ថ្នាំកម្លាំងចិត្ត

Not allow reviews

អត្ថបទ

   
     នរណាដែលមិនធ្លាប់បាក់ទឹកចិត្ត? នរណាដែលថាមិនធ្លាប់ជួបវិបត្តិ? ជួបទុក្ខសោក ជួបទឹកភ្នែក បាក់ទឹកចិត្តលែងចង់ធ្វើអ្វីៗ លែងមានកម្លាំងចង់បន្តដំណើរទៅមុខ មានទាំងពេលខ្លះរហូតទាំងលែងចង់រស់ទៅទៀត រឿងរ៉ាវទាំងនោះមានច្រើនខុសៗគ្នា ស្នេហា ការសិក្សា គ្រួសារ ការងារ ជួបហើយក៏ទឹកភ្នែក។ ជួបហើយក៏ធ្វើឲ្យយំយែកវាជាដើម្បីហេតុទាញឲ្យមានសម្រែកបេះដូងដែលរងំក្នុងចិត្តស្រែកសួរខ្លួនឯងថាម្តេចក៏រឿងរ៉ាវទាំងនោះវាចេះតែបន្តមកឥតស្រាកស្រាន្តបែបនេះ? បើសម្លឹងទៅកាន់ជីវិតដែលនៅជុំវិញខ្លួនយើង ហើយបើអាចយើងគួរសួរសំនួរដដែលឬស្រដៀងនេះទៅកាន់មនុស្សនៅជុំវិញខ្លួនយើងវិញអាចសួរថាធ្លាប់ខូចចិត្តដែរឬទេ? ធ្លាប់មានវិបត្តិដែរឬទេ? ហើយចាំស្តាប់ចម្លើយពីពួកគេទាំងអស់គ្នា។
វិបត្តិផ្លូវចិត្តមិនបានរើសអើងថាមិនទៅជួបអ្នកនេះមិនទៅជួបអ្នកនោះ វាមិនបានដើរគេចប្រកែកមិនចង់ស្គាល់បុគ្គលនេះបុគ្គលនោះឡើយ អត់គូក៏ចេះមានវិបត្តិ មានគូក៏ចេះមានវិបត្តិ មានគ្រួសារហើយក៏នៅតែមានវិបត្តិ។
តើមានដែរទេថ្នាំកម្លាំងចិត្ត? ក្នុងវិស័យវេជ្ជសាស្រ្តខ្ញុំដឹងមិនច្បាស់ដែរគ្រាន់តែធ្លាប់លឺថាមានថ្នាំប្រភេទនេះ តែខ្ញុំមិនដែលទៅសាកសួរទិញដើម្បីយកមកប្រើនៅឡើយទេ ព្រោះថ្នាំកម្លាំងចិត្តដែលត្រូវយកមកប្រើមុនដំបូងនោះមិនមែនជាថ្នាំលេបឬថ្នាំដាំទឹកផឹកនោះទេតែវាជាថ្នាំប្រើចិត្តហើយបញ្រ្ជាបទៅតាមចិត្តដែលមានឈ្មោះថាថ្នាំកម្លាំងចិត្តហើយមានប្រសិទ្ធភាពគ្រាន់បើដែរទោះមិនអាចព្យាបាលឲ្យជាសះស្បើយបានទាំងស្រុងក៏ដោយតែវាជាជម្រើសដែលត្រូវតែប្រើថ្នាំកម្លាំងចិត្តទាំងនោះ។
ថ្នាំកម្លាំងចិត្តទាំងនោះមានដូចជា
→ ខ្លួនយើងផ្ទាល់ ចំណងយើងជាអ្នកចងដូច្នេះស្រាយក៏ត្រូវផ្តើមពីខ្លួនយើងដែរ ព្យាយាមស្រាយចិត្ត
→ មិនគិតច្រើនពីរឿងដែលធ្វើឲ្យកាន់តែឈឺ
