សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំភាគ៧

Not allow reviews

អត្ថបទ

វគ្គ
#លាក់ការសម្ងាត់គ្មានអ្នកណាដឹង
#យល់សប្តិចម្លែកបំបែកការសម្ងាត់
*********************************************

សម្រាប់អត្ថបទសាច់រឿងភាគ៧នៅខាងក្រោមនេះ
ឆ្លងចូលមកដល់ថ្ងៃបន្ទាប់ដំណើរកម្សាន្តរបស់ពួកគេគឺទៅកាន់កោះរ៉ុងសន្លឹមមានបន្តទៀត អាកាសធាតុពិតជាអំណោយផលមេឃស្រទុំម្លប់ល្អ ក្តៅក៏មិនក្តៅភ្លៀងក៏មិនភ្លៀង រលកសមុទ្រវិញមានកម្ពស់ល្មមគឺអនុញ្ញាត្តិឲ្យគ្រប់ទូកដឹកអ្នកទេសចរណ៍ចេញដំណើរទៅកោះនានាបាន។ ពួកក្រុមទាំង៦នាក់មាន នូណា ណារី និមល កញ្ចានា ណារាជនិងវិចិត្រក៏បានចេញដំណើរប្រហែលនៅវេលាម៉ោង៩ព្រឹកឆ្ពោះទៅកោះនោះ តែមុននឹងទៅដល់កោះគឺរៀបរាប់ដំណើររឿងច្បោលៗនៅលើទូកបណ្តើរៗសិនទំរាំទូកឈានបោះខ្សែរចងដល់បង្គោលនៃទឹកដីកោះរ៉ុងសន្លឹម។
កើយស្មាបែបនេះមិនហ៊ានគេងលក់ទេ ព្រោះខ្លាចពេលបើកភ្នែកឡើងស្មាក្លាយទៅជាជញ្ជាំងទូក នោះពិតជាកំសត់ស្លាប់ហើយ សន្យាជាមួយខ្ញុំបានទេ បើទោះជាខ្ញុំគេងលក់ក៏ដោយ ស្មាមួយនេះក៏មិនទៅណាចោលខ្ញុំដែរ(ក្បាលកំពុងទ្រេតលើស្មាហើយក៏និយាយទៅកាន់ណារាជនោះជាកញ្ចនា)។ កោះរ៉ុងសន្លឹមទីដែលខ្ញុំប៉ងទៅទីនោះជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទីបំផុតបានទៅហើយ អរគុណ! ដែលកំដរខ្ញុំមកទីនេះ អរគុណ! ដែលព្រមឲ្យស្មាផ្អែក ជាងមួយម៉ោងទៅហើយនៅមិនរអ៊ូសូម្បីមួយម៉ាត់ ហេតុអ្វីក៏ញញឹមព្រមទាំងមើលចំមកមុខខ្ញុំបែបនេះ? ចង់និយាយអីមែនទេ? សារភាពស្រលាញ់ខ្ញុំមែនទេ?​ ថ្ងៃមុនត្រឹមកាយវិការសារភាព ថ្ងៃនេះចង់និយាយចេញហើយមែនទេ?
