើយ ស្រលាញ់តាំងពីថ្ងៃឃើញនាងដំបូងម៉្លេះ និយាយត្រង់នេះមានអារម្មណ៍ហាក់ឡើងរឹងដៃ សរសេរលែងចេញបន្តិចដែរ តែវាគ្រាន់តែជាស្នាមញញឹមមួយដែលកន្លងផុតទៅហើយ និងពេលខ្លះគិតចង់បំភ្លេច តែធ្វើចិត្តមិនទាន់បានភ្លាមៗ មានតែរង់ចាំពេលវេលាប៉ុណ្ណោះ។ រាត្រីដំបូងដែលតេទៅបានស្តាប់ហើយសម្តីមនុស្សស្រីម្នាក់ដែល រាល់សម្តីរបស់គេធ្វើឲ្យខ្ញុំយល់បានថា គេចូលចិត្តការសន្ទនាជាមួយខ្ញុំតាមទូរស័ព្ទ ទោះបីរាល់ពាក្យរបស់ខ្ញុំនិយាយទៅកាន់នាង សុទ្ធសឹងជាពាក្យដែលទាក់ទងនឹងការសិក្សាក៏ដោយ គ្មានឡើយពាក្យលែបខាយ អូសក្រឡា ព្រោះដ្បិតអីពេលនោះ យកចិត្តមួយដាក់ក្នុងខ្លួន ថាទាបកុំឈោង ស្រវ៉ាល្មមៗបានហើយ មេរៀនសាលាដឹងមេរៀនសាលា ក្រែងលោខូចចិត្តព្រោះគេមិនស្នេហ៍វិញ កុំច្របូកច្របល់ ជ្រួលជ្រើមបែងចែកមិនដាច់នោះ កុំចេះតែហ៊ាន តាមពិតទៅគម្រោងថាតេទៅ ឲ្យបានគ្រប់សមាជិកក្រុមតែទាស់អី ទាក់ត្រឹមសម្តីស្រីស្អាតម្នាក់នេះហើយ និយាយជជែកពីមេរៀនសោះ ធ្លាយដល់សួរពីប្រវត្តិរស់នៅ អ្នកខេត្តណា មានអីកណ្តាលយប់ជ្រៅទៅហើយមិនខ្ចីងងុយដេក ជក់ចិត្តពេក ហើយមានទៅអស់លុយអីប៉ុន្មានផង ព្រោះកាលពេលនោះប្រព័ន្ធទូរស័ព្ទតម្លៃFREEនាទីរាប់សិបម៉ោងឯណោះ និយាយដល់សាកថ្មទូរស័ព្ទ ព្យួរដូចបន្តោងសឺរ៉ូមទៅហើយ ហេតុតែពន្លកស្នេហាចាប់ផ្តើមដុះក្នុងខ្លួន។

សំណេរដោយកវីសន្សើមត្រជាក់

Similar Products

2503234869612924168

Add a review