→ លុបមិនរំលឹកស្តាយអតីកាលដែលមិនល្អ
→ ក្បែរសង្គមមនុស្សដែលល្អៗ
→ ១០០០០%ត្រូវរស់ មិនអន់ស្លាប់ដោយសាររឿងអត់ប្រយោជន៍
→ ទោះបើទឹកភ្នែក ទោះវេទនាដល់ដំណាក់កាលយ៉ាប់​យ៉ឺនយ៉ាងណាក៏ដោយក៏ត្រូវទទួលទានបាយទឹកគិតសុខភាពបើគ្មានដង្ហើមសុខភាពអ្វីៗក៏អ្នកមិនអាចមានជំហ៊ានទៅមុខដែរ
→ កម្សាន្តចិត្តលំហែកាយខ្លះៗទៅមិននៅសំកុកតែកន្លែងទុក្ខសោកពេក បើថាមិនដឹងទៅទីណាយកពេលទៅអង្គុយនៅបណ្ណាល័យឬបណ្ណាគារអានសៀវភៅខ្លះ ហោចណាស់ក៏បានទទួលបានចំណេះដឹងមួយចំនួនដែរ
→ ចូលចិត្តអីធ្វើនោះទៅ ឲ្យតែគិតថាមានប្រយោជន៍ហើយមិនប៉ះពាល់ដល់អ្នកណាម្នាក់ ជីវិតរបស់យើងបំពេញចិត្តយើងកុំបំពេញចិត្តអ្នកដទៃពេក​ ចូលចិត្តកាហ្វេផឹកកាហ្វេ ចូលចិត្តចម្រៀងស្តាប់ចម្រៀង​ ចូលចិត្តកីឡាលេងកីឡា...
=>ក្នុងន័យរឿងស្នេហាវិញអ្នកខ្លះនិយាយថាគេសំខាន់ណាស់គេជាដង្ហើមរបស់ខ្លួនបើបែបនោះមែនសំនួររផុសត្រដែតឡើងទៀតហើយនឹងសួរថា មុនគេចូលមកដល់ជីវិតយើង តើយើងដកដង្ហើមដោយរបៀបណា? ក៏ឆ្លើយថាដកដង្ហើមធម្មតាតែពេលគេចូលមកដល់ដកដង្ហើមស្រស់ថ្លាហើយពេលគេចេញបាត់ទៅដកដង្ហើមតឹងណែន បើអញ្ជឹងមានតែគ្រវីក្បាលហើយហួសចិត្តប៉ុណ្ណោះ បើគេជាដង្ហើមរបស់អ្នកដ៏សំខាន់លើសលប់យ៉ាងនេះ ដល់ថ្នាក់នេះ ត្រឹមតែគេបានចូលមកជីវិតរបស់អ្នកមួយរយៈពេលសោះសំខាន់ដល់ម្លឹងទៅហើយ​ ចុះឪពុកម្តាយរបស់អ្នកដែលខំបង្កើតបីបាច់រក្សាតាំងពីតូចមកនោះអ្នកទុកគាត់នៅកន្លែងណាក្នុងចិត្តរបស់អ្នក? គ្មានទេមែនទេ? គាត់បាត់មិនមានក្នុងចិត្តរបស់អ្នកទេមែនទេ? ឱ!អនិច្ចា បើគាត់បានដឹងបែបនេះទឹកភ្នែករបស់ពួកគាត់អាចទប់មិនស្រក់បានទេ? ពេលគាត់ដឹងថាកូនជាទីសំណព្វចិត្តរបស់គាត់គ្មានទេរូបគាត់ក្នុងចិត្តប្រអប់បេះដូង គាត់អាចមិនមានវិបត្តិធ្លាក់ទឹកចិត្តទេឬ? ឱ!ទឹកចិត្តកូនជាទីសំណព្វចិត្តអើយ!
អត្ថបទដោយកវីសន្សើមត្រជាក់

Similar Products

8417358484279712883

Add a review