ចុះបើបងចង់និយាយសារភាពប្រាប់អូនមែនតើអូនគិតយ៉ាងណាដែរ? ព្រមបើកបេះដូងទទួលយកម្នាក់នេះទេ? តែមិនអីទេ យ៉ាងម៉េចក៏បានត្រឹមជាមនុស្សម្នាក់ឲ្យអូនផ្អែកស្មាដូចនេះក៏បាន បើថាមិនស្រលាញ់បងវិញក៏បានសុំត្រឹមបងស្រលាញ់អូនតែម្ខាងក៏បាន នេះជាសម្តីរបស់ណារាជប្រហើរសម្តីប៉ុន្មានឃ្លា ទាំងកញ្ចានាទើបងាកកឃ្លាតចេញពីស្មាបន្តិចហើយសម្លឹងទៅរកណារាជដែរនោះ (កញ្ចនាតប)ឆ្កួត! អ្នកណាបង? អ្នកណាអូន? ពីណាគេឲ្យនិយាយពាក្យនេះ? ជាអ្វីនឹងគ្នា? និយាយដោយមុខក្រហមអៀនទៀតហើយ (ណារាជតប)ហើយបើខ្ញុំអាយុបងកញ្ចនា១ឆ្នាំមែន ចឹងហៅបងអូនមានខុសអ្វី សំខាន់បេះដូងរបស់ខ្ញុំបានបញ្ជារមាត់ខ្ញុំឲ្យវាចាបែបនេះ ឃាត់វាមិនឈ្នះដូច្នេះដំបូងក៏ត្រូវផ្គាប់តាមបេះដូងតែម្តងទៅ និយាយហើយក៏ដាក់ថែមសាសងវាចាបន្តទៀត កញ្ចនាឲ្យបងសុំស្រលាញ់បានទេ?​ ថ្ងៃឃើញអូនដំបូងនៅកន្លែងហែលទឹកបងប្រើភាសាកែវភ្នែកសារភាព ថ្ងៃមុនដើរមាត់ឆ្នេរបងប្រើភាសាកាយវិការសារភាពទៅអូន ថ្ងៃនេះបងប្រើសម្តីឲ្យអូនលឺនឹងត្រចៀកតែម្តង កើយស្មាបងទៀតមក ចាំបងខ្សឹបដាក់ត្រចៀកអូនក៏បានលាក់បាំងកុំឲ្យគេលឺ បងខ្សឹបបែបនេះគ្មានអ្នកណាដឹងនិងលឺនោះទេ បេះដូងរក្សាការសម្ងាត់ ស្មាក៏កៀកកើយដៃក៏កាន់ល្អូកល្អឺនសម្បើមមិនធម្មតា មិនធម្មតារហូតអាចមានអ្នកច្រណែនចង់បានបែបនេះដូចគូស្នេហ៍ថ្មីថ្មោងមួយគូនេះ។
គេរក្សាការសម្ងាត់ហើយដូច្នេះខ្ញុំក៏មិនដឹងថាគេនិយាយពីអ្វីទៀតដែរ មិត្តអ្នកអានអាចទាយបានតើគេទាំងពីរនាក់និយាយពីអ្វីបន្ត? ​
***********
ក្រោយពីរៀបរាប់ដល់កន្លែងដែលណារាជប្រាប់ទៅកញ្ចនាឲ្យកៀកត្រចៀកហើយខ្សឹបប្រាប់ថាជាការលាក់បាំងកុំឲ្យអ្នកណាលឺនោះ ដើម្បីជារឿងបេះដូងរក្សាការសម្ងាត់ សូម្បីតែខ្ញុំដែលជាអ្នកសរសេរក៏មិនដឹងដែរនោះ ក៏មិនដឹងរៀបរាប់អ្វីបន្តក៏សុំស្លេះភាគត្រឹមពាក់កណ្តាលទីព្រោះមិនដឹងត្រូវសរសេរពីអ្វីបន្ត ព្រួយផងខ្វល់ផងមិនដឹងបានអត្ថបទសាច់រឿងបន្តយកមកបង្រ្គប់ភាគ៧នេះហើយបង្ហោះជូនដល់មិត្តអ្នកអានបានទេ សង្ស័យតែជំពាក់មិនបានផុសទៀតហើយ គាប់ជួនងងុយផងក៏Shut downកុំព្យូទ័រ៣វិនាទីក្រោយកុំព្យូទ័រក៏រលត់ទៅតាមការបញ្ជានៃបំណងរបស់ខ្ញុំមែន