គ្រប់ពេលតែងប្រាប់ខ្លួនឯងថាតាំងចិត្ត

Not allow reviews

អត្ថបទ

     
     ប្រាប់ខ្លួនឯង ប្រាប់ហើយប្រាប់ទៀត នៅពេលផ្តោតធ្វើអ្វីមួយ ទោះលំបាកយ៉ាងណាក៏ត្រូវតាំងចិត្ត បរាជ័យច្រើនលើកច្រើនសារ កុំចុះចាញ់ធ្វើហើយធ្វើទៀត មិនខ្លាចចុះញ៉ម អ្វីដែលខ្លាចនោះ គឺចិត្តរបស់យើងឈប់តាំងចិត្ត ហើយចុះចាញ់វិញទេតើ។ ជាការពិតណាស់មនុស្សគ្រប់គ្នា មិនអាចសម្រេចធ្វើបានគ្រប់រឿងគ្រប់យ៉ាងនោះទេ មិនមែនមានវេទមន្តអាចជប់ឲ្យចេញនេះ ចេញនោះបានដោយមិនបានធ្វើទេ ការតាំងចិត្តវាមិនមែនសុទ្ធតែអាចសម្រេចបានលទ្ធផលទាំងអស់ទេ តែវាជាគ្រឿងជំរុញឲ្យយើងបន្តដំណើរទៅមុខមិនឈប់​ ហើយមិនបោះបង់កណ្តាលទី។ អ្នកបរាជ័យជាច្រើនដែលដេកដួលបោះបង់កណ្តាលទី ភាគច្រើនគឺជាមនុស្សដែលគ្មានការតាំងចិត្ត ឬមានការតាំងចិត្តតិចៗលំៗ ឬក៏ជាការតាំងចិត្តដែលឆួលតែមួយឆាវៗតាមអារម្មណ៍ ចង់នេះធ្វើនេះ ដល់ពេលឃើញនោះក៏ធ្វើនោះ ១នាទីក្រោយក៏មិនធ្វើអ្វីទាំងអស់ ជាការតាំងចិត្តដែរ តែតាំងចិត្តមិនច្បាស់លាស់។
ធ្លាប់មានរឿងមួយដែលចាប់ខ្ញុំ ឲ្យចូលទៅប្រឡូកចូលក្នុងវិស័យបច្ចេកវិទ្យាហើយស្រលាញ់ ការសិក្សាលើចំណេះដឹងទាក់ទងនឹងវា ថ្ងៃមួយខ្ញុំបានដើរទៅឈរនៅក្រោយខ្នងបងប្រុសម្នាក់ ជាមិត្តរួមការងារជាមួយគ្នា ចំពេលដែលគាត់កំពុងធ្វើការទាក់ទងភាសាCodeឡើងក្រវេមក្រវាម ពេញអេក្រង់កុំព្យូទ័ររបស់គាត់ ហើយក៏និយាយទៅកាន់គាត់ទាំងភ្នែករបស់គាត់ឈ្ងោកជិតដល់កញ្ចក់កុំព្យទ័រទៅហើយ ហ៊ឺយ!ការងារបងCodeចឹងៗ ខ្ញុំមិនចេះទេឃើញCodeឡើងក្រវាមបែបហ្នឹង ខ្ញុំក្អួតឥឡូវហើយមិនចេះទេ។«គាត់ក៏តប»ចេះឬមិនចេះលើមនុស្សទេតើបើមិនតាំងចិត្តទេ គ្មានថ្ងៃអាចអានចេះអានភាសាCodeនេះដាច់ទេ។«ខ្ញុំក៏និយាយបន្ត»តែវាពិបាករៀនណាស់ អានយូរប៉ុនណាក៏អានមិនដាច់ដែរ។ «គាត់តប»តាំងចិត្ត តាំងចិត្ត យកពាក្យនេះទៅដាំទឹកផឹកទៅ អានដាច់ហើយ បើមិនចេះពេលនេះ តែ៨០ឆ្នាំទៀតចេះហើយ។ ងាប់ហើយបង! ៨០ឆ្នាំទៀតខ្ញុំងាប់បាតហើយបងProgrammerអើយ។ គាត់ក៏គក់ស្មាខ្ញុំមួយដៃ ខ្ញុំស្រែកឡើង អ៊ូយ!ឈឺណាស់បង ម្តេចក៏គក់ខ្ញុំ? ចុកមិនស្ទើរទេ អ៊ូយ! ឈឺណាស់ លេងមួយដៃធ្ងន់តែម្តង។ «គាត់និយាយទាំងសើច»អាហ្នឹងហើយបើនៅឈឺ គឺមានន័យថាមិនទាន់ងាប់នៅឡើយទេ នៅមានឱកាសតាំងចិត្តធ្វើ ធ្វើទៅ តាំងចិត្តទៅ ចាំងាប់ថ្ងៃណាចាំគិតទៀត គ្មានអ្នកណាកើតមកចេះទេ។ ភ្លឺភ្នែកចែស មកដល់កន្លែងតុអង្គុយវិញបើកកុំព្យទ័រ ហើយសាកបើកអានCodeដែរមើល៎ ទោះអានហើយត្រូវក្អួតក៏តាំងចិត្តអានដែរ ពិតមែនពិបាកណាស់ម្ចាស់ថ្លៃអើយ រៀននៅសាលាផ្នែកគ្រប់គ្រង ហើយឲ្យមករៀនភាសាCodeម្តេចអាចនឹងងាយនោះ ទ្រាំៗសិនទៅក្រែងអាចចេះ ក្រែងរស់ដល់៨០ឆ្នាំមែន។ ចាប់ពីពេលនោះមកក៏តាំងចិត្តរៀនអាន រហូតចាប់ចិត្ត លើការអានភាសាCodeបានខ្លះ ស្គាល់ បានHtml ស្គាល់ស្អីទៅជា<div>បើក </div>បិទអាចយល់Codeពណ៌។
      រហូតដល់ចាប់ស្គាល់Blogger រៀនរចនាវេបសាយ រៀនដាក់រូបភាព ក៏លេចចេញជាគេហទំព័រមួយ ដែលមិនចំណាយលុយសូម្បីតែមួយសេន គឺជាការឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនហ្គូហ្គល ព្រោះអ្នកគ្រប់គ្នាអាចសរសេរប្លក់បាន ដោយមិនបាច់ចំណាយលុយនោះទេ ក្រុមហ៊ុននេះបើកឱកាសឲ្យអ្នកណាដែលចង់ចែករំលែកចំណេះដឹង ជាការផ្តល់ជូនដោយមិនគិតថ្លៃនោះទេ ពេលនេះគេហទំព័រដែលសាមញ្ញមួយបានកើតចេញជារូបរាងហើយ ដើម្បីចែករំលែកអត្ថបទ នោះគឺ camnovel.blogspot.com
អរគុណដែលចូលមកអានអត្ថបទនានាលើគេហទំព័រ១នេះ ក៏ដូចជាការចូលរួមផ្តល់មតិទាំងអស់ផងដែរ រៀនពីគ្នាទៅវិញទៅមកដោយក្តីរីករាយ៕
@កវីសន្សើមត្រជាក់

Similar Products

9127905236292246385

Add a review