សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំភាគ៩

Not allow reviews

អត្ថបទ

   ជូនតាមការសន្យា បង្ហោះប្រលោមលោកនេះហើយប្រហែលវិលចូលទ្រនំលង់លក់មុនហើយ ងងុយដោយសារលេបថ្នាំផ្តាសាយ រាត្រីសួស្តី សុបិន្តល្អៗ!!!
វគ្គ
#ទៅមិនហួសជៀសមិនផុតមិនស្រលាញ់មិនបាន
#យល់ពីគ្នា

*********************************************
សម្រាប់ភាគ៩នៅខាងក្រោមនេះ
ក្រោយពីដំណើរកម្សាន្តរយៈពេលប៉ុន្មានថ្ងៃនៅកំពង់សោមមក សប្បាយៗ ផ្អែមល្ហែម មានទាំងពេលសារភាពស្នេហ៍ទៀតផង គូស្នេហ៍វ័យក្មេងសាងអនុស្សាវរីយ៍ ពេលវេលាដើរលឿនមែនត្រឹមតែប៉ុន្មានថ្ងៃសោះក៏ដល់ថ្ងៃត្រលប់មកភ្នំពេញវិញទៅហើយ ក៏ដល់ថ្ងៃចូលធ្វើការរៀងខ្លួនដែរ។
អង្គុយធ្វើការនៅកន្លែងដែលមានផាសុកភាព មានកៅអី មានតុ មានម៉ាស៊ីនត្រជាក់ដាក់ក្នុងកម្រឹតល្មម ក្រុមបុគ្គលិកច្រើនជាតិសាសន៍ ហើយអង្គុយទៅតាមផ្នែករៀងៗខ្លួន ជាបុគ្គលិកម្នាក់ដែលឧស្សាហ៍ហើយរាក់ទាក់ចេះជួយយកអាសារមិត្តរួមការងារ ទៅធ្វើការមិនដែលយឺតគោរពពេលវេលា ណារាជជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនទូរស័ព្ទមួយផ្នែកគ្រប់គ្រងប្រព័ន្ធទិន្នន័យនិងសរសេរកូដកម្មវិធី នៅទីកន្លែងការងារជាមនុស្សម្នាក់ដែលមានគេស្រលាញ់ចូលចិត្តច្រើន ជាបុគ្គលិកដែលធ្វើការនៅទីនោះប្រហែលជាង២ឆ្នាំទៅហើយ ជាបុរសសុភាព មិនមែនជាសុភាពបុរសក្លែងក្លាយ​ការងារមានភាពរហ័សរហួនទំនាក់ទំនងក៏ល្អ គួបផ្សំបរិយាកាសទីកន្លែងការងារដែលជាទីគួរឲ្យចង់ធ្វើការទៅហើយនោះ ក៏សំបូរទៅដោយមនុស្សដែលល្អ ដែលមានចំណេះនិងជំនាញផ្សេងៗគ្នាជាច្រើន ជាទីបណ្តុំដែលអាចឲ្យបុគ្គលិកនៅទីនោះ អាចក្រេបយកការយល់ដឹងពីគ្នាទៅវិញទៅមក។ តាមតុនីមួយៗមានកុំព្យូទ័រ១គ្រឿងរៀងៗខ្លួន ស្ទើរតែគ្រប់តុទៅហើយមានថូផ្កាដែលដាក់ដាំប្រភេទផ្កាផ្សេងៗគ្នាពណ៌ខៀវបៃតងទៅតាមការស្រលាញ់របស់គេផងដែរ អង្គុយនៅមុខតុនិងកុំព្យូរទ័ររបស់ខ្លួនដែលមានដបទឹកសុទ្ធតូចមួយ កាត់ទម្រង់ក្បាច់ហើយដាក់កូនផ្កាតូចមួយកំពុងតែលូតស្រស់ខ្ចី ម្នាក់នោះគឺណារាជ សំឡេងស្រ្តីម្នាក់ស្រែកហៅណារាជ៖ រាជ! រាជ! ម្តេចក៏អង្គុយភ្លឹកហើយកំពុងសម្លឹងមើលអីហ្នឹង ជាមនុស្សប្រុសសោះចេះដាំផ្កានឹងគេដែរ ហើយអង្គុយញញឹមដាក់ផ្កាទៅវិញ ចង់ច្រណែនផ្កាប៉ុន្មានទងនោះដល់ហើយ ហាក់សំណាងម៉្លេះបានអ្នកកំលោះញញឹមពព្រាយដាក់ទាំងព្រឹកតែម្តង ទំនេរជួយខ្ញុំបន្តិចបានទេ? សម្រួលម៉ាស៊ីនព្រីនឲ្យខ្ញុំបន្តិចមកខ្ញុំព្រីនមិនចេញទេ មិនដឹងជាវាខូចអីទេ (ណារាជតប) អូ! បងស្រីកន្និដ្ឋាទេអី! ខ្ញុំភ្លឹកមែន ភ្លឹកទាំងមិនដឹងថាបងមកឈរនឹងកែងតុខ្ញុំតាំងពីពេលណាផង ជាទម្លាប់របស់ខ្ញុំទៅហើយពេលមកដល់តុការងារដំបូងបង្អស់គឺខ្ញុំឆុងកាហ្វេ១កែវតូច ក្រេបបណ្តើរហើយសំលឹងមើលកូនដើមឈើដែលរីកលូតលាស់យ៉ាងល្អនេះ វាពិតជាល្អណាស់ មិនដឹងដែរពេលបានមើលវាហើយវាហាក់ ផ្តល់កម្លាំងចិត្តឲ្យខ្ញុំមួយផ្នែកដែរ។ តោះ! ទៅមើលម៉ាស៊ីនព្រីនបន្តិចមើលតើវាខូចអី និយាយហើយក៏បង្ហើយកាហ្វេដែលសល់បន្តិចក្នុងកែវ ថែមទាំងចាក់ទឹកថែមទៅលើកែវផ្កាក៏ដើរទៅមើលម៉ាស៊ីនព្រីន នៅតុរបស់កន្និដ្ឋា មានខូចអីឯណាបង? វាជាប់ក្រដាស១សន្លឹកហ្នឹងណា ពេលនេះខ្ញុំដោះចេញហើយ បងអាចសាកព្រីនម្តងទៀត។ អរគុណប្រុសក្មេង ចិត្តល្អមែន ជំនាញមែន ចេះគ្រប់តែម្តង (ណារាជនៅតែញញឹមហើយតប) មិនបាច់អរគុណទេបង រឿងប៉ុណ្ណឹងខ្ញុំជួយដោយស្ម័គ្រចិត្ត ជាការងារមនុស្សប្រុសទៅហើយ មានការអ្វីបងអាចហៅខ្ញុំបានកុំខ្លាចចិត្តអី ខ្ញុំមិនចង្អៀតចិត្តនោះទេ។ ចាស! ប្រុសក្មេងមុខស្រស់ ចិត្តល្អណាស់យើងហ្នឹង សង្សារអ្នកណាគេហ្នឹង? រួចរាល់ជួយធ្វើម៉ាស៊ីនព្រីនហើយក៏លាបងស្រីម្នាក់នោះដើរទៅកាន់តុការងារវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
ដល់វេលាល្ងាចម៉ោង៥និង២០នាទីទៅហើយគេគ្រប់គ្នាទៅផ្ទះសឹងអស់ស្ងាត់ទៅហើយនៅឡើយសល់តែមនុស្សប៉ុន្មាននាក់ក្នុងនោះក៏មានណារាជនិងកន្និដ្ឋាដែរ
នារីម្នាក់សាច់ឈាមមុខមាត់ស្រស់សោភា ឈ្មោះកន្និដ្ឋានិយាយដោយសំដីទន់ស្រទន់មួយៗទៅកាន់កំលោះសង្ហាណារាជ៖ រាជសុំសួរតាមត្រង់ណា ហើយឆ្លើយមកខ្ញុំវិញក៏ត្រង់ដែរណា៎! មានសង្សារឬនៅ?ហើយអាចទំនេរទេកំដររខ្ញុំអង្គុយជជែកនៅទីណាដែលបានរសាយចិត្តបន្តិចតើបានទេ? ពេលនេះដូចជាមានអារម្មណ៍ថាចូលចិត្តរាជខ្លាំងណាស់ មិនដឹងជាយ៉ាងម៉េចទេពេលនេះ មកពីរាជញញឹមស្រស់សំដីទន់ភ្លន់ពេកសុភាពហើយមើលទៅ ម្យ៉ាងទៀតនៅទីនេះនរណាក៏និយាយដែរថារាជជាមនុស្សរួសរាយចេះជួយយកអាសារគេណាស់ ម្តេចក៏ញញឹម? ញញឹមបែបនេះមានន័យថាព្រមកំដរខ្ញុំហើយមែនទេ? វេលានេះខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងណាស់! ហើយពេលណាដល់ម៉ោងចេញទៅ? ខំណាស់ពិតជាឧស្សាហ៍នឹងការងារមែន(ជាសំដីរបស់កន្និដ្ឋានិយាយបន្តទៅណារាជ)
