ចាប់ផ្តើមជាថ្មីក្នុងរង្វង់365ថ្ងៃ

Not allow reviews

អត្ថបទ

      2019ធាក់តំណែង2018 ឆ្នាំចាស់ផ្លាស់ប្តូរដោយឆ្នាំថ្មី ជម្រុះទម្លាក់សម្ពាយអតីតកាលអាក្រក់ៗចោលឲ្យអស់ ទោះជាសម្ពាយឥតបានការកាលពីឆ្នាំមុន ឬជាសម្ពាយដែលឥតបានការថ្មីៗ កាលពីម្សិលម៉្ងៃក៏ដោយ។​ ក្រោកឡើងចាប់ផ្តើមចេញច្បាំង ឈប់ស្លាប់ចិត្តទៀតទៅ បណ្តុះចិត្តឲ្យដុះជានិច្ច ចិត្តដែលចាញ់នៅវេលាមុនៗ ចាត់ទុកជាចិត្តដែលចោលម្សៀត ចោលម្សៀតដែលបង្រៀនយើងឲ្យចេះក្រោកតស៊ូ មិនដេកស្ងៀមទៀត។ ប្រើកម្មវិធីFormatលុបចោលឲ្យខ្ទេច រួចដំឡើងAnti Virusមួយទៀត ការពារកុំឲ្យមានការវាយលុកជាថ្មីម្តងទៀត។ 2019ឆ្នាំនេះផ្តើមដាក់ផែនការថ្មី បន្តអនុវត្តន៍តទៀត ហើយចាំមើលលទ្ធផល នៅចុងឆ្នាំ តើសម្រេចបានប៉ុនណា ។ គួរកោតសរសើរខ្លួនឯងទៅវិញទេ ដែលអាចឆ្លងកាត់ដំណើរជីវិត បានដោយលំបាក។ សាកគិតមើលទម្រាំបានឆ្លងកាត់រួច ភាពលំបាកទាំងនោះ តើយើងត្រូវទទួលរងភាពស្មុគស្មាញយ៉ាងណាខ្លះ? មានគេសើច មានគេពេបជ្រាយ មានគេចោទបែបនេះ និយាយវាយតម្លៃបែបនោះ។ ទ្រាំទៅ បើគេថាអីក៏ថាទៅ មាត់គេ ចិត្តគេ យើងមានមោទកភាពនិងសំណាងណាស់ ដែលជីវិតយើងអាចគេមកជួយឈឺឆ្អាលថែមទៀត។
ស៊ឺម៉ាអុីក្នុងរឿងសាមកុកនិយាយថា «ខ្ញុំប្រើដាវតែ១ដងតែដាវខ្ញុំសំលៀង១០ឆ្នាំមកហើយ» បើអញ្ចឹងកុំចាញ់ស៊ឺម៉ាអុី ដាវដែលយើងសំលៀងក្នុងឆ្នាំមុន ល្មមមុតហើយ តោះយកចេញមកប្រយុទ្ធ ទុកយូរក្រែងច្រែះចាប់ ដុះស្នឹមលែងមុត គឺយកគំនិតដែលយើងបានរៀនពីមុនៗ យកមកប្រើ សមស្របនឹងការប្រមូលផ្តុំ ចំណេះ ជំនាញ ជំនឿ និងសកម្មភាព។ បើចេះហើយមិនចេញជាសកម្មភាព គឺស្មើតែដាវដែលមុត មិនយកមកប្រើ។ ជីវិតនៃការរស់នៅសព្វថ្ងៃពិតជាទាមទារ ឲ្យយើងប្រឹងឈ្មុសឈ្មុលសម្បើមណាស់ មិនមែនប្រឹងលេងៗទេ ជាបណ្តុំនៃការបត់បែន ពេលខ្លះត្រូវធ្វើឆ្កួត ធ្វើជា​ ធ្វើល្ងង់ ធ្វើចេះ ធ្វើដឹង ឬអាចធ្វើដឹងផងលាយឡំដោយឆោតម្តងម្កាលផងក៏មាន បត់បែនគ្រប់កាលៈទេសៈ។ ដើម្បីបត់ឲ្យទាន់របត់ជីវិត ផ្គាប់ចិត្តស្ថានការណ៍ សឹងរហូតពេលខ្លះត្រូវបំលែងខ្លួន ឲ្យទៅជាមនុស្សដែលគេស្អប់បំផុត។ អ្នកណាស្អប់អីក៏ស្អប់ទៅ សំខាន់ខ្លួនយើងកុំស្អប់ខ្លួនឯង។ លើកទឹកចិត្តខ្លួនឯង លួងលោមខ្លួនឯងគ្រប់ពេលដែលបាក់ទឹកចិត្ត តាមជីករកឲ្យឃើញថា បាក់ទឹកចិត្តដោយសារអ្វី អាចរកមិនងាយឃើញ ពីមូលហេតុនៃការបាក់ទឹកចិត្ត តែក៏មិនមែនមានន័យថារកមិនឃើញឯណា។
ឆ្នាំនេះមិនដូចឆ្នាំមុន ឆ្នាំនេះគំនិតរីកធំ អាយុកើនបាន១ឆ្នាំទៀតហើយ។ រង់ចាំ៣៦៥ថ្ងៃក្រោយ តើថាជីវិតយើងនឹងដើរជួប នូវរឿងរ៉ាវអ្វីខ្លះ ដែលអាចកើតឡើងនោះ។ បើអាចទាយដឹងទុកមុនបាន ប្រាកដជាដើរគេចជៀស មិនឲ្យជួបរឿងអាក្រក់ៗនោះទេ តែសុទ្ធតែមិនអាចស្មាន ឬកំណត់ទុកមុនបានឡើយ។ ដូច្នេះមានតែដើរទៅមុខ បើបានជួបបញ្ហាពេលណា គឺត្រូវប្រឈមមុខដោះស្រាយ មិនថារឿងធំ ឬរឿងតូច តតាំងទាំងអស់ ចាញ់ឬឈ្នះកុំទាន់អាលគិត សំខាន់យើងបានដាក់ចិត្តចូលសមរភូមិប្រយុទ្ធនៃបញ្ហាទាំងនោះសិន បើចាញ់ក៏ចាញ់ដោយអស់ចិត្តដែរ មិនមែនដេកនៅសម្ងំស្ងៀមមិនកម្រើក ហើយលើកទង់សសុំចុះចាញ់មុនទេ៕
កវីសន្សើមត្រជាក់

Similar Products

7460213442577152883

Add a review