ស្លាបអារម្មណ៍

Not allow reviews

អត្ថបទ

ស្លាបអារម្មណ៍ទទឹកដោយទឹកភ្លៀង
      អារម្មណ៍ហោះហើរ មានស្លាបដូចបក្សា ត្រាច់ចរកណ្តាលវេហា ប្រណាំងកម្លាំងខ្យល់ ហោះទើរទៅដល់បង្អួច នៃបន្ទប់នារីសោភារូបស្រស់បវរម្នាក់។ នាងភ្ញាក់ផ្អើល នៅពេលដែលងាកក្រឡេក ទៅផ្នែកម្ខាងនៃបង្អួច សម្លឹងយ៉ាងចម្លែក សំដៅមកចំអារម្មណ៍ដែលឯកាមួយនេះ។ ហើយក៏សួរថា ឱ! ម្ចាស់នៃអារម្មណ៍ដែលដុះស្លាប ម្តេចឡើយក៏មកទំទើរ លើបង្អួចបន្ទប់ខ្ញុំ? ចំពេលយប់ស្ងាត់ត្រជាក់បែបនេះ? មកទីនេះតើមានបំណងអ្វី?
ចម្លើយឆ្លើយតបទៅវិញថា ដោយសារស្លាបខ្ញុំទទឹកជោគ ទៅដោយតំណក់ទឹកភ្លៀង ភ្លៀងបង្អុរខ្លាំងៗ មួយមេធំមុននេះ ណាមួយខ្យល់ក៏បក់ខ្លាំងទៀត ខ្ញុំហោះទៅមុខមិនរួច ខ្យល់ក៏នាំខ្ញុំឲ្យមកដល់ទីនេះ។ ខ្ញុំមិនមានបំណងណា មកដើម្បីឲ្យអ្នកនាងភ័យនោះឡើយ មេត្តាប្រណី អភ័យផង ប្រោសអនុញ្ញាត្តិឲ្យខ្ញុំ សម្រាកស្នាក់អាស្រ័យ១រាត្រី ចាត់ទុកថាជា ឆ្មាំយាមមាត់បង្អួចបន្ទប់អ្នកនាងក៏បាន។ ព្រោះខ្ញុំពិតជាពិបាកហោះ បន្តដំណើរទៅមុខបានពិតមែន។
→ជាអារម្មណ៍នៃសម្តីព្រានទេតើ មកអើតឡឺមហើយ នៅឆ្លៀតថាស្នាក់ត្រឹម១រាត្រី ហើយក៏ចាកចេញទៅមែនទេ?
→បើអ្នកនាងនៅតែមិនប្រណី ខ្ញុំអាចសម្រេចចិត្ត ហោះចេញដំណើរទៀតក៏បានដែរ ដ្បិតខ្ញុំកំសត់បន្តិចពិតមែន តែកំសត់មិនទាន់ស្លាប់ទេ កំសត់នៃដង្ហើមដ៏ចង្អៀត ក្នុងទ្វីបលោកដ៏ធំល្វឹងល្វើយ អរគុណដែលអ្នកនាងអនុញ្ញាត្តិឲ្យខ្ញុំ បានឈរនៅលើបង្អួចនេះ បានប៉ុន្មាននាទី។
→ព្រះអើយ! គេមានរបួសពិតមែន ឈាមនៃស្លាបរបស់គេកំពុងស្រក់ហើយ ដាបមាត់បង្អួចហើយ។
នែ៎ លោកអារម្មណ៍ឈប់សិន មកក្បែរខ្ញុំបន្តិចមក ខ្ញុំជួយរុំរបួសឲ្យ ខ្ញុំមិនចេះឃើញគេវេទនាហើយមិនជួយទេ។ (រុំរបួសបណ្តើរនិយាយបណ្តើរ) បង្អួចទីនេះ បើកទទួលតែអារម្មណ៍ដែលស្មោះ បើសម្រេចចិត្តថាស្ម័គ្រចិត្ត ជាឆ្មាំទៅហើយ គឺឆ្មាំរហូត មិនឲ្យបង្ហួសចេញទៅវិញទេ។
→ឱអ្នកនាងអើយ ខ្ញុំត្រឹមជាអារម្មណ៍ ដែលតែលតោល គ្មានទីពំនឹង អ្នកនាងអាចឲ្យក្បែរ ការពារខ្លាចក្រែងមិនគាប់ចិន្តា។
→មិនដឹងទេ កែវភ្នែកនិស្ស័យប្រាប់ចម្លើយមកថា លោកជាអារម្មណ៍ដែលគួរឲ្យទុកចិត្តបាន។ កំដរខ្ញុំរហូតណា កំដរខ្ញុំគយគន់ដួងខែរៀងរាល់រាត្រី តាមមាត់បង្អួចនេះ៕
ដកស្រង់ពីប្រលោមលោកថ្មីមួយ ដែលមិនមានចំណងជើង ហើយក៏សរសេរមិនទាន់ចប់ ទើបចាប់ផ្តើមសរសេរ មកដល់ឆាប់ៗនេះ!!!
@កវីសន្សើមត្រជាក់

Similar Products

2475349025180878576

Add a review