ណារាជក៏តបទាំងញញឹមដោយនិយាយថា៖ អូ!បងកន្និដ្ឋាទេ ហើយបងមិនទាន់ទៅផ្ទះដែរ! បងឲ្យខ្ញុំឆ្លើយតាមត្រង់ ហើយបើឲ្យខ្ញុំលាក់ក៏ខ្ញុំមិនចេះលាក់ដែរ បាទមានហើយសង្សារ សង្សារខ្ញុំមានឈ្មោះថាកញ្ចនា នាងធ្វើការនៅក្រុមហ៊ុនឯកជនមួយ បងចង់ឲ្យខ្ញុំកំដរមែនទេ? មានអីបងថ្ងៃនេះខ្ញុំមានអារម្មណ៍ថាចង់ទៅកន្លែងមួយ ដែលមានខ្យល់អាកាសល្អអាចមើលអាគារខ្ពស់ៗក្នុងទីក្រុងភ្នំពេញនេះបាន គឺនៅEclip skybarបងស្គាល់ទេ? បងអាចទៅបានទេ ទីនោះខ្ញុំអាចកំដរបងបានហើយមានរឿងអីបងអាចប្រាប់ខ្ញុំមកក្រែងខ្ញុំអាចជួយប្រឹក្សាបងបាន។ កន្និដ្ឋាតប អូ! ស្គាល់តើEclip skybar តោះចឹងប្រហែល១០នាទីទៀតយើងចេញទៅ។ វេលាប្រហែល៦ល្ងាចទាំងពីរនាក់ក៏ទៅដល់ទីនោះ នៅលើជាន់ខ្ពស់ផុតនៃអគារEclip skybarទៅដល់ទីនោះ ពួកគេបានហៅស្រាក្រឡុកម្នាក់១កែវហើយផឹកបណ្តើរសន្ទនាបណ្តើរ (ណារាជផ្តើមនិយាយ) ឥឡូវបងស្រីអាចប្រាប់ខ្ញុំមកតើបងមានវិបត្តិអី ក្រែងខ្ញុំអាចជួយបាន បញ្ជាក់សិនខ្ញុំមិនមែនជាអ្នកដោះស្រាយវិបត្តិស្នេហា ដូចជាលោកគ្រូ ឯកមនោសែន ដែលគេហៅថាលោកគ្រូមនោ លោកគ្រូមនោ ឬក៏បងស្រីសម្រស់ស្អាត ណាណា ឬក៏គេហៅថាDJ NaNa ខ្ញុំចូលចិត្តស្តាប់ពួកគាត់តែមិនពូកែដោះស្រាយបញ្ហាឬវិបត្តិស្នេហាដូចពួកគាត់ទេ។ រាជបានប្រាប់ខ្ញុំថាមានសង្សារហើយ តើនារីណាទៅដែលមានសំណាងណាស់ដែលមានបុរសណារាជម្នាក់នេះជាសង្សារនោះ? គួរឲ្យច្រណែននារីម្នាក់នោះមែន គេគ្រប់គ្នាបើបានស្គាល់រាជទៅហើយពិត ទៅមុខមិនហួសមិនស្រលាញ់លើរាជពិតមិនបាន ខ្ញុំពិតជាហ៊ានលួចសរសើររាជមែន គួរឲ្យរាប់អានមែន រឿងខ្ញុំនោះគឺវែងអន្លាយហើយស្មុគស្មាញណាស់ហើយពិបាកស្រាយឲ្យចេញណាស់ រាជដឹងទេ?ជីវិតខ្ញុំបានរៀបការហើយក៏ដោយសារតាមចាស់ៗជាអ្នកផ្សំផ្គុំ តែទីបំផុតចំណងអាពាហ៍ពិពាហ៍មួយនេះមិនមានសុភមង្គលនោះឡើយ រឿងរកាំរកុះចេះតែកើតមានហូហែពិបាករកពន្លឺឃើញណាស់ រៀបការបានរយៈពេល១ឆ្នាំជាងយើងទាំងពីរក៏ដល់ផ្លូវបំបែកហើយចែកផ្លូវគ្នាដើររៀងខ្លួន អតីតស្វាមីខ្ញុំនោះគាត់ធ្វើចិត្តបានលឿនណាស់បែកពីខ្ញុំទៅត្រឹមតែ៣ខែប៉ុណ្ណោះ គាត់ក៏រៀបការថ្មីបាន ដោយឡែកតែខ្ញុំប៉ុណ្ណោះរហូតមកដល់ពេលនេះ១ឆ្នាំទៅហើយ ខ្ញុំបើកចិត្តទទួលអ្នកថ្មីមិនទាន់បាន មិនមែនអ្នកមកក្រោយមិនល្អតែប្រហែលមកពីខ្ញុំគ្មាននិស្ស័យស្រលាញ់អ្នកដែលមកក្រោយ ហុឹម! ពិបាកគិតណាស់ជីវិតស្នេហា! និយាយដល់ត្រឹមនេះសំឡេងទូរស័ព្ទរបស់ណារាជក៏រោទ៍ឡើង! អាឡូ!បងរាជបងនៅទីណាពេលនេះ? ជាការខលចូលរបស់កញ្ចនា ណារាជឆ្លើយ
កញ្ចនា! អូន!បងនៅអាគារEclip skybarកំដរមិត្តរួមការងារជជែកបន្តិច
មកជួបអូនបន្តិចពេលនេះបានទេ?