ខ្ញុំក៏ប្រះខ្លួនននៀលចូលទ្រនំដំណេកតែម្តងទាំងងុយខ្លាំងព្រោះម៉ោង១១ជិត១២ទៅហើយនោះគិតថារកគេងឲ្យលក់ ហើយកុំឲ្យឆ្លងចូលដល់ថ្ងៃថ្មីទាន់តែមុនគេងលក់ ក៏ទាញកាសដោតទូស័ព្ទសៀតទៅនឹងត្រចៀកទាំងសងខាងបើកប៉ុស្តិ៍វិទ្យុស្តាប់កំដរបន្តិចសិន បើកចំប៉ុស្តិ៍វិទ្យុមួយ គឺជួបប៉ះចំដល់សំឡេងពិធីការិនីស្រស់វ័យក្មេងពីររូបសំឡេងស្រទន់ហាក់បំពេខ្ញុំឲ្យគេងលក់ ស្តាប់បានប្រហែល១៥នាទី វិទ្យុក៏ស្តាប់ខ្ញុំវិញម្តងមានន័យថាខ្ញុំគេងលក់ ហាសហា!លក់ដោយមិនដឹងខ្លួន។ ចម្លែកកំប្លែងមែន គួរឲ្យចង់សើច ដូចជាមិនទំនង គ្រាន់តែដាក់ខ្លួនគេងមិនទាន់បានប៉ុន្មានផងក៏យល់សប្តិ ហើយការយល់សប្តិនោះគឺមិនទៅណាឆ្ងាយពីរឿង សម្រស់របស់នាងជាវីតាមីនៃភ្នែករបស់ខ្ញុំ ឯណាពិតជាដំណេកលក់មិនខាតមែនបានចំណេញសម្រាប់សរសេរអត្ថបទរឿងទៀតខ្ញុំ គឺយល់សប្តិបានទៅជួបតួក្នុងរឿងនេះតែម្តងជួបទាំងណារាជជួបទាំងកញ្ចនា បានទៅលេងដល់ទឹកដីកោះរ៉ុងសន្លឹមដែរ។ ក្នុងយល់សប្តិនោះគឺថាកំពុងតែដើរៗដល់ទីមួយក៏មានបុរសម្នាក់ស្រែកហៅខ្ញុំ ឈប់ៗ! ឈប់សិនមើល បងកវី ខ្ញុំចម្លែកហើយក៏ងាក ម្តេចក៏ស្គាល់ខ្ញុំ? យើងស្គាល់គ្នាពីមុនមក?ណារាជតបនិយាយ ម៉េចថាមិនស្គាល់នោះ! បងកវីឯងហ្នឹងហើយសរសេររឿងរៀបរាប់ពីខ្ញុំនោះអី ខ្ញុំក៏អានខ្លួនឯងដែរ រំពេចនោះខ្ញុំក៏បើកភ្នែកធំៗភ្ញាក់ផ្អើល ហើយលាន់មាត់ ថាម៉េច? នេះគឺណារាជ?​ កុំប្រាប់ណាថាទីនេះកោះរ៉ុងសន្លឹមណា! ចម្លែកម្ល៉េះអំបាញ់មិញខ្ញុំទើបសរសេរដល់ត្រឹមអ្នកទាំងពីរកើយស្មាកាន់ដៃគ្នាទេតើ ហើយម្តេចក៏សាច់រឿងនេះខ្ញុំជាអ្នកសរសេរមានខ្ញុំស្អីក្នុងហ្នឹងដែរ? អត់យល់សោះវ៉ល់ៗអស់ហើយ។ ណ្ហើយចឹងក៏ចឹងទៅចុះបើជ្រុលតែបានដើរយ៉ាងលឿនត្រឹមប៉ុន្មាននាទីសោះខ្ញុំអាចមកដល់កោះដ៏ស្រស់ស្អាតមួយនេះទៅហើយព្រោះអំបាញ់មិញខ្ញុំនៅភ្នំពេញទេតើ កុំឲ្យខាតណាមួយកំពុងខ្វះសំណេរសាច់រឿងរបស់ណារាជឯងនិងកញ្ចនាផង ព្រោះដោយសារតែណារាជឯងហ្នឹងហើយបានប្រាប់ថាបេះដូងរក្សាការសម្ងាត់ស្អីគេនោះទេ លាក់បាំងស្អីក៏មិនដឹង ដូចរាំងខ្ទប់ខ្ញុំមិនឲ្យសរសេរតទៅមុខទៀតបាន។ (ណារាជតប) ដល់ម្លឹងផង! អញ្ចឹងផងបងកវី! (ខ្ញុំតបនិយាយម្តង) ត្រូវហើយដោយសារតែការសម្ងាត់នេះហើយទើបអត្ថបទភាគ៧ត្រូវបានជំពាក់គេហើយបានត្រឹមសម្រង់កន្លែងផ្អែមៗខ្លះរបស់ណារាជឯងនិងកញ្ចនានោះអី បើជ្រុលជាជួបដោយចៃដន្យទៅហើយ អាចប្រាប់ខ្ញុំបានទេកុំលាក់ការសម្ងាត់ធ្វើអ្វីបានទេណារាជ? (ណារាជតប)​បាន! ម្តេចក៏ថាមិនបាននោះ បើមិនប្រាប់ពិតជាស្តាយណាស់វីវរបងឈប់សរសេររឿងខ្ញុំទៅ បងសរសេរតាំងពីភាគ១ដល់ភាគ៧នេះរាប់សិបទំព័រទៅហើយដូច្នេះបើថែមសាច់រឿងរបស់ខ្ញុំប៉ុន្មានរយទំព័រទៀតក៏ដូចជាមិនធ្វន់ណាស់ណាដែរទេ មែនទេបងកវី? (ម្នាក់នេះក៏តបទៅវិញ) ការសរសេរជាចំណូលចិត្ត ការស្រម៉ើស្រម៉ៃរករសជាតិប្លែកៗបញ្ចូលទៅក្នុងសាច់រឿងប្រលោមលោកឬអត្ថបទនានារបស់ខ្ញុំក៏រឹតតែសំខាន់ដែរ សរុបទៅខ្ញុំធ្វើនេះដោយពេញចិត្តហើយក៏បើកចិត្តទទួលយកការរិះគន់ត្រលប់មកវិញដែរ ម្តេចនឹងអាចអំនួតហើយគិតថាឲ្យតែសំណេររបស់ខ្ញុំគឺសុទ្ធតែល្អនោះទៅ សំណេរខ្ញុំក៏សរសេរហើយអត្ថបទឬរឿងប្រលោមលោករបស់អ្នកនិពន្ធផ្សេងៗក៏ខ្ញុំអានដូចគ្នា។ តោះឥឡូវចូលមកសាច់ការតែម្តង ណារាជឯងជួយរៀបរាប់បន្តិចមកលាក់ការនោះជាអ្វីទៅ? (ណារាជតប) បាទបង រឿងដែលថាលាក់ការនោះគឺខ្ញុំបានប្រាប់កញ្ចនាថា ប្រាប់ថា! ចឹងបងចាំកត់ទៅខ្ញុំរៀបរាប់ប្រាប់ ខ្ញុំនិយាយថា៖ អូនដឹងទេបងពិតជាស្រលាញ់អូនមែនដឹងទេកញ្ចនា បើទោះជាបងគឺជាបុរសម្នាក់ដែលផ្អាកបេះដូងឈប់គិតរឿងស្នេហាដ៏យូរមកហើយដែរនោះ ឬក៏បុរសបេះដូងដែកក៏ដោយចុះ នៅតែមិនអាចទ្រាំនឹងសម្រស់អូនបានក្នុងថ្ងៃជួបអូនដំបូង ពិតជាចៃដន្យដែលដំបូងបងជ្រមុជទឹកចូលទៅបាតអាងហែលទឹកនោះពេលងើបឡើងបានក្បែរមនុស្សស្រីម្នាក់ ហើយម្នាក់នោះគឺអូន បេះដូងដែលតាំងជាបេះដូងដែកនេះក៏ស្រាប់តែអណ្តែតផុសឡើងទប់មិនជាប់ឲ្យលង់ស្រលាញ់អូនបាត់ទៅហើយ បងពិតជាព្រហើនណាស់មែនទេដែលហ៊ានស្នេហ៍អូនទាំងមិនទាន់ស្គាល់ឈ្មោះអូនផងនោះ? បងកវីដឹងទេ សម្តីនេះហើយដែលខ្ញុំខ្សឹបប្រាប់ទៅកញ្ចនានោះ តាមពិតទៅមិនមែនការសម្ងាត់ណាស់ណាទេ គ្រាន់តែខ្ញុំចង់ខ្សឹបបែបនេះកុំឲ្យពួកម៉ាកខ្ញុំវិចិត្រវាលឺហើយវាមកកាត់ចង្វាក់នោះអី ណាមួយទុកពេលឲ្យវាសាសង សាងសង់ពន្លកស្នេហាជាមួយនូណានោះអី