ថ្នាំកម្លាំងចិត្ត

Not allow reviews

អត្ថបទ



     នរណាដែលមិនធ្លាប់បាក់ទឹកចិត្ត? នរណាដែលថាមិនធ្លាប់ជួបវិបត្តិ? ជួបទុក្ខសោក ជួបទឹកភ្នែក បាក់ទឹកចិត្តលែងចង់ធ្វើអ្វីៗ លែងមានកម្លាំងចង់បន្តដំណើរទៅមុខ មានទាំងពេលខ្លះរហូតទាំងលែងចង់រស់ទៅទៀត។ រឿងរ៉ាវទាំងនោះមានច្រើនខុសៗគ្នា ស្នេហា ការសិក្សា គ្រួសារ ការងារ ជួបហើយក៏ទឹកភ្នែក ជួបហើយក៏ធ្វើឲ្យយំយែក។ វាជាដើមហេតុ ទាញឲ្យមានសម្រែកបេះដូងដែលរងំក្នុងចិត្ត។ ស្រែកសួរខ្លួនឯងថា ម្តេចក៏រឿងរ៉ាវទាំងនោះវាចេះតែបន្តមក ឥតស្រាកស្រាន្តបែបនេះ? បើសម្លឹងទៅកាន់ជីវិតដែលនៅជុំវិញខ្លួនយើង ហើយបើសិនជាអាច យើងគួរសួរសំណួរដដែលឬស្រដៀងនេះ ទៅកាន់មនុស្សនៅជុំវិញខ្លួនយើងវិញ អាចសួរថាធ្លាប់ខូចចិត្តដែរឬទេ? ធ្លាប់មានវិបត្តិដែរឬទេ? ហើយរង់ចាំស្តាប់ចម្លើយ ពីពួកគេទាំងអស់គ្នា។
វិបត្តិផ្លូវចិត្តមិនបានរើសអើងថា មិនទៅជួបអ្នកនេះមិនទៅជួបអ្នកនោះ វាមិនបានដើរគេចប្រកែកមិនចង់ស្គាល់បុគ្គលនេះបុគ្គលនោះឡើយ។ អត់គូក៏ចេះមានវិបត្តិ មានគូក៏ចេះមានវិបត្តិ មានគ្រួសារហើយក៏នៅតែមានវិបត្តិ។
     តើមានដែរទេថ្នាំកម្លាំងចិត្ត? ក្នុងវិស័យវេជ្ជសាស្រ្តខ្ញុំដឹងមិនច្បាស់ដែរ គ្រាន់តែធ្លាប់លឺថាមានថ្នាំប្រភេទនេះ តែខ្ញុំមិនដែលទៅសាកសួរទិញ ដើម្បីយកមកប្រើនៅឡើយទេ ព្រោះថ្នាំកម្លាំងចិត្តដែលត្រូវយកមកប្រើមុនដំបូងនោះ មិនមែនជាថ្នាំលេប ឬថ្នាំដាំទឹកផឹកនោះទេ តែវាជាថ្នាំប្រើចិត្តហើយបញ្រ្ជាបទៅតាមចិត្តដែលមានឈ្មោះថាថ្នាំកម្លាំងចិត្ត មានប្រសិទ្ធភាពគ្រាន់បើដែរ ទោះមិនអាចព្យាបាលឲ្យជាសះស្បើយ បានទាំងស្រុងក៏ដោយ តែវាជាជម្រើសដែលត្រូវតែប្រើថ្នាំកម្លាំងចិត្តទាំងនោះ។
ថ្នាំកម្លាំងចិត្តទាំងនោះមានដូចជា៖
→ ខ្លួនយើងផ្ទាល់ ចំណងយើងជាអ្នកចង ដូច្នេះស្រាយក៏ត្រូវផ្តើមពីខ្លួនយើងដែរ ព្យាយាមស្រាយចិត្ត។
→ មិនគិតច្រើនពីរឿងដែលធ្វើឲ្យកាន់តែឈឺ។
→ លុបមិនរំលឹកស្តាយអតីតកាលដែលមិនល្អ។
→ ក្បែរសង្គមមនុស្សដែលល្អៗ។
→ ១០០០០%ត្រូវរស់ មិនអន់ស្លាប់ដោយសាររឿងអត់ប្រយោជន៍។
→ ទោះបើទឹកភ្នែក ទោះវេទនាដល់ដំណាក់កាលយ៉ាប់​យ៉ឺនយ៉ាងណាក៏ដោយ ក៏ត្រូវទទួលទានបាយទឹក គិតសុខភាព បើគ្មានដង្ហើមសុខភាព អ្វីៗក៏អ្នកមិនអាចមានជំហានទៅមុខដែរ។