ចាំបន្តិចប្រហែល១ម៉ោងទៀតបានទេ?
អញ្ចឹងអូនចាំបងនៅម៉ាតម្តុំផ្សារកណ្តាល កន្និដ្ឋាសួរ អ្នកណាគេ?សង្សារខលមកហើយមែនទេ? តិចលោគេប្រច័ណ្ឌខឹងទៅ (ណារាជតប) ខ្ញុំយល់ពីគាត់ គាត់ក៏យល់ពីខ្ញុំដែរ កញ្ចនាមិនខឹងខ្ញុំទេ ខ្ញុំអាចកំដរបងបាន១ម៉ោងទៀត។ ការជជែករៀបរាប់ច្រើនហើយណារាជក៏ផ្តល់ជាយោបល់ប្រឹក្សាច្រើនដល់ដៃគូសន្ននា ធ្វើឲ្យកន្និដ្ឋាបានធូរចិត្តក៏ច្រើនហើយរឹតតែគិតថាណារាជជាមនុស្សល្អជួយយកចិត្តទុកដាក់ ដល់ម៉ោងកំណត់ដែលថានឹងទៅជួបកញ្ចនា ណារាជក៏លាមិត្តរួមការងារនិងជាដៃគូជជែកដើម្បីមកជួបសង្សារនៅកន្លែងដែលនាងចាំ ប្រហែល១៥នាទីក្រោយណារាជក៏ធ្វើដំណើរដល់កន្លែងដែលកញ្ចនារង់ចាំ ទៅដល់ទាំងកញ្ចនាមិនដឹងខ្លួនដោយកំពុងឈ្ងោកអោនចុចទូរស័ព្ទ ៖ ដកដៃចេញមកមិនបាច់បិទភ្នែកអូនទេ អូនទាយក៏ដឹងថាដៃបងដែរអូនចំណាំច្បាស់ណាស់ ដៃនេះធ្លាប់កាន់ដៃអូន មិនបាច់បិទភ្នែកអូនទេ កញ្ចនានិយាយប្រាប់ទៅកាន់បុរសម្នាក់ដែលឈរពីក្រោយខ្លួនហើយយកដៃខ្ទប់បិទភ្នែក (ណារាជនិយាយតម្តង) ម្តេចក៏ចាំច្បាស់ម៉្លេះអូនសម្លាញ់? និយាយហើយក៏លែងដៃ និងចាប់ទាញមុខកញ្ចនាបង្វិលបែរមករកខ្លួន អូនចាំបងយូរដែរទេ? ខឹងបងទេ? ហេតុអ្វីក៏មុខស្អុយយ៉ាងនេះម្ចាស់ក្សត្រីយ៍កំសត់របស់បងអើយ? ឆ្លើយមក (កញ្ចនាឆ្លើយ) មិនខឹងទេអូនដឹងថាបងរវល់អូនមិនរំខានទេ អូនសុខចិត្តចាំ ហើយEclip skybarនោះក៏ជាទីដែលបងចូលចិត្តទៅអង្គុយលេង ដូចដែលបងធ្លាប់ប្រាប់អូនអញ្ចឹង មានអីអូនត្រូវខឹងបងនោះ មិនឲ្យមុខអូនស្អុយយ៉ាងម៉េចកើតបើឃ្លានសឹងអីហើយ ចាំបងមកទៅញុាំអីជុំគ្នា (ណារាជ) ពុទ្ធោ! តាមពិតចឹងទេ អូខេ!បងជាអ្នកខុសដែលធ្វើឲ្យអូនចាំរហូតឃ្លានមុខស្អុយ បងសុំទោស! តោះទៅរកអីញុាំអូនចង់ញុាំនំបញ្ចុកស្រុះទេ បងជូនអូនទៅនៅជិតផ្សារកណ្តាលហ្នឹងដែរទេ តោះ!............!
ភាគបន្តមកដល់ឆាប់ៗនេះ....!!
ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

7920084669789627904

Add a review