បងសម្លឹងមើលនោះន៎! ពួកគេទាំងពីរនាក់កំពុងបណ្តើរគ្នាកាន់ដៃយ៉ាងត្រសងនៅមាត់ឆ្នេរនោះឃើញទេ! ថាមិនត្រូវបងអាចសរសេររឿងស្នេហារបស់វិចិត្រនិងនូណាច្រើនជាងរឿងរបស់ខ្ញុំទៀតផង និយាយបានប៉ុណ្ណឹងក៏មាននារីម្នាក់ដើរមកដល់ហើយក៏ហុចទឹកក្រូចមួយកំប៉ុងឲ្យណារាជមួយកំប៉ុងទៀតមកឲ្យខ្ញុំហើយក៏និយាយថានេះសម្រាប់បង បងកវី ខ្ញុំក៏លាន់មាត់សារជាថ្មី ហាហថាម៉េចហៅឈ្មោះខ្ញុំម្នាក់ទៀតហើយ ស្គាល់ខ្ញុំច្បាស់ម៉្លេះ កុំប្រាប់ណាថាជាកញ្ចនាណា? (នាងក៏តប) ហ្នឹងហើយមានពីណាទៀត បងឯងនេះ ខ្ញុំក៏និយាយ អរគុណ!សម្រាប់ទឹកក្រូចមួយកំប៉ុងនេះ ផ្អែម តែផ្អែមនៅចាញ់ស្នេហាអ្នកទាំងពីរបន្តិច តោះអំបាញ់ខ្ញុំសួរណារាជពីរឿងលាក់ការសម្ងាត់នោះ ពេលនេះសុំសួរកញ្ចនាវិញម្តងជួយឆ្លើយបន្តិចមក ស្រលាញ់ណារាជដែរទេពេលដែលណារាជសុំស្រលាញ់បែបនេះ? (កញ្ចនាតប) ចា៎បង! មិនឲ្យឆ្លើយថាស្រលាញ់វិញម្តេចនឹងកើតទៅបង បើគាត់សម្តីផ្អែមបែបនេះ ស្មារបស់គាត់ក៏ពូកែទ្រាំឲ្យខ្ញុំផ្អែកណាស់ដែរ គាត់ថាតាមពិតទៅគាត់សារភាពដាក់ខ្ញុំមានវិធីបីយ៉ាងគឺប្រើកែវភ្នែកបន្ទាប់កាយវិការចុងក្រោយគឺនិយាយផ្ទាល់ត្រចៀកតែម្តង បើមិនឲ្យខ្ញុំលង់ស្រលាញ់គាត់ពេលនេះតើឲ្យស្រលាញ់ពេលណាវិញទៅ ឬរង់ចាំដល់មានអ្នកផ្សេងព្រមស្រលាញ់គាត់មុនខ្ញុំមែនទេ? បើបែបនោះពិតជាស្តាយស្លាប់ហើយ គាត់បានឆក់បានបេះដូងខ្ញុំហើយ តែខ្ញុំក៏បានចាក់សោរបេះដូងគាត់ ហើយបង្គាប់ចិត្តរបស់គាត់ឲ្យមកទើរត្រឹមចិត្តខ្ញុំដែរ និស្ស័យធ្វើឲ្យខ្ញុំបានជួបបុរសម្នាក់នេះ។ ស្តាប់បានប៉ុណ្ណឹងខ្ញុំក៏ងក់ក្បាលហើយបឺតទឹកក្រូចបន្ត ផឹកមិនទាន់ទាំងអស់ស្រួលបួលផង ក៏ភ្ញាក់ពីដំណេក ពិតជាដាច់ធម្មមេត្តាមែន យល់សប្តិ បានអីទុកឲ្យផឹកទឹកក្រូចឲ្យអស់មួយកំប៉ុងអីសិនអត់។ បន្ទាប់ពីសន្ទនាក្នុងយល់សប្តិប្រហែលមួយប្រាវជាមួយណារាជនិងកញ្ចនារួចមកខ្ញុំក៏ឡើងអង្គុយមួយស្របក់ហើយស្រវ៉ាបើកភ្លើងទាញរកសៀវភៅមួយក្បាលដែលទុកនៅលើក្បាលដេកកត់ត្រាត្រួសៗពីការសន្ទនានោះក្រែងព្រឹកឡើងភ្លេចព្រោះគិតថាសំខាន់ដែរសម្រាប់សរសេរអត្ថបទបង្រ្គប់ភាគទី៧....!!!។

ភាគបន្តមកដល់ឆាប់ៗនេះ....!!
ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

504379291940494704

Add a review