→ កម្សាន្តចិត្តលំហែកាយខ្លះៗ មិននៅសំកុកតែកន្លែងទុក្ខសោកពេក បើថាមិនដឹងទៅទីណា យកពេលទៅអង្គុយនៅបណ្ណាល័យឬបណ្ណាគារអានសៀវភៅខ្លះ ហោចណាស់ក៏បានទទួលបានចំណេះដឹងមួយចំនួនដែរ។
→ ចូលចិត្តអីធ្វើនោះទៅ ឲ្យតែគិតថាមានប្រយោជន៍ហើយមិនប៉ះពាល់ដល់អ្នកណាម្នាក់។ ជីវិតរបស់យើងបំពេញចិត្តយើងកុំបំពេញចិត្តអ្នកដទៃពេក​ ចូលចិត្តកាហ្វេផឹកកាហ្វេ ចូលចិត្តចម្រៀងស្តាប់ចម្រៀង​ ចូលចិត្តកីឡាលេងកីឡា...។
=>ក្នុងន័យរឿងស្នេហាវិញអ្នកខ្លះនិយាយថា គេសំខាន់ណាស់គេជាដង្ហើមរបស់ខ្លួន បើបែបនោះមែន សំណួរផុសត្រដែតឡើងទៀតហើយ នឹងសួរថា មុនគេចូលមកដល់ជីវិតយើង តើយើងដកដង្ហើមដោយរបៀបណា? ក៏ឆ្លើយថាដកដង្ហើមធម្មតា តែពេលគេចូលមកដល់ ដកដង្ហើមស្រស់ថ្លា ហើយពេលគេចេញបាត់ទៅដកដង្ហើមតឹងណែន។ បើអញ្ជឹងនេះជាចម្លើយ ដែលសន្មតថា អ្នកកំពុងតែដេកដួល ក្នុងមនោសញ្ចេតនានៃការខូចចិត្ត និងវិបត្តិផ្លូវចិត្តនៅឡើយ ហើយក៏មិនទាន់រឹងប៉ឹង ក្រោកឈរបានផងដែរ។ កុំដេកដួលលើមនោសញ្ចេតនាទឹកភ្នែក យូរពេកអី។ ឈឺបាន ទឹកភ្នែកបាន តែកុំដេកស្លាប់ដោយសារទឹកភ្នែក។ បើគេជាដង្ហើមរបស់អ្នកដ៏សំខាន់លើសលប់យ៉ាងនេះ ដល់ថ្នាក់នេះ ត្រឹមតែគេបានចូលមកជីវិតរបស់អ្នកមួយរយៈ ក៏សំខាន់ដល់ម្លឹង។ ចុះឪពុកម្តាយរបស់អ្នក ដែលខំបង្កើត បីបាច់រក្សាតាំងពីតូចមកនោះ តើគាត់នៅកន្លែងណាក្នុងចិត្តរបស់អ្នក? គ្មានទេមែនទេ? គាត់បាត់មិនមានក្នុងចិត្តរបស់អ្នកទេមែនទេ? បើគាត់បានដឹងបែបនេះទឹកភ្នែករបស់ពួកគាត់ អាចទប់មិនស្រក់បានទេ? ពេលគាត់ដឹងថាកូនជាទីសំណព្វចិត្តរបស់គាត់ គ្មានទេរូបគាត់ក្នុងចិត្តប្រអប់បេះដូង គាត់អាចមិនមានវិបត្តិធ្លាក់ទឹកចិត្តទេឬ? សន្សំចិត្តល្អៗឲ្យបានច្រើន ជាមួយមនុស្សល្អៗ ដែលរស់នៅជុំវិញខ្លួនអ្នក។ សោកស្តាយអ្វីដែលបាត់បង់ បានត្រឹមតែជាជំងឺផ្លូវចិត្ត ដែលពិបាករកថ្នាំព្យាបាល។ មនុស្សដែលមានទឹកភ្នែក ក៏អាចផុសស្នាមញញឹម លើបបូរមាត់បានតើ។ តោះសាកល្បង ញញឹមសង្ឃឹមបន្តិចមើល ក្រែងអាចធូរចិត្តបានខ្លះ។
សង្ឃឹមថាអត្ថបទមួយនេះ អាចជាថ្នាំកម្លាំងចិត្ត១គ្រាប់ផងដែរទៅចុះ៕
អត្ថបទដោយកវីសន្សើមត្រជាក់

Similar Products

1655160313864147529